ខេត្តសៀមរាប៖លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបង្ហាញមោទកភាពចំពោះខេត្តសៀមរាប ដែលទទួលបានចំណាត់លេខ១ រយៈពេល៤ឆ្នាំជាប់ៗគ្នា លើប្រតិបត្តិការទប់ស្កាត់និងប្រឆាំងអំពើជួញដូរមនុស្ស។ តែយ៉ាងណាក៏ដោយ លោកជំទាវនៅតែបន្តការអំពាវនាវ សូមប្រជាពលរដ្ឋគ្រប់រូប កុំចាញ់បោកការអូសទាញ បោកបញ្ឆោតពីមេខ្យល់ និងជនល្មើស ឲ្យធ្លាក់ចូលទៅក្នុងភាពរងគ្រោះ ដោយអំពើជួញដូរនិងកេងប្រវ័ញ្ចគ្រប់រូបភាព ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងមនុស្សគ្រប់វ័យតាមប្រព័ន្ធបច្ចេកវិទ្យា អ៊ិនធ័រណេត ការអូសទាញឆ្លងដែនដោយប្រថុយប្រថាន រកការងារ មុខរបរ ឬគូស្រករនៅក្រៅប្រទេស ការទាក់ទាញឲ្យជួលពពោះជំនួស ដើម្បីលក់ ទិញ ទារកនាំឆ្លងដែន និងការលក់ទិញ ឬដកហូតសរីរាង្គជាដើម។
លោកជំទាវបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព មិនអនុញ្ញាតឲ្យជនល្មើស ធ្វើការរំលោភបំពាន និងកេងប្រវ័ញ្ចលើមនុស្សផងគ្នា និងបង្កើតជាសម័យកាលនៃទាសភាពបែបថ្មីឡើងវិញនោះទេ និងសូមអំពាវនាវឲ្យមានការចូលរួមពេញទំហឹង ពីប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរ សមត្ថកិច្ច សង្គមស៊ីវិល និងវិស័យឯកជនទាំងអស់ ចូលរួមសហការ និងគាំទ្រឲ្យបានពេញទំហឹងក្នុងការបង្ការ បង្រ្កាប ផ្តន្ទាទោស សង្គ្រោះ និងការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជា គ្មានអំពើជួញដូរមនុស្ស។
លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៥ ឆ្នាំ២០២១ ក្រោមប្រធានបទ “សូមកុំយកកូវីដ-១៩ ជាឱកាសប្រព្រឹត្តអំពើជួញដូរមនុស្ស” នៅខេត្តសៀមរាប នៅព្រឹកមិញនេះ។
ក្នុងឱកាសនោះដែរ លោកទៀ សីហា អភិបាលខេត្ត ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានលើកឡើងដែរថា៖ អ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេង-ប្រវ័ញ្ចនិងជួញដូរមនុស្ស៕SRP



ខេត្តសៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូនទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការ ដែលបានគ្រោងទុក។ សម្តេច ក៏បានលើកផងដែរថា ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួចត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា និងត្រូវឲ្យក្រុមការងារបច្ចេកទេសនៃកងវិស្វកម្ម ចុះធ្វើការត្រួតពិនិត្យឡើងវិញ រាល់ការក្រាលម៉ាតនៅតាមចិញ្ចើមផ្លូវ ដែលមានការខ្វះចន្លោះបច្ចេកទេស ព្រមទាំងធ្វើការសម្អាត ឲ្យបានមុនពេលការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខនេះ។
ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី មិនបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះទេ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈទំព័រផេកហ្វេសប៊ុកបានសរសេរថា «ហត់នឹងឆ្លើយ! ចឹងសុំប្រាប់តែម្តង ហ្វីណង់នេះអត់អីទេ ហើយក៏អត់មានអីពាក់ព័ន្ធនឹងលោក ហ្វីណង់ ទឹង ដែរ!»។