ខេត្ដព្រះវិហារ៖សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារបានឃាត់ខ្លួនបុរសជាប្ដីក្រោយបើកការស៊ើបអង្កេតរកឃើញថាសម្លាប់ប្រពន្ធរបស់ខ្លួនប៉ុន្តែបង្វែរជារឿងប្រពន្ធធ្វើអត្ដឃាតដោយខ្លួនឯង។
ការឃាត់ធ្វើឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ក្រោយការបើកស៊ើបអង្គេត ដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
សមត្ថកិច្ចខេត្តបានឲ្យដឹងថា ស្ត្រីជនរងគ្រោះដែលត្រូវបានប្ដីរបស់ខ្លួនសម្លាប់ ឈ្មោះយ៉ុង សុីធឿង ជាមេតុងទីនបានចងកសម្លាប់ខ្លួនឯង ។
សមត្ថកិច្ចខេត្តព្រះវិហារបន្តថាក្រោយពីបានចុះពិនិត្យដល់ទីតាំងកើតហេតុ ប្រមូលបានវត្ថុតាងមួយចំនួននៅផ្ទះជនរងគ្រោះ និងបានស្តាប់ចម្លើយសាក្សី ព្រមទាំងស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរមន្ត្រីរាជការ មានស្រុកកំណើតនៅសង្កាត់លេខ ៥ ក្រុងភ្នំពេញ បច្ចុប្បន្ននៅភូមិស្រះឈូក សង្កាត់កំពង់ ប្រណាក ក្រុងព្រះវិហារ។
ដែលត្រូវជាប្តីរបស់ស្រ្តីជនរងគ្រោះ តំណាងអយ្យការបានរកឃើញតម្រុយពិរុទ្ធភាព និងសម្រចបើកការស៊ើបសួរទៅលើជនសង្ស័យខាងលើពីបទឃាតកម្មគិតទុកជាមុន និងសន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត តាមបញ្ញតិ្តមាត្រា២០០ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថាហេតុការណ៍ឃាតកម្មនេះបានកើតឡើងកាលរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២១ ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងខេត្តព្រះវិហារ៕SRP


