Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត
រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស
សន្តិសុខរបស់ក្រុមហ៊ុនហ្គ្រេតវ៉នឌើ អេហ្គ្រីខលឈើវ័ល ឌីវីទ្យុមមេន (ខេមបូឌា) លីមីតធីត ចំនួន៥នាក់ ត្រូវបានចាប់ខ្លួន
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៦

ក្រុមមន្ត្រីក្រសួងចុះពិនិត្យផ្លូវមួយខ្សែ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប

ខេត្តសៀមរាប៖គណកម្មាធិការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណម្មាធិការលទ្ធកម្ម នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ ប្រគល់ និងទទួលបញ្ចប់សុពលភាពផ្លូវក្រាលល្បាយក្រួស១ខ្សែ មានប្រវែងជាង ៥គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ ភ្ជាប់ពីភូមិតាគួយ ទៅភូមិដូនមៀវ ឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បន្ទាប់ពីបានស្ថាបនាស្ដារឡើងវិញ បានបញ្ចប់ជាស្ថាពរ។

ឯកឧត្តម អ៊ិន ចន្ថា បានមានប្រសាសន៍ថា ផ្លូវដីល្បាយគ្រួសមួយខ្សែនេះ មានប្រវែង ៥ ៣៩៦ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់២តឹក ស្ថាបនាលូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន២កន្លែង លូមូលមុខពីរចំនួន២កន្លែង លូមូលមុខមួយចំនួន៥កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ដែលផ្លូវនេះសាងសង់ស្ដារឡើងវិញ អនុវត្តដោយកងវិស្វកម្ម សម្តេចតេជោ ខេត្តសៀមរាប។

ឯកឧត្តម អ៊ិន ចន្ថា បានលើកឡើងថា ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការដឹកជញ្ជូនទំនិញ ដំណាំកសិកម្មគ្រប់ប្រភេទរបស់ប្រជាពលរដ្ឋនៅជនបទ ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន ពោលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ដែលស្ថិតនៅក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងតភ្ជាប់ប្រទាក់ក្រឡាគ្នាទៅកាន់តំបន់ផ្សេងៗដែលជាការខិតខំរបស់រាជរដ្ឋាភិបាល។ ការសាងសង់ផ្លូវនេះ ដោយសារអំណាចនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋរស់នៅក្រោមម្លប់សន្ដិភាព គឺត្រូវមានផ្លូវទឹកភ្លើង ដែលជាគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្រៅពីការប្រើប្រាស់ប្រចាំថ្ងៃ ក៏សូមឱ្យចូលរួមថែរក្សាផ្លូវនេះឱ្យប្រើប្រាស់បានយូរ ហាមដឹកជញ្ជូនទំនិញធ្ងន់លើសចំនួនកំណត់ដែលធ្វើឱ្យផ្លូវងាយខូច។

សូមជម្រាបថា ក្រោយពីសាងសង់រួចរាល់រាល់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើ បានសម្ដែងការសាទរ និងសប្បាយរីករាយ ព្រោះផ្លូវមួយខ្សែនេះ ជាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរប្រចាំថ្ងៃ។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានធ្វើផ្លូវដីគ្រួសល្បាយនេះឡើង សម្រាប់ឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដែលបានបង្ហាញថារាជរដ្ឋាភិបាល បានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថាទីក្រុង ឬជនបទឡើយ៕SRP

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 14K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២៦

តំណាងរាស្ត្រសៀមរាប ផ្ដល់អំណោយ ជូនពលរដ្ឋ ៣០០គ្រួសារ ក្នុងសង្កាត់ស្រង៉ែ

ខេត្តសៀមរាប៖ប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ រស់នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានទទួលអំណោយជាស្បៀងអាហារ និងថវិកាពីឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប និងលោកជំទាវ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ក្នុងនាមជាតំណាងរាស្ត្រម្នាក់ដែលបងប្អូនបានផ្ដល់សេចក្ដីទុកចិត្ត គឺឯកឧត្តមមិនដែលបំភ្លេចសុខទុក្ខរបស់បងប្អូនឡើយ គឺចង់បង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា និងតំណាងរាស្ត្រ តែងតែនៅក្បែរបងប្អូនជានិច្ច មិនថាបងប្អូនស្ថិតក្នុងស្ថានភាពបែបណានោះទេ។

ឯកឧត្តមមានប្រសាសន៍បន្តថា ទោះបីជាអំណោយដែលនាំមកចែកជូនបងប្អូននាថ្ងៃនេះ មានដូចជា អង្ករ សារុង និងថវិកា ដើម្បីជាការចែករំលែក និងដើម្បីជួយសម្រាលការលំបាករបស់បងប្អូនបានមួយគ្រា ជាពិសេសសម្រាប់ត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មីឱ្យបានសប្បាយរីករាយនៅក្នុងគ្រួសារនាថ្ងៃខាងមុខនេះ។

ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ បរិភោគស្អាត រស់នៅស្អាតព្រោះរដូវនេះជារដូវក្ដៅ ហើយត្រូវបង្កើនការបង្កបង្កើនផល និងខិតខំប្រកបរបរចិញ្ចឹមជីវិតដោយភាពអត់ធ្មត់ ហើយសូមចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសវាងល្បែងស៊ីសងផ្សេងៗ ក្នុងកំឡុងពេលបុណ្យចូលឆ្នាំ ដើម្បីសុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៦

តុលាការសម្រេចឃុំខ្លួន ស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​

ភ្នំពេញ៖ចៅក្រម​ស៊េីបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញដីកាបង្គាប់អោយឃុំខ្លួនស្ត្រីឈ្មោះ​ នី​ សម្បត្តិ​ ហៅ​ ម៉ែរក្សា​ ដាក់​ពន្ធនាគាររាជធានី(​ PJ )​ ពីបទ​ ញុះញង់បង្ករអោយមានភាព​វឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម​ និង​បទ​ជេរប្រមាថ​(នគរបាលជាតិ)​៕SRP

Like 197
Comment 0
Share ចែកចាយ
Views 27.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២៦

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈប្រព័ន្ធ Zoom

ខេត្តសៀមរាប៖លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុកទូទាំងខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” តាមរយៈប្រព័ន្ធonline Zoom ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា ច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បាននិងកិច្ចដំណើរការនៃការរៀបចំច្បាប់ស្តីពី“ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គនៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និងតាមសម័យប្រជុំពេញអង្គនៃរដ្ឋសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងសម័យប្រជុំពេញអង្គវិសាមញ្ញនៃព្រឹទ្ធសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៦។

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បង្ហាញថា ទិដ្ឋភាពជាក់ស្ដែងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាទម្រង់ថ្មីមួយនៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា៖ ការលួងលោមបែបមនោសញ្ចេតនា (Romance Scams or Pig Butchering) ការអូសទាញឱ្យប្រគល់នូវទ្រព្យការដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងជាការលក់ផលិតផល និងផ្តល់សេវាកម្មអនឡាញ។

ឯកឧត្តម កេង សុម៉ារិទ្ធ បន្តថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ៖ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា និងការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងភាពជោគជ័យនៃប្រតិបត្តិការប្រយុទ្ធប្រឆាំងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យអ្នកអនុវត្តច្បាប់យល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានការពាក់ព័ន្ធ ភាពច្បាស់លាស់នៃប្រតិបត្តិការ និងនីតិវិធីដែលត្រូវអនុវត្តតាមកិច្ចសហការរវាងក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 196
Comment 0
Share ចែកចាយ
Views 6.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២៦

ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់

ដោយអនុវត្តបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មបាញ់ប្រហារ នៅក្រុងខេមរភូមិន្ទ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣:៣៥ នៅចំនុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្ករឡើងដោយជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរនគរបាល បានប្រើប្រាស់អាវុធ AK (បាញ់៦គ្រាប់) ទៅលើជនរងគ្រោះ ចំនួន២នាក់ រួមមាន ១៖ ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ ២៖ ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរបួសធ្ងន់។ ក្រោយពីធ្វើសកម្មភាពរួច សង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើងដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦និង១០នាទី ជនសង្ស័យខាងលើបានចូលសារភាពកំហុសនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

ចម្លើយសារភាព កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០៣និង៣៥នាទី ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអាវុធម៉ាក AK បាញ់ទៅលើជនរងគ្រោះចំនួន០២នាក់ប្រាកដមែន មូលហេតុដោយសារតែក្រុមជនរងគ្រោះបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិតបុ័ងតោដេញកាប់រូបខ្លួន ទើបខ្លួនដកអាវុតចេញពីក្នុងកែបម៉ូតូធ្វើសកម្មភាពខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងធ្វើការសាកសួរ និងកសាងសំណុំតាមនីតិវិធី៕SRP

Like 197
Comment 0
Share ចែកចាយ
Views 53.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២៦

ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់

ខេត្តកំពង់ស្ពឺ​៖​សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ដោយទទួលបានបញ្ជាពី​លោ​កឧត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ ដឹកនាំដោយលោកវរសេនី​យ៍​ឯ​ក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគង​ពិ​សី​ បា​នធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង​ ឃាត់ខ្លួន​បក្ខពួកមុខស​ញ្ញា​.(អ្នក​ទទួ​ល​ផល​ចោរកម្ម) ទិញ​រថយន្ដដែលចោរបា​នលួចយ​ក​មកពីខេត្ដព្រៃវែង​ រថយន្ដ​ ម៉ាក​ Hy​undai ទម្ងន់​ ២,៥​តោន​ ដែលទទួ​លទិញពីជនល្មើស ក្នុងត​ម្លៃ ១៦​០០​ដុ​ល្លារ ហើយគាត់បានល​ក់បន្ត២​៣​០០ដុល្លារ​រ​ថយន្ដគ្មា​នឯក​សា​រច្បាប់ដេីម​ នៅចំណុ​ច​ភូ​មិអង្គរោង​ ឃុំម​ហាឬស្សី​ ស្រុកគ​ង​ពិ​សី​ ខេត្ដកំ​ពង់ស្ពឺ​ កាលពីថៃ្ងទី៤​ ខែមេសា​ ឆ្នាំ២០២៦​។

ក្នុងប្រតិបត្ដិការកំលាំងសមត្ថកិច្ចធ្វេីការឃាត់មុខ​សញ្ញាទទួលទិ​ញ​ផលចោរកម្ម(យោងតាមការច​ង្អុ​ល​ប​ង្ហាញពីមុខសញ្ញាដែលសម​ត្ថ​កិ​ច្ចដឹកមកជាមួយ)​ ដែល​មាន​ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ មុខរបរ​ ទិ​ញលក់រថយន្ដ​ដោះបំបែកគ្រឿងលក់​(​កាប់សាច់)​ ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវ​ប្រជាពល​រដ្ឋចំរុះរួមជាមួយអ្នកធ្វេីដំ​ណេី​រ​បាន​មកឈរមេីលផ្អេី​លឈួរឆរនិងបានធ្វេីសកម្មភាពឡោ​មព័ទ្ធ​រារាំងសមត្ថកិច្ច​ គោលបំណងរំដោះជ​នស​ង្ស័យមុខ​ស​ញ្ញាចោរកម្ម​ មិនអោយសមត្ថកិច្ចអនុវត្ដ។

ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបានចំនួន​ ៣នាក់
១-ឈ្មោះ​ កែវ​ ដារ៉ូ​ ភេទប្រុស​ អា​យុ​ ៣០ឆ្នាំ​ មុខរបរទិញលក់រថយន្ដ​ អ្នកទទួលផលចោរកម្ម
២-ឈ្មោះ​ ថាត​ តេងណេង​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ អ្នករារាំង
៣-ឈ្មោះ​ ហួន​ ង៉ែត​ ភេទប្រុស​ អាយុ​ ៥៦ឆ្នាំ​ អ្នករារាំង​

ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័​ទ្ធក្នុងគោលបំណងដេីម្បីការពាររា​រាំ​ងសមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខស​ញ្ញាទទួ​ល​ផ​លចោរកម្ម​ទិញរថយន្ដពីចោរ​ និងបក្ខពួក​។

បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់​ បានបញ្ជូនទៅកាន់ស្នង​ការដ្ឋាននគរបាលខេត្ដព្រៃវែង​ ដេីម្បីចំណាត់ការតាមនីតិវិធី​ច្បាប់៕SRP

Like 198
Comment 0
Share ចែកចាយ
Views 15.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២៦

នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា

នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាឱ្យក្រសួងស្ថាប័នជំនាញស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ហើយថា បើសិនជារកឃើញការពិតថា មានមន្ត្រី ឬជនណាហ៊ានលួចនាំចូលប្រេងពីថៃចូលកម្ពុជាមែន ត្រូវចាត់ការតាមផ្លូវច្បាប់ឱ្យតឹងរ៉ឹងបំផុត។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារដូច្នេះថា៖

ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។

ខ្ញុំបានចេញបទបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។

ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។

សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៦

ឃាត់ខ្លួនមេក្លោងធំម្នាក់ រួមនឹងបក្ខពួកសរុប៧នាក់ ក្នុងប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ

ខេត្តតាកែវ៖អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ វេលាម៉ោង១១និង៥០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគហរឿងញៀន បានបញ្ជាក់ថា ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើសបានធ្វើការតដៃជាមួយសមត្ថកិច្ច បង្កឲ្យសម្ថតកិច្ចរងគ្រោះចំនួន ២រូប បច្ចុប្បន្នកំពុងជញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ គូសបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំធ្វើការជួញដូរយ៉ាងសកម្ម ១នាក់ឈ្មោះ រាជ ។
*វត្ថុតាងចាប់យករួមមាន ៖
១-គ្រឿងញៀនមួយចំនួន
២-កាំភ្លើងខ្លី ចំនួន ០៣ដើម
​៣-គ្រាប់កាំភ្លើង មួយចំនួន
៤-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕SRP

Like 197
Comment 0
Share ចែកចាយ
Views 43.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៦

មនុស្សប្រុសស្រីចំនួន៣នាក់រួមដៃគ្នាប្លន់សម្លាប់

ខេត្តបាត់ដំបង៖មនុស្ស៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីប្លន់សម្លាប់។

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា មានករណីឃាតកម្ម ជនរងគ្រោះ ឈ្មោះប្រោញ គ្រិនភេទប្រុស អាយុ ៦៥ ឆ្នាំជាអ្នករស់ នៅភូមិដូនត្រឹក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលត្រូវបានប្រទះឃើញសពកាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២៦ នៅក្នុងប្រឡាយក្រុមទី ៣៦ ភូមិចំការសំរោង ២ សង្កាត់ចំការសំ​រោង ក្រុងបាត់ដំបង។

ជនសង្ស័យមានឈ្មោះ
១-ឈ្មោះសុវណ្ណ បញ្ញា ភេទស្រី អាយុ​២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
២-ឈ្មោះហ៊ាង បូរិទ្ធ ភេទប្រុស អាយុ​២៩ឆ្នាំមានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។
៣-ឈ្មោះកុល ណុន ភេទប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមការសាកសួររបស់ស​ម​ត្ថកិច្ចនគរបាលក្រុងបាត់ដំបង បាន​ឱ្យដឹងថា ឈ្មោះសុវណ្ណ បញ្ញា ភេទស្រី បានឆ្លើយថា ខ្លួននិងឈ្មោះ ហ៊ាង បូរឹទ្ធ បានរៀបគំរោងសម្លាប់ជនរង​គ្រោះ យកទ្រព្យសម្បត្តិ មានម៉ូតូម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ឆ្នាំ២​០២៦ ពាក់ផ្លាកលេខបាត់ដំបង 1AZ​-​6458 និងទូរស័ព្ទដៃ រួចយក សពជនរងគ្រោះទៅចោលនៅប្រឡាយមួយកន្លែង ក៏ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់រកឃើញវត្ថុតាងដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅ​ឡើយទេ ក្រៅតែពីម៉ូតូរបស់ជនសង័្ស​យចំនួន ០២គ្រឿងនិងទូរស័ព្ទ។

សូមជម្រាបថាជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៦ ដោយអនុវត្តតាមអនុវសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមមាស ចន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​នៃអយ្យការអមសាលាដំបូងខេត្តបាត់​ដំបង ក្រោមបញ្ជាដឹកនាំរបស់លោកឧត្ត​មសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿ​ង គឹមសុង ស្នងការរងផែនការងារនគរ​បាលព្រហ្មទ័ណ្ឌ ដឹកនាំកម្លាំងក្នុងផែនរួមសហការជាមួយសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង លោកវរសេ​នី​យ៍ឯក ពេជ្រ សារ៉ែន ជាអធិការនិងនគរបាលស្រុកសង្កែ ដែលមានលោកវរ​សេនីយ៍ទោ យុត តុងហូ ជាអធិការធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនមនុស្សចំនួន៣នាក់។

បច្ចុប្បន្នមនុស្សទាំងបីនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 199
Comment 0
Share ចែកចាយ
Views 14.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២៦

រដ្ឋាករទឹកស្វយ័តសៀមរាប ទទួលស្គាល់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាត មានបញ្ហាធុំក្លិនដី ក្លិនភក់ បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី

ខេត្តសៀមរាប៖រដ្ឋាករទឹកស្វយ័តសៀមរាប (រ.ស.ស) សូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ៖ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត សៀមរាប មានបញ្ហាធុំក្លិនដី ក្លិនភក់ ជាពិសេសស្ថិតនៅផ្នែកខាងកើតនៃស្ទឹងសៀមរាប ដែលការផ្គត់ផ្គង់ទឹក មានប្រភពចេញពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដោយប្រើប្រាស់ប្រភពទឹកពីបឹងទន្លេសាប។ បញ្ហាខាងលើនេះ ដោយសារបម្រែបម្រួល បណ្តាលមកពីប្រភពទឹកបឹងទន្លេសាបមានការប្រែប្រួលគុណភាពលឿនខុសប្រក្រតី អាកាសធាតុក្តៅខ្លាំង បណ្តាលឱ្យប្រភពទឹក គោករាក់ ភក់ ស្លែ និងពាំកើនឡើងខ្ពស់។ មូលហេតុទាំងអស់ នេះបណ្តាលឱ្យប្រព័ន្ធប្រព្រឹត្តិកម្មរោងចក្រទឹកស្អាតជ្រាវ មិនអាចដកក្លិនបានទាំងស្រុង។

ឆ្លើយតបទៅនឹងការ លើកឡើងរបស់អតិថិជន និងសាធារណជន រដ្ឋាករទឹកស្វយ័តសៀមរាប សូមធ្វើការជម្រាបជូនថា យើងបាន នឹងកំពុងមានវិធានការបន្ទាន់ក្នុងការស្តារ និងដោះស្រាយបញ្ហាទាំងអស់នេះឱ្យបានឆាប់បំផុត។

ទន្ទឹមនឹងនេះ រដ្ឋាករទឹកស្វយ័តសៀមរាប សូមបញ្ជាក់ផងដែរថា បញ្ហាក្លិនដែលកំពុងជួបប្រទះ បច្ចុប្បន្នមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។ សម្រាប់ព័ត៌មានបន្ថែម៖ សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖(៨៥៥) ៦៣ ៩៦៣ ៣៩៥។

អាស្រ័យហេតុនេះសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាយោគយល់ អធ្យាស្រ័យ និងជ្រាបជាព័ត៌មាន។ រដ្ឋាករទឹកស្វយ័តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមមតិយោបល់ ការ ផ្តល់ព័ត៌មាន និងការសហការនាពេលកន្លងមក៕SRP

Like 200
Comment 0
Share ចែកចាយ
Views 17.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៦

អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលថ្មម៉ិច ប្រវែង ១២,០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ និងស្លាកសញ្ញាគម្រោង២កន្លែង ស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយប្រើប្រាស់មូលនិធិឃុំភ្នំសំពៅ ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរឃុំ ត្រូវទប់ស្កាត់ការសង់សំណង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចៀសវាងប៉ះពាល់ដល់សណ្តាប់ធ្នាប់លើដងផ្លូវ។

ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល មិនត្រូវជ្រួលច្របល់ ឬទិញប្រេងឥន្ធនៈស្តុកទុកនៅផ្ទះនោះទេ អាចបង្កហានិភ័យផ្សេងៗ ហើយបច្ចុប្បន្នកម្ពុជានៅអាចនាំប្រេងចូលជាបន្តបន្ទាប់ ខណៈពេលពិភពលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិប្រេង ដែលនេះមិនមែនប៉ះពាល់នៅតែកម្ពុជានោះទេ នេះជាបញ្ហាសកល។

ឯកឧត្តម ក៏បានក្រើនរំលឹកចំពោះបងប្អូនឱ្យយកចិត្តដាក់ថែរក្សាសុខភាព ខណៈពេលកើនឡើងកម្តៅ នារដូវក្តៅនេះ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរក្នុងឃុំទាំង៨ នៃស្រុកបាណន់ ត្រូវបន្តអប់រំ ណែនាំដល់ប្រជាពលរដ្ឋឱ្យចេះថែរក្សាអនាម័យបរិស្ថាន ចៀសវាងការដុតសំរាម និងដុតជញ្ជ្រាំងជាដើម ដោយរក្សាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមដាំដើមឈើឱ្យបានច្រើនតាមលំនៅឋានទាំងអស់គ្នា។

ឯកឧត្តម សុខ លូ លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមរាយការណ៍ចំពោះករណីគ្រឿងញៀនដែលកើតឡើងតាមមូលដ្ឋាន តាមកម្មវិធីទូរសព្ទដៃ «App NoDrug» ដែលជាមធ្យោបាយលឿនឆាប់រហ័ស សុវត្ថិភាព និងរក្សាការសម្ងាត់១០០% ចំពោះអ្នករាយការណ៍ ហើយមានប្រសិទ្ធភាពក្នុងការបង្ក្រាប៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៦

ទីបំផុត ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាព ថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស៥នាក់»

តាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ត្រឹមវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៦។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណ ជនបានជ្រាបថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥ និង៤៥នាទីរសៀលថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់ នោះហើយ។

ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ៕SRP

Like 198
Comment 0
Share ចែកចាយ
Views 11.6K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page662 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង រដ្ឋបាលព្រៃឈើបង្ក្រាបទីតាំងរោងសិប្បកម្មកែច្បៃព្រៃឈើមួយកន្លែង ចុះផ្សាយថ្ងៃទី ២៧ មេសា ២០២៦
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ នាំយកអំណោយឧបត្ថម្ភដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចុះផ្សាយថ្ងៃទី ២៧ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×