Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
អ្នកសារព័ត៌មានជើងចាស់ លោកពុយ គា៖ សូមអាជ្ញាធរមេត្តាពិនិត្យលើរូបភាពប្រទេសទាំងមូលពីពេលនេះរហូតទៅមុខទៀត
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២១

ខេត្តកំពង់ចាម​៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន បប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយសម្ភារ​ និង​ថវិកា​ ចូលរួមបុណ្យសព ស្ត្រីមេម៉ាយ ឈ្មោះអឿន រដ្ឋា អាយុ៣០ឆ្នាំ ដែលបានស្លាប់ក្នុង​ករណីអគ្គិភ័យ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម​ បន្សល់​ទុក​នៅ​កូនស្រីម្នាក់ អាយុ ៨ឆ្នាំ​ ឲ្យ​នៅ​កំព្រា​ផងដែរ​។

ការផ្ដល់អំណោយនៅព្រឹកមិញនេះតាមរយ:
លោក ស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា​កាកបាទក្រហម​ខេត្ត​។

លោក ស្រី ប៉ាង ដានីបានពាំនាំប្រសាសន៍ លោក អ៊ុន ចាន់ដា ប្រធានកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ ក្នុងក្តីអាណិតអាសូរ និង ការសោកស្តាយក្រៃលែង ចំពោះការបាត់បង់ កូន ចៅ និងម្តាយ ជាទីស្រឡាញ់ នេះ។

លោកស្រី បញ្ជាក់ថា ជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការនយោបាយ ប្រកាន់ពូជសាសន៍ ឬ សាសនា អ្វីឡើយ។

លោកស្រី ក៏បានផ្តាំផ្ផ្ញើ លោក ជឹម រឺន ជាជីតាបង្កើត អោយជួយមើលថែ ចៅស្រីកំព្រាកំសត់ម្នាក់នេះ អោយរស់នៅបានកក់់ក្តៅ ជួយផ្ចុងផ្តើមចៅស្រីបានសិក្សារៀនសូត្រជ្រៅជ្រះ ក្លាយជាពលរដ្ឋ មានអនាគតល្អ ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ។ ជាមួយនោះ លោក ស្រីបានអំពាវនាវ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ ដោយត្រូវ ថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាប្រចាំ ពិសេស ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ។

សូមជម្រាបថាសម្ភារ ដែលបានចូលរួមបុណ្យសពមាន៖ អង្ករ ១០០គក្រ, មី ៥កេស, ត្រីខ ៥យួរ , ទឹកក្រូច ៥កេស និងថវិកា ចំនួន ៥,០០០,០០០រៀល។

ដោយឡែក សាលាគណស្រុកនិង អនុសាខា ស្រុកចំការលើ ក៏បានផ្តល់ជូន អង្ករ ២២០គក្រ , មី ៤កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកសុទ្ធ ២០យួរ ,ឃីត ៧ ,សម្ភារៈផ្ទះបាយ និងថវិកា ចំនួន ២,០០០,០០០រៀល ផងដែរ។

គួរ​រំលឹក​ថា​ ករណី​គ្រោះអគ្គិភ័យនេះបានកើតមានឡើង កាលពី​វេលាម៉ោង​៦​ ព្រលប់​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ខណៈ​ស្ត្រី​រងគ្រោះ​ អឿន រដ្ឋា កំពុងបង្ហូរសាំងដាក់ស៊ីទែនក្នុងដី ស្រាប់តែ ចរន្តអគ្គិសនីបានឆ្លងពីដំបូល ជះអណ្តាតភ្លើង ឆាបឆេះស្ថានីយ៍ប្រេង ភ្លាមៗ ហើយឆេះរាលដល់ផ្ទះ ៣ខ្នង ក្បែរនោះ ទំហំ ៧ម × ៩ម ធ្វើពីឈើលើ ថ្មខាងក្រោមផងដែរ។
ក្រោយពេល​ជំលៀស​ជីដូន​ជរា​ម្នាក់​ចេញក្រៅរួចហើយ ស្ត្រី​រងគ្រោះ​ក៏ស្ទុះចូលទៅក្នុងផ្ទះម្តងទៀត ដើម្បីប្រមូលយកលុយនៅក្នុងទូ តែជាអកុសល ភ្លើងបានឆេះពេញបន្ទុក មិនអាចចេញក្រៅមករួច ក្មួយស្រី ក៏បានស្លាប់យ៉ាងអណោចអធ័មបំផុត បន្សល់ទុកកូនស្រីអោយនៅកំព្រាម្នាក់ឯង ។
ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី បានសម្តែងការសោកស្តាយ ជាមួយក្រុមគ្រួសារសព ចំពោះឧបទ្ទវហេតុដែលកើតឡើងស្មានមិនដល់នេះ ធ្វើអោយបាត់បង់​អាយុជីវិត​មនុស្ស​ និងលំនៅដ្ឋាន ព្រមទាំងទ្រព្យសម្បត្តិ លុយកាក់គ្មានសល់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល ១៨ខែកន្លងទៅនេះ កម្ពុជាបានរួមគ្នាប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានយ៉ាងល្អ ដែលយើងបានឆ្កងកាត់នូវព្រឹត្តិការណ៍មួយចំនួនដែលអាច គ្រប់គ្រងបានជាបន្តបន្ទាប់។ ពេលនេះយើងត្រូវអនុវត្តបន្តទៀត ព្រោះអាចនឹងមានការឆ្លងរលកទី៣ បើមិនមានចំណាត់ការទាន់ពេលវេលាទេ ពីព្រោះ ពេលនេះមានការរាតត្បាតថ្មីបង្កដោយមេរោគបំប្លែងខ្លួន «ដែលតា» ហើយមិនមែនតែករណីកម្ពុជានោះទេ គឺជាករណីព្រួយបារម្ភលើពិភពលោក ។

សម្ដេចតេជោបានបង្ហាញពីការដាក់ចេញវិធានការមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋជាង ៤០ម៉ឺនគ្រួសារ ត្រូវបានរាជរដ្ឋាភិបាលផ្គត់ផ្គង់ស្បៀងអាហារ អំឡុងពេលរាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់។ រាជរដ្ឋាភិបាលចំណាយមួយខែជាង ៤០លានដុល្លារ សម្រាប់ជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ បូកនឹងកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍។ យើងត្រូវជំរុញយកចិត្តទុកដាក់គ្រប់គ្រងលើការធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ហើយតម្រូវឱ្យធ្វើចត្តាឡីស័កនៅព្រំដែនទាំងអស់។ សម្តេចតេជោ បានថ្លែងថា មិនអាចនិយាយថាកម្ពុជា ចម្លងទៅថៃ ថៃចម្លងមកកម្ពុជា កម្ពុជាចម្លងទៅវៀតណាម វៀតណាមចម្លងមកកម្ពុជា ឬកម្ពុជាចម្លងទៅឡាវ ឬឡាវចម្លងមកកម្ពុជាបាននោះឡើយ។ ពេលនេះមិនមែនជាពេលទម្លាក់កំហុសដាក់គ្នានោះឡើយ គឺជាពេលពង្រឹងកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងជំងឺ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ បាន ណែនាំឱ្យបញ្ចេញតេស្តរហ័ស ក៏ដូចជាបរិក្ខាផ្សេងៗទៀត ឱ្យបានទាន់ពេលវេលាទៅតាមខេត្ត ហើយក្រសួងសុខាភិបាលត្រូវធ្វើការកែតម្រូវលើការងារមួយចំនួន មិនត្រូវបន្តការអភិរក្សនិយមទៀតនោះទេ។ យើងត្រូវផ្គត់ផ្គង់ឱ្យគ្រប់គ្រាន់សម្រាប់ការធ្វើចត្តាឡីស័ក ត្រូវពិនិត្យការសាងសង់បរិក្ខារផ្សេងៗនៅតាមមណ្ឌលធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធសាស្ត្របន្តទប់ស្កាត់ការនាំចូលនូវកូវីដបំប្លែងថ្មី (ដែលតា) កើតចេញពីឥណ្ឌា ដែលជាមេរោគគ្រោះថ្នាក់បំផុត។ ការទប់ស្កាត់នេះត្រូវអនុវត្តវិធានការ៥ រួមមាន៖ ពង្រឹងការគ្រប់គ្រងច្រកចេញចូលទាំងព្រំដែនគោក ទឹក និងផ្លូវអាកាស, ការធ្វើតេស្ត ពិសេសត្រូវធ្វើតេស្តរហ័សនៅតាមព្រំដែន, ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ពង្រឹង និងផ្គត់ផ្គង់មណ្ឌលចត្តាឡីស័ក ឱ្យបានគ្រប់គ្រាន់ ជាពិសេសខេត្តជាប់ព្រំដែនថៃ, ដាក់ព្យាបាលដាច់ដោយឡែកសម្រាប់អ្នកវិជ្ជមានមេរោគបំប្លែងថ្មី (ដែលតា) ហើយចត្តាឡីស័កត្រូវធ្វើដល់២១ថ្ងៃ និងពលករនៅប្រទេសថៃ មិនត្រូវបារម្ភទេ កម្ពុជា បានសហការជាមួយថៃរួចហើយ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញយុទ្ធសាស្ត្រខិតខំរកវិធីព្យាបាលអ្នកជំងឺ ហើយកាត់បន្ថយអ្នកស្លាប់ រហូតឈានទៅដល់គ្មានអ្នកស្លាប់។ ដោយអនុវត្តនូវវិធានការចំនួន៥ រួមមាន៖ ១-ស្វះស្វែងរកប្រភពថ្នាំដែលមានប្រសិទ្ធភាព ,២-តាមពិនិត្យមើលការផ្តល់ថ្នាំ ដែលមានការផ្តល់ខុសគ្នានៅតាមទីតាំងព្យាបាល ,៣- រៀបចំមន្ទីរពេទ្យបន្ថែមនៅតាមស្រុក និងបំពាក់សម្ភារៈឱ្យបានគ្រប់គ្រាន់នៅតាមពេទ្យខេត្ត និងស្រុក ជាពិសេសម៉ាស៊ីន ICU, ៤-ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម ដើម្បីចូលបម្រើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ៥-ត្រូវបញ្ជាទិញសម្ភារៈឱ្យបានឆាប់ និងការដាក់ឱ្យព្យាបាលនៅតាមផ្ទះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកឱកាសឱ្យក្រុមហ៊ុនឯកជន អាចប្រើឧបករណ៍តេស្តរហ័ស ដើម្បីតេស្តសុខភាពបុគ្គលិក។ ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួន ហើយបើចាំបាច់ត្រូវតេស្តបុគ្គលិករបស់ខ្លួនដោយខ្លួនឯង តាមឧបករណ៍តេស្តរហ័ស។ ហើយក្រុមគ្រូពេទ្យបង្ហាត់បង្រៀនពីការធ្វើតេស្តរហ័ស ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើតេស្តដោយខ្លួនឯង។ សម្តេចតេជោក៏បានប្រកាសដាក់ចេញយុទ្ធសាស្ត្ររុករក និងគ្រប់គ្រងដែរ ដែលយុទ្ធសាស្ត្រនេះ មានវិធានការរួមមាន៖ រៀបចំតំបន់យកសំណាក និងការយកសំណាកទៅពិនិត្យ, ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងខិតខំរកមេរោគបំប្លែងភេទថ្មី, ពង្រីកការធ្វើតេស្តរហ័ស, រៀបចំការធ្វើការចត្តាឡីស័កឱ្យបានត្រឹម រកឃើញហើយត្រូវទុកអ្នកជំងឺកន្លែងណា ព្យាបាលកន្លែងណា ឬឱ្យនៅព្យាបាលតាមផ្ទះ និងតាមដានដោយបច្ចេកវិទ្យាព័ត៌មាន។

នៅថ្ងៃនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យមានការរៀបចំទិញមឈួសសម្រាប់ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។ សម្តេចបានអោយឧត្តមសេនីយ៍ សៅ សុខា យកឈើរឹបអូសបានរៀបចំធ្វើក្តាមឈូស ហើយចំពោះមុខនេះ ក្រសួងសេដ្ឋកិច្ចបញ្ចេញថវិកាទិញក្តាមឈូសទុកសម្រាប់ប្រើប្រាស់ ពីព្រោះសម្តេចគិតថា ការរៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព។ ជាមួយគ្នានោះផងដែរ សម្តេចតេជោក៏បានណែនាំឱ្យមានការរៀបចំទិញកោដ្ឋិសម្រាប់ដាក់ធាតុជូនដល់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ ឱ្យបានត្រឹមត្រូវផងដែរ។ សម្តេចតេជោក៏បាន ប្រកាសដាក់ចេញយុទ្ធសាស្ត្ររៀបចំកប់ ឬបូជាសពអ្នកជំងឺកូវីដ១៩ ឱ្យបានល្អ តាមវិធានការ៤យ៉ាង៖ រៀបចំបច្ឆានៅកន្លែងមិនទាន់មានបច្ឆា, ប្រើបច្ឆាតាមវត្ត តែត្រូវធានាសុវត្ថិភាព ដោយធ្វើការជាមួយព្រះចៅអធិការវត្ត, រៀបចំដីសម្រាប់កប់សពតាមប្រពៃណីរបស់ជនជាតិភាគតិច និងខ្មែរ-ឥស្លាម និង រៀបចំផលិតក្តាមឈូសឱ្យបានត្រឹមត្រូវសម្រាប់យកទៅបូជា ឬកប់។

សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ចេញយុទ្ធសាស្ត្រទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានយ៉ាងហោចណាស់ចាក់ជូនប្រជាពលរដ្ឋឱ្យបាន១០លាននាក់ នៅជំហានដំបូង និងឈាងទៅដល់ក្មេងអាយុក្រោម ១៨ឆ្នាំផងដែរនាពេលខាងមុខ។  ទាក់ទងរឿងវ៉ាក់សាំងសម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងខែកក្កដា នេះ កម្ពុជាទទួលបានវ៉ាក់សាំងពីចិន ចំនួន ៥លានដូស ក្នុងនោះថ្ងៃទី៦ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស, ថ្ងៃទី១០ ខែកក្កដា ទទួលបានស៊ីណូហ្វាម ១លានដូស និងស៊ីណូវ៉ាក់ ៣លានដូស។ ពេលវ៉ាក់សាំងមកដល់ ត្រូវបែងចែកទៅតាមខេត្ត ហើយប្រមូលផ្តុំកម្លាំងសម្រុកចាក់តែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន១០៤គ្រួសារ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានទទួលអំណោយពីអង្គការគ្រួសារមួយនៃកម្ពុជា (One Family of Cambodia) ប្រចាំកម្ពុជា និង អង្គការ វ៉ន់ ហ្វាមមីលីអេដ អឺថែម (One Family At A Time ) ប្រចាំប្រទេសអូស្ត្រាលី ជាអង្គការដែលមានគោលដៅរួមក្នុងការ លើកកំពស់ស្ត្រី ដោយផ្តោតលើកម្មវិធីអភិវឌ្ឍនិងគំនិតផ្តួចផ្តើមដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ ស្រ្តីនិងក្មេងស្រីដើម្បីចាកផុតពីភាពក្រីក្រ។

ពិធីចែកអំណោយនេះ តាមរយៈ លោក សូ ពេញ មេភូមិចុងកៅស៊ូ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅសណ្ឋាគារ ប៉ារ៉ាឌីស អង្គរ វីឡា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមរបាយការណ៍បានឲ្យដឹងថា អំណោយដែលអង្គការគ្រួសារមួយនៃកម្ពុជា បានផ្ដល់ជូនពលរដ្ឋទាំង១០៤ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖.អង្ករ២៥គីឡូ/ មុង១/ ចានដែកជ័រ(ទំហំ៨តឹក)១/ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងសណ្ដែក១ដបមួយមុខ/ ត្រី៥កំប៉ុង/ មីម៉ាម៉ាកន្លះកេស/ ពងមាន់១០គ្រាប់/ សាប៊ូម្សៅ១គីឡូ / បន្លែ១កញ្ចប់(២ដុល្លារ)/ ដើមឈើ (ដើមខ្នុរ)១ដើម/ សាប៊ូដុំលាងដៃ១ដុំ។ ដោយម្ចាស់អំណោយដែលបានផ្ដល់ជូនពលរដ្ឋខាងលើ គឺ លោកស្រី ជេស៊ីកា (Jessica Aberling) និង លោករ៉ូបឺត (Robert Hurst)។

បើតាមរបាយការណ៍បានបញ្ជាក់ថាគោលបំណង នៃការចែកអំណោយ៖ ដោយក្តីស្រលាញ់ នឹករលឹកនិងបារម្ភ ពីម្ចាស់ជំនួយ និង សូមជូនពរ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាអោយជួបតែសេចក្តីសុខ ចៀសផុតនិងជំងឺកាចសាហាវទាំងពួង ជាពិសេស ជំងឺកូរីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កក្កដា ២០២១

ខេត្តកំពង់ឆ្នាំង៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល ខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន។

ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំងនៅ
ព្រឹកថ្ងៃទី១ ខែកក្កដានេះ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាពេលព្រឹកនេះមានការចូលរួមពី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ ជាច្រើនរូបទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២១

ខេត្តសៀមរាប៖ក្តាន់ញ៉ែងឬផ្ចងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង (ទម្ងន់ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។

នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបរណេអូ។

យោងតាមទិន្នន័យដែលទទួលបានពីម៉ាស៊ីថតស្វ័យប្រវត្តិរបស់ក្រុមការងារក្រសួងបរិស្ថាននាពេលថ្មីៗនេះ ក្តាន់ញ៉ែងបានបង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ក្តាន់ញ៉ែងស្ថិតនៅក្នុងក្រុមសត្វមានដោយបង្គួរ ហើយសត្វប្រភេទនេះងាយរងគ្រោះថ្នាក់ ដោយសារតែការបរបាញ់ ឬការបណ្តើរសត្វឆ្កែទាក់ចាប់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារសត្វព្រៃស៊ីសាច់ជាអាហារ។

លោកបានថ្លែងថា ក្តាន់ញ៉ែងតូចជាសត្វចូលចិត្តរស់នៅតែឯង និងជាគូនៅរដូវបន្តពូជ។ វាជាសត្វរាត្រីចរ។ ក្តាន់ញ៉ែងតូចជាចំណីរបស់សត្វត្រកូលខ្លាមានដូចជាខ្លាពពក ខ្លាលឿងមាស ខ្លាភ្ញីថ្មកែវជាដើម។

យោងតាមការសិក្សាមួយដឹកនាំដោយលោក Thomas E. Gray ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៨ ស្តីពីការគណនាដង់ស៊ីតេរបស់សត្វក្តាន់ញ៉ែងតូចនៅក្នុងឧទ្យានជាតិក្រវ៉ាញខាងត្បូងបានបង្ហាញថា ដង់ស៊ីតេរបស់វាមានជាមធ្យម ៨១ក្បាល (ចន្លោះពី ៥៧-៩៨) ក្នុងមួយគីឡូម៉ែតក្រឡា។ ហើយក្តាន់ញ៉ែងតូចធ្វើសកម្មភាពច្រើននៅចន្លោះពីម៉ោង ៥-៨ព្រឹក និងចន្លោះពីម៉ោង ៥-៧ល្ងាច។  ក្តាន់ញ៉ែងជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្នែង។ នៅលើដងខ្លួនពាសទៅដោយរោមពណ៌ត្នោត និងមានឆ្នូតស ៣ជួរនៅក្រោមក។ ជើងមានទំហំធំជាងម្រាមដៃមនុស្សពេញវ័យបន្តិច និងមានជើងក្រោយវែងជាងជើងមុខ។ ផ្នែកខាងក្រោមនៃដងខ្លួនមានពណ៌ស ឬព្រលែត។

ចំពោះជីវៈសាស្ត្រ សត្វក្តាន់ញ៉ែងជាសត្វរស់នៅតែឯកឯង លើកលែងតែក្នុងរដូវបន្តពូជ ទើបវារស់នៅជាគូ។ ជម្រកដ៏ល្អប្រសើរនៃសត្វនេះគឺចូលចិត្តរស់នៅតាមរន្ធឈើ ក្រហែងថ្ម វាអាចរស់នៅតាមព្រៃឈើញឹក ចង្អៀត ឬព្រៃឫស្សីដែលត្រជាក់ហើយងងឹត។ វាជាសត្វរាត្រីចរ ចំណីអាហាររបស់វាគឺពន្លករុក្ខជាតិ ត្រួយ ស្លឹកឈើ ផ្កា ផ្លែឈើ និងទំពាំងឫស្សី។ ជាធម្មតា សត្វនេះធ្វើចលនាលោតត្រឹកៗ ផ្លោះយ៉ាងរហ័សនៅពេលមានអាសន្ន តែក្រោយពីរត់បានបន្តិច តែងតែឈប់ញឹកញាប់ ហើយពិនិត្យមើលស្ថានភាពជុំវិញខ្លួនវា។ ក្នុងការទាក់ទងគ្នា ក្តាន់ញ៉ែងតូចតែងគោះជើងក្រោយលើដី ឬអង្គត់ឈើយ៉ាងរហ័សជាសញ្ញាសម្គាល់។ សត្វនេះមានសមត្ថភាពខ្ពស់ក្នុងការបង្កើតកូន ក្រោយពីបានពពោះរយៈពេល ១៥០-១៧០ថ្ងៃ បង្កើតកូនបានមួយ ជួនកាលអាចភ្លោះតែមានដោយកម្រ។

ទាក់ទងនឹងការអភិរក្សសត្វព្រៃ រដ្ឋលេខធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទោះបីជាក្តាន់ញ៉ែងស្ថិតក្នុងក្រុមប្រភេទសត្វដែលមានដោយបង្គួរក្នុងតំបន់ការពារធម្មជាតិ តែចាំបាច់ត្រូវតែបង្កើនការយកចិត្តទុកដាក់ការពារនិងអភិរក្សដូចប្រភេទសត្វផ្សេងៗទៀតដែរ។​ សត្វព្រៃជាសម្បត្តិធម្មជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសកម្ពុជា និងមានតម្លៃបំផុតសម្រាប់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី។

ក្រសួងបរិស្ថានបានរៀបចំនូវផែនការយុទ្ធសាស្ត្រផ្សេងៗដើម្បីការ ពារនិងអភិរក្សសត្វព្រៃនៅកម្ពុជាដោយផ្តោតសំខាន់លើការការពារព្រៃឈើដែលជាទីជម្រក កន្លែងចំណីអាហារ និងប្រភពទឹក ព្រោះកត្តាទាំងនេះសំខាន់ណាស់សម្រាប់ការរស់នៅរបស់សត្វព្រៃ។

លោកបានថ្លែងថាដោយសារតែការការពារ និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ សត្វព្រៃជាពិសេសប្រភេទកម្រខ្លះមានចំនួនកើនឡើង ប្រភេទមួយចំនួនមានចំនួនស្ថេរភាព និងប្រភេទសត្វខ្លះបន្តធ្លាក់ចុះដែលក្រសួងនិងស្ថាប័នពាក់ព័ន្ធ នឹងខិតខំបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២១

ខេត្តបន្ទាយមានជ័យ៖រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យគុណភាពផ្លូវវាង ក្រុងសិរីសោភ័ណ ឋិតនៅក្នុងគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-បន្ទាយមានជ័យ ដែល មានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាលទ្រូងផ្លូវ និងដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ជួយ ឱ្យអ្នកធ្វើដំណើរទទួលបានអារម្មណ៍ ស្រស់ស្រាយ។

ការចុះពិនិត្យ គុណភាពផ្លូវវាងក្រុង សិរីសោភ័ណ សង្កាត់ទឹកថ្លា ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី៣០ ខែមិថុនាព្រឹកមិញនេះ។

សូមជម្រាបជូនថា៖ គម្រោងសាងសង់ធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមានជ័យមានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានស្ទើរ តែ១០០%ហើយ។ កំណាត់ផ្លូវនេះត្រូវបានដាំលម្អដោយដើមត្របែកព្រៃនៅចំកណ្ដាល ទ្រូងផ្លូវ និងមានដាំដើមក្ងោកដ៏ស្រស់បំព្រងអមសងខាងផ្លូវ ដែលអាចជួយឱ្យអ្នកបើកបរ ក៏ដូចជាអ្នកធ្វើ ដំណើរតាមបណ្តាញផ្លូវនេះទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២១

ភ្នំពេញ៖លោកប្រាជ្ញ ចន្ទ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនានេះ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលសុំលាលែងពីតំណែង។

ការប្រកាសឲ្យចូលកាន់មុខតំណែងជាប្រធាន«គ.ជ.ប»ថ្មី នេះ​ ក្រោមវត្តមានរបស់សម្តេចចៅហ្វាវាំង  គង់  សំអុល  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជរាំង  និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថាព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ស៊ិក ប៊ុនហុក និងតែងតាំង លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការចេញព្រះរាជក្រឹត្យនេះ បានធ្វើឡើង បន្ទាប់ពីរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើ លោក ប្រាជ្ញ ចន្ទ នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ទៅតាម «ច្បាប់ ស្ដីពី ការរៀបចំ និងការ ប្រព្រឹត្ត ទៅ នៃគណៈកម្មាធិការជាតិ រៀប ចំការ បោះឆ្នោត»។ បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភាហើយនោះ លោក ប្រាជ្ញ ចន្ទ ក៏ត្រូវធ្វើស្បថចូលកាន់តំណែងផងដែរ។

លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប។

សូមបញ្ជាក់ថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព លោកស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៥ ក្រោយពេលការជាប់គាំងផ្នែកនយោបាយនៅកម្ពុជា ក្រោយការបោះឆ្នោតឆ្នាំ២០១៣៕SRP «លោកប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី»

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មិថុនា ២០២១

ខេត្តកំពង់ចាម៖កូនស្រីថៅកែលក់សាំងតេលាបានស្លាប់ខណៈចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ ករណីអគ្គិភ័យ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទី​ល្ងាច​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចការ៉ាស់លក់សាំងតេលា ១កន្លែង និងផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះនិងស្ថានីយលក់សាំងតេលា មានឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ។ ករណីនេះ បណ្តាលឲ្យស្លាប់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូន) ខណៈដែល ជនរងគ្រោះ ចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ​ ដោយសារឆ្លងចរន្តអគ្គិសនី ពេលបាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះ ដែលធ្វើឲ្យខូចខាត ផ្ទះសង់អំពីឈើ ប្រក់ក្បឿង​អស់​ ១ខ្នងទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ និង​ការ៉ាស់សាំង ១កន្លែង អស់ទាំងស្រុង ព្រមទាំង​រថយន្តម៉ាកលុចស៊ីស ៣៣០ ១គ្រឿង ម៉ូតូ​ ១គ្រឿង និងប្រាក់ចំនួនទៀត។

គូសបញ្ជាក់ដែរថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៨គ្រឿង រថយន្តស្រុកស្ទឹងត្រង់ ចំនួន ២គ្រឿង រថយន្តខេត្ត ៣គ្រឿង រថយន្តស្រុកព្រៃឈរ ១គ្រឿង រថយន្តស្រុកកំពង់សៀម ១គ្រឿង រថយន្តស្រុកចំការលើ ១គ្រឿង ប្រើប្រាស់អស់ទឹក៩ឡាន ទើបធ្វើការគ្រប់គ្រងស្ថានការណ៍នោះ ឲ្យរលត់ទាំងស្រុង ១០០% នៅវេលាមោង ៨និង៤០នាទី យប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី​២៩​ ខែមិថុនា​ ព្រឹកមិញនេះ​ បានប្រកាស់បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ នៅ​​៤៦ទីតាំង​។ ក្រុងកំពង់ចាម​ មាន៤​ទីតាំង​ ស្រុកកំពង់សៀម​ ៨​ទីតាំង​ ស្រុកព្រៃឈរ​ ១៥​ទីតាំង​ ស្រុកជើងព្រៃ​ ១៦​ទីតាំង​ និង​ស្រុកបាធាយ មាន ៣ទីតាំង​។

លោកអ៊ុន ចាន់ដា បានថ្លែងថា បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជំងឺកូវីដ-១៩។

លោកលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម​ ​ជាច្រើននាក់ បានឆ្លងជំងឺនេះជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ដោយបានផ្ដល់នូវវ៉ាក់សាំងបង្ការមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក ​មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បី ធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។

លោកមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នេះ ដើម្បី បញ្ឈប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត។

បើតាមលោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មានមន្ត្រីសុខាភិបាល និងពេទ្យស័្មគ្រចិត្តចំនួន ៧៦០នាក់ និងបែងចែកជា ៧៦ក្រុម។ កន្លងមក មន្ទីរសុខាភិបាល បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចំនួន ២លើក រួចមកហើយ ក្នុងនោះ លើកទី១ បានចំនួន ៥.៤២៧នាក់ និងលើកទី២ បានចំនួន ២២.៩១២នាក់ ដែលសរុបទាំង ២លើក បានចំនួន ២៨.៣៣៩នាក់។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ។ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨​ ដល់ម៉ោង ១១ នាពេលរសៀល ចាប់ពីម៉ោង១ដល់ម៉ោង៤ល្ងាច​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២១

ភ្នំពេញ៖ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោហ៊ុន សែន នឹងថ្លែងនៅសារពិសេស នៅវេលាម៉ោង០៣សៀល ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១នេះ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអញ្ជើញទូរទស្សនិកជន រង់ចាំតាមដានទស្សនា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២១

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាព បានឲ្យដឹងថាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រេចលទ្ធផលការងារបាន៦៣,៨៧%ហើយ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិ សរុបប្រមាណជាង ១៤៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះ ចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចហ៊ុន សែន។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន៖ ១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុមដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាលមាន និងសម្រេចការងារឱ្យបានទាន់ ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប ៣៥,៨៧៦គីឡូម៉ែត្រ ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ គីឡូម៉ែត្រ គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើកម្រាស់ ៥ ទៅ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុងសរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦ គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

សូមជម្រាបថានៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ម្សិលមិញ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងចុះពិនិត្យគុណភាព នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញ បច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ដើម្បីក្រើន រំលឹកឱ្យអង្គភាពសាងសង់ទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេសប្រកបដោយការទទួល ខុសត្រូវខ្ពស់ ដែលអាចធានាបានគុណភាពល្អ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខ្ជះខ្ជាយថវិកា ជាតិ និងខាតបង់ពេលវេលា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវជាក់ស្តែង លោកស៊ុន ចាន់ថុល បានច្រានចោលមតិរិះគន់នៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់សរសៃដែកតូច លួចគុណភាព មិនគោរពតាមស្តង់ដារបច្ចេកទេសសាងសង់ ក្នុងការចាក់ផ្លូវ បេតុង និងធ្វើឱ្យផ្លូវឆាប់ខូច។

រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការសាងសង់ផ្លូវទៅតាម ស្ថានភាពភូមិសាស្ត្រជាក់ស្តែង ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ពោលគឺ៖ ក្រសួងមិនចាំបាច់ធ្វើផ្លូវស្តង់ដារតែមួយទេ កន្លែងណាដែលមានទឹកច្រើន ដឹកធ្ងន់ យើងត្រូវចាក់បេតុង ដូចជាផ្លូវក្រវ៉ាត់ក្រុង សៀមរាប ជាដើម និងបានសម្តែងនូវសុទិដ្ឋិនិយមថា៖ គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះនឹងបញ្ចប់ តាមផែនការគ្រោងទុក។

រដ្ឋមន្ត្រី ក៏បានណែនាំឱ្យអង្គភាពសាងសង់ និងក្រុមការងារ ត្រួតពិនិត្យបច្ចេកទេសសាងសង់ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវរៀបចំសណ្តាប់ធ្នាប់កុំឱ្យកកស្ទះចរាចរណ៍ និងស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មិថុនា ២០២១

ខេត្តសៀមរាប៖នគរបាលសុខសង្កាត់ស្លក្រាម នៃស្នងការប៉ូលិសខេត្តសៀមរាប ចុះទៅដល់ទីតាំងផ្ទះឈ្មោះភា ដោយពិនិត្យឃើញថា ពុំមានការលេងល្បែងស៊ីសង (បាញ់អាប៉ោង) ដូចដែលសារព័ត៌មានបានចុះផ្សាយនោះទេ។

ការអះអាងនេះក្រោយ ប៉ុស្តិ៍ទូរទស្សន៍ CHR TV ONLINE បានចុះផ្សាយថា៖ ទីតាំងលេងល្បែងស៊ីសង(បាញ់អាប៉ោង) មួយកន្លែងដុះស្លែ ដោយមិនរំខានដល់សមត្ថកិច្ច នៅក្នុងផ្ទះឈ្មោះ ភា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកលេងល្បែងស៊ីសង (បាញ់អាប៉ោង) ជាច្រើនឆ្នាំមកហើយមិនដែលឃើញសមត្ថកិច្ចចុះបង្រ្កាប។

នគរបាលក្រុងសៀមរាប សូមធ្វើការអះអាង និងបញ្ជាក់ជូន សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អោយបានជ្រាបថាៈ ចំពោះការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ CHR TV ONLINE គឺមិនមានមូលដ្ឋានពិតប្រាកក្នុងការចុះផ្សាយនោះទេ ដោយការចុះផ្សាយនេះធ្វើឲ្យប៉ះពាល់ ដល់ភាពអសន្តិសុខសុវត្ថិភាព និងធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងខេត្តសៀមរាប ទាំងមូលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page374 Page375 Page376 … Page644 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAIAMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×