ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ
ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានណែនាំឱ្យរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចិញ្ចើមផ្លូវក្នុងក្រុងសៀមរាបឱ្យមានរបៀបរៀបរយ ការពារសោភ័ណភាពទីក្រុងទេសចរណ៍ និងដោះស្រាយបញ្ហាសត្វពាហនៈដើរតាមដងផ្លូវដែលបង្កគ្រោះថ្នាក់។ ជាពិសេសការគ្រប់គ្រងអាជីវកម្មរ៉ែ ត្រូវចុះត្រួតពិនិត្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែទាំងអស់ អំពីច្បាប់អនុញ្ញាត និងផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ។
ក្នុងឱកាសដឹកនាំបើកកិច្ចប្រជុំសាមញ្ញ លើកទី២៦ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក៏បានសង្កត់ធ្ងន់លើបញ្ហាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ គឺការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឯកឧត្តមបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ត្រូវបង្កើនកិច្ចសហការ និងអនុវត្តវិធានការបង្ក្រាបឱ្យបានដាច់ខាត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ កុំឱ្យប៉ះពាល់ដល់ទំនុកចិត្តភ្ញៀវទេសចរ និងអ្នកវិនិយោគនៅក្នុងខេត្តសៀមរាប។
ក្នុងនោះដែរ ឯកឧត្តម លី សំរិទ្ធ ក៏បានលើកឡើងពីការងារផ្ដល់អត្តសញ្ញាណបណ្ណ សូមឱ្យមន្ត្រីជំនាញជំរុញឱ្យដោះស្រាយការយឺតយ៉ាវ ក្នុងការផ្ដល់អត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ដែលចាំបាច់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាឆ្នាំខាងមុខ។
បញ្ហាសិស្សបោះបង់ការសិក្សា រដ្ឋបាលក្រុងស្រុក ត្រូវសហការជាមួយមន្ទីរអប់រំ ដើម្បីស្វែងរកមូលហេតុ និងដោះស្រាយបញ្ហាសិស្សបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា។
ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តដែលអនុវត្តបានកន្លងមក។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ១,៥ លាននាក់។ លោកបានបញ្ជាក់ថា បញ្ហាសន្តិសុខសុវត្ថិភាពសកល បានធ្វើឱ្យភ្ញៀវទេសចរបរទេសថយចុះ ៣៣% បើធៀបនឹងឆ្នាំ២០២៥។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកំពុងសហការជាមួយក្រសួងទេសចរណ៍ ដើម្បីដាក់ចេញនូវកញ្ចប់តម្លៃពិសេស និងរៀបចំសិក្ខាសាលាពង្រឹងការតភ្ជាប់វិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យត្រឡប់មកកើនឡើងវិញ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តក៏បានត្រៀមលក្ខណៈរួចរាល់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាថែរក្សាបរិស្ថាន និងអនាម័យក្នុងក្រុងសៀមរាប ដើម្បីរក្សាគុណតម្លៃជាទីក្រុងប្រវត្តិសាស្ត្រដែលទាក់ទាញបំផុត៕SRP
អត្ថបទ៖ លោក មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

