ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ស្រុក ឃុំ និងអង្គភាពនានា សូមចូលរួមឲ្យបានសកម្មថែមទៀត ក្នុងចលនាលែងកូនត្រី នៅគ្រប់ទីកន្លែងតាមមូលដ្ឋាន ដើម្បីឲ្យក្លាយជាប្រពៃណីលែងកូនត្រី ដូចជាប្រពៃណីផ្សេងៗទៀតដែរ ព្រោះសកម្មភាពនេះ បានរួមចំណែកការកើនឡើង នូវធនធានជលផល សម្រាប់ប្រជាពលរដ្ឋ យើងប្រើប្រាស់កាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។
លោកថ្លែងបែបនេះក្នុងពិធីលែងកូនត្រីពូជជាង១០ម៉ឺនក្បាល និងដាំកូនឈើ នៅសហគមន៍នេសាទអាងទឹកថ្មដាទឹកឆា ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងពិធី លោក អ៊ុន ចាន់ដា បានថ្លែងថា យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារ និងជំរុញការអភិវឌ្ឍន៍ ការអភិរក្សមច្ឆជាតិឲ្យមានចីរភាព ជាពិសេសជំរុញការអភិវឌ្ឍន៍មច្ឆជាតិ ក្នុងខេត្តកំពង់ចាម ឲ្យបានល្អប្រសើរ គឺយើងត្រូវអនុវត្តតាមពាក្យស្លោក “ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា”។
អភិបាលខេត្តបានបន្តថា នៅគ្រប់កាលៈទេសៈគ្រប់ទីកន្លែងទាំងអស់ យើងត្រូវចូលរួមទាំងអស់គ្នាដោយចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព គឺត្រូវផ្សារភ្ជាប់ទៅ នឹងការធ្វើអាជីវកម្មសមស្រប ហើយត្រូវគិតគូរផងដែរអំពីការអភិរក្ស ននិងការការពារធនធានជលផល។
លោកអ៊ុន ចាន់ដា ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង។ ហេីយត្រូវរៀបចំបង្កើតសហគមន៍ស្រះជម្រកត្រី ឲ្យបានច្រើនគ្រប់មូលដ្ឋាន ព្រោះនេះជាវិធីសាស្ត្រ មួយដែលធ្វើឲ្យត្រីសម្បូរឡើងវិញបាន និងត្រូវពង្រឹង សហគមន៍ នេសាទ ដែលបានបង្កើតរួចហើយ ដោយជម្រុញ ឲ្យមានកន្លែងអភិរក្សក្នុងសហគមន៍នីមួយៗ សម្រាប់ជាជម្រកត្រីមេពូជត្រីធ្វើការបន្តពូជ។ លេីសពីនោះត្រូវបន្តកិច្ចការពារកន្លែងអភិរក្សជលផល ដែលមានស្រាប់ និងបន្តការងារបង្ក្រាបបទល្មើស ជលផលជាប្រចាំ និងចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ការប្រើ សារធាតុពុលចាប់ត្រី ។ល។ ព្រមទាំងបំផុសឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំកូនឈើ ឲ្យបានច្រើននៅតាមមូលដ្ឋានផងដែរ៕SRP



ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែលគេស្គាល់ថា ជាអ្នកចម្រៀង ដ៏ល្បីឈ្មោះប្រចាំនៅកម្ពុជា និងក៏មានក្របខ័ណ្ឌជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក ( ស័ក្តិ៥ ) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សម្រេចកាត់ផ្ទៃដី ចំនួន៤ទីតាំង ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំហំសរុប ២៩ ៨១៤ម៉ែត្រក្រឡា ចេញពីផ្ទៃបឹងតាមោក « បឹងកប់ស្រូវ » ធ្វើអនុបយោគ ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រទានកម្ម ជូនជាកម្មសិទ្ធិ ដោយអនុក្រឹត្យលេខ ៧៥អនក្រ.បក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។