Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មិត្តភក្តិបរទេសជាទីរាប់អាន!

មកដល់ពេលនេះបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្សុី ដែលវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។

ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ទៀតហើយ។ ពេលនេះភាពគឃ្លើនមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង។ កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។

សំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ៤ចំណុច៖

ទី១ តំបន់មុំបីនៃព្រំដែនកម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។

កម្ពុជាមិនស្នើសុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជានិងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធីតាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែនកម្ពុជា-ថៃមានប្រវែងជាង៨០០គីឡូម៉ែត្រ កម្ពុជាលើកតែ៤ចំណុច ដែលជាចំណុចក្តៅ​ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។ ៤ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ១០០ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះ ទើបអាចដោះស្រាយបាន។

ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រាជរដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។

ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេសុី និង ម៉ាឡេសុី, សឹង្ហបុរី និងម៉ាឡេសុី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនីមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៉ី និងម៉ាឡេសុី និងទំនាក់ទំនងម៉ាឡេសុី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។

ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មិថុនា ២០២៥

ប្រធានបក្សកាន់អំណាចសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025 នេះសម្ដេចតេជោហ៊ុន សែន បានសរសេរសារបង្ហោះបន្ថែមនៅលើទំព័រផេក facebook ផ្លូវការរបស់សម្ដេចយ៉ាងដូច្នេះថា៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖

1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។

2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។

5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។

6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។

ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន ជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ

កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។

ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។

កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន សូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជាតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបានសរសេរបង្ហោះក្នុងសំណេរដើមថា៖ មុននេះខ្ញុំឃើញលោក ដួង ឆាយ បង្ហោះសារដែលខ្លឹមសារសំខាន់គឺបបួលគ្នាឈប់ប្រើផលិតផលថៃ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្លួនខ្ញុំបានអំពាវនាវម្តងហើយម្តងទៀត សូមកុំពង្រីកទំនាស់ឲ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។

ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឲ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។

ខ្ញុំគ្រាន់តែចង់រំលឹកដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនថៃឲ្យបានជ្រាបថា ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។

តាមតួលេខពាណិជ្ជកម្មឆ្នាំ២០២៤ កម្ពុជានាំទៅថៃជាង1.1ពាន់លានដុល្លារ ឯថៃនាំចូលមកកម្ពុជាជាង5.2ពាន់លានដុល្លារគឺថៃនាំចូលមកកម្ពុជាច្រើនជាង 4.1ពាន់លានដុល្លារ។ សម្រាប់៥ខែដើមឆ្នាំនេះកម្ពុជានាំចេញទៅថៃជាង200លានដុល្លារ ឯថៃនាំចូលកម្ពុជាជាង1.5ពាន់លានដុល្លារ។

ក្នុងករណីទំនិញនាំចូលកម្ពុជាមិនបាន សូមប្រជាជនថៃដោះស្រាយជាមួយរដ្ឋាភិបាលរបស់ខ្លួនដោយខ្លួនឯង ព្រោះអ្នកដែលខាតគឺប្រជាជនថៃនោះឯង។ សម្រាប់ប្រជាជនកម្ពុជាពេលអត់ទំនិញថៃប្រើប្រាស់ សូមកុំបន្ទោសរាជរដ្ឋាភិបាលកម្ពុជា ព្រោះអត់ទំនិញដោយសារតែថៃបិទច្រកព្រំដែន។ ខ្ញុំសូមអំនាវនាវបងប្អូនជនរួមជាតិរក្សានូវភាពថ្លៃថ្នូរ ភាពចាស់ទុំ ទន់ភ្លន់ សុភាពរាបសារតែហ្មឺងម៉ាត់មិនទុកឲ្យបរទេសប្រមាថ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២៥

រាជធានីភ្នំពេញ៖អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឲ្យផ្ដោតការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលត្រូវបន្ដយកចិត្តទុកដាក់ចំពោះកូនចៅរបស់ខ្លួន ដើម្បីជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

ដើម្បីឲ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវសហការជាមួយគ្រប់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធឲ្យបានស្អិតរមួត និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅរួមគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀននៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ អះអាងថា គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ ដែលជាទំពាំងស្នងឬស្សី ដូច្នេះត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២៥

សម្តេចតេជោ៖ «អ្នកដែលជេរខ្លាំង មិនប្រាកដថាប្រឆាំងពិតប្រាកដនោះទេ»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកដែលជេររាជរដ្ឋាភិបាល និងជេរគណបក្សប្រជាជនកម្ពុជាខ្លាំងបំផុត មិនប្រាកដថាបុគ្គលនោះ ជាអ្នកប្រឆាំងពិតប្រាកដនោះទេ ព្រោះថាជួនកាល បន្ទាប់ពីជេររួច គេនឹងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះគឺជាអ្វីដែលសម្តេចហៅថា «យុទ្ធសាស្រ្តតេជោ»។

ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលប្រារព្ធនៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានប្រើយុទ្ធសាស្រ្តនយោបាយជាច្រើន រួមមានទាំងយុទ្ធសាស្រ្ត «រុញទូកបណ្តោយទឹក» ជាដើម តាមរយៈការបណ្តោយឱ្យសមាជិកទៅចូលរួមឈរឈ្មោះនៅក្នុងអតីតគណបក្សសង្រ្គោះជាតិ ដូចករណី ឯកឧត្តម ឡុង ប៊ុន្នី ជាដើម។ ដូចនេះ គេមិនអាចចោទថា ឯកឧត្តម ឡុង ប៊ុន្នី លក់ឧត្តមគតិបានទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានដឹងថា ក្នុងបរិបទបច្ចុប្បន្ននេះ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក៏កំពុងតែរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ខ្លួនដើម្បីឈរឈ្មោះបោះឆ្នោត ហើយក៏កំពុងតែខ្វះមនុស្សផងដែរ ដូចនេះហើយ សម្តេចអាចនឹងប្រើប្រាស់យុទ្ធសាស្រ្តរុញទូកបណ្តោយទឹកបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២៥

លោកពុយ គា៖ ពេលប្រទេសមួយត្រូវបានឈ្លានពាន តើអ្នកព័ត៌មានធ្វើដូចម្តេច?

បើសិនជាប្រទេសមួយត្រូវបានប្រទេសជិតខាងរំលោភ ឬឈ្លានពាន អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានដល់សាធារណជន ប៉ុន្តែត្រូវគោរពគោលការណ៍ដូចខាងក្រោម៖
១. ការពិត៖
• ផ្ទៀងផ្ទាត់អំពីការរំលោភ ឬឈ្លានពានទឹកដីជាមួយប្រភពដែលអាចជឿជាក់បាន (ឧ. សេចក្តីថ្លែងការណ៍ចេញពីក្រសួងការពារជាតិ ចេញពីរដ្ឋាភិបាលឬអ្នកនាំពាក្យ…)។
• ផ្តល់ទីតាំងកើតហេតុ ពេលវេលា ទំហំ (ឧ. ប៉ះទង្គិចតែចំណុចព្រំដែនមួយ ឬការរំលោភពេញលេញ) ការខូចខាត ស្លាប់ របួស ឬជនភៀសខ្លួន។
• ចៀសវាងចំណងជើងបង្កការភ័យខ្លាច (ឧ. “ការប៉ះទង្គិចត្រង់ព្រំដែនកើតឡើងកាន់តែធ្ងន់ធ្ងរ” មិនមែន “សង្គ្រាមផ្ទុះឡើងហើយ”)។

២. ការឆ្លើយតបរបស់រដ្ឋាភិបាល៖
• ផ្តល់ព័ត៌មានដល់សាធារណជនអំពីជំហរផ្លូវការដែលកំពុងអនុវត្ត៖ ការបង្រួបបង្រួមកងទ័ព ការតវ៉ាជាផ្លូវការទៅកាន់ប្រទេសដែលរំលោភឬឈ្លានពាន ទៅកាន់តុលាការអន្តរជាតិ ការអំពាវនាវឲ្យមានការចូលរួមជួយពីអន្តរជាតិ។

៣. ចៀសវាងព័ត៌មានមិនបានផ្ទៀងផ្ទាត់ ឬព័ត៌មានស៊ីអារម្មណ៍ ៖
• កុំផ្សាយព័ត៌មានចចាមអារ៉ាមចេញពីបណ្តាញសង្គម ឬប្រភពមិនផ្លូវការដែលមិនទាន់មានការផ្ទៀងផ្ទាត់។
• ចៀសវាងបង្ហោះរូបភាពសាហាវ ឬរាយការណ៍ពីចំនួនអ្នករងគ្រោះដែលមិនទាន់មានការបញ្ជាក់ត្រឹមត្រូវដែលអាចប៉ះពាល់ដល់អារម្មណ៍សាធារណជន។

៤. ប្រើភាសាដោយមានការទទួលខុសត្រូវ៖
• កុំប្រើពាក្យបញ្ឆេះកំហឹង និងបែបប្រកាន់ពូជសាសន៍ទៅកាន់ប្រជាជននៃប្រទេសជិតខាង ព្រោះប្រជាជនអាចមិនពាក់ព័ន្ធទេ។
• ប្រើភាសាអព្យាក្រិត៖ ប្រើ “កងកម្លាំងប្រទេសជាប់ព្រំដែន” ជំនួសឲ្យ “សត្រូវ ឬពួកឈ្លានពាន” លើកលែងតែរដ្ឋាភិបាលបានហៅនិងប្រើប្រាស់រួចហើយ។

៥. គាំទ្រឯកភាពជាតិ និងសុវត្ថិភាពសាធារណៈ៖
• ចែករំលែកសេចក្តីណែនាំសុវត្ថិភាពសាធារណៈ តំបន់សុវត្ថិភាព យុទ្ធសាស្ត្រជម្លៀស លេខទំនាក់ទំនងសម្រាប់ជួយបន្ទាន់។
• អំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ តាមដានការណែនាំផ្លូវការ។

៦. កិច្ចខិតខំផ្នែកការទូត ៖
• ផ្តល់ព័ត៌មានពីកិច្ចខិតខំរបស់រដ្ឋាភិបាល អង្គការអន្តរជាតិ (ឧ. អាស៊ាន អង្គការសហប្រជាជាតិ) ដើម្បីដោះស្រាយវិបត្តិតាមផ្លូវការទូត។

៧. កុំបង្ហាញព័ត៌មានដែលអាចប៉ះពាល់ដល់ប្រតិបត្តិការយោធា៖
• កុំបង្ហាញអំពីចលនាកងទ័ព ទីតាំងយុទ្ធសាស្ត្រ ឬប្រតិបត្តិការណាមួយដែលកំពុងអនុវត្តនៅតាមទីកន្លែងក្បែរព្រំដែន ឬក្បែរតំបន់ប៉ះទង្គិចគ្នា។
• សហការជាមួយអាជ្ញាធរ ឬយោធាដើម្បីធានាថាការផ្សាយព័ត៌មានមិនជួយទៅដល់ភាគីអ្នករំលោភ/ឈ្លានពាន ឬប៉ះពាល់ដល់ការពារជាតិ។

៨. ផ្សាយពីប្រវត្តិទីតាំង៖
• បញ្ហាព្រំដែនក្នុងបរិបទប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍កើតឡើងកន្លងមក យោងតាមកិច្ចព្រមព្រៀង ឬច្បាប់អន្តរជាតិ។
• ចងក្រងព្រឹត្តិការណ៍តាមលំដាប់លំដោយពេលវេលា និងពន្យល់អំពីផលប៉ះពាល់ជាលក្ខណៈភូមិសាស្ត្រ។
• សម្ភាសអ្នកជំនាញ (អ្នកវិភាគយោធា អ្នកច្បាប់អន្តរជាតិ មន្ត្រីការទូត ជំនួសឲ្យអត្ថបទដែលបញ្ចេញមតិបែបផ្ទាល់ខ្លួន។

ដោយ៖ ពុយ គា (ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥)

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២៥

សម្ដេចតេជោ៖ ថវិកាសន្សំរបស់ជាតិបច្ចុប្បន្ន គឺមានចំនួនច្រើនជាងពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១ បានមានប្រសាសន៍ថា នៅមុនការផ្ទុះនៃជំងឺកូវីដ១៩ សម្ដេចបានឱ្យពង្រឹងបន្ថែមលើការសន្សំថវិកាជាតិ ដែលការសន្សំនៅពេលនោះបានកើនដល់ជាង២១% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយមានថវិកាជាតិនៅសល់រហូតដល់ជិតបួនពាន់លានដុល្លារ។

សម្ដេចតេជោបន្ថែមថា តាមការគ្រោងទុកពេលថវិកាសន្សំរបស់ជាតិកើនជិត៥ពាន់លានដុល្លារ រាជរដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការការកសាងប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវ ស្ពាន ឱ្យបានច្រើននៅគ្រប់ទីកន្លែងដោយមិនចាំបាច់ពឹងលើថវិកាបរទេសនោះឡើយ។ ប៉ុន្តែជាអកុសលវិបត្តិកូវីដក៏ផ្ទុះឡើង ដែលបណ្ដាលឱ្យថវិកាសន្សំរបស់ជាតិបានថយចុះមួយកម្រិត។

សម្ដេចតេជោក៏បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានធ្វើឱ្យចំនួនថវិកាជាតិដែលបានសន្សំទុកមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ទោះបីមានការដំឡើងប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដោយ។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថាថវិកាសន្សំរបស់ជាតិបច្ចុប្បន្ន គឺមានចំនួនច្រើនជាងពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី៖ «យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ យុវជនជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង»

ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងពោរពេញដោយឱកាស។

ដោយឡែក ក្រុមគ្រួសារស.ស.យ.ក.  ក៏បានចូលរួមចំណែក ក្នុងពេលដែលសង្គមកម្ពុជាឆ្លងកាត់នូវវិបត្តិនានា ដោយចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលក្រុមគ្រួសារ សមាជិក សមាជិកា ស.ស.យ.ក.  អាចធ្វើបាន។
ជាកត្តាប្រវត្តិសាស្ត្រ ការចូលរួមរបស់ សសយក គឺស្ថិតក្នុង DNA របស់ស.ស.យ.ក. ផ្ទាល់។ នៅពេលកកើត   ស.ស.យ.ក. ជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានបេសកកម្មតែមួយគត់ គឺដាក់ជីវិតជាដើមទុនក្នុងការរំដោះ និងផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលយើងហៅថា របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលបានកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់ជាង ៣លាននាក់ នាំឱ្យ ស្ទើរគ្រប់គ្រួសារខ្មែរ បាត់បង់សមាជិក និងបែកបាក់គ្នា ជាមួយសោកនាដកម្ម ដែលសង្គមយើងនៅតែទទួលរងផលប៉ះពាល់មកដល់ថ្ងៃនេះ ហើយក៏ជាសោកនាដកម្មដែលយើងគួរផ្សារភ្ជាប់ទៅនឹង ពាក្យថា “បំភ្លេចម្តេចបាន”។

ស.ស.យ.ក. ក៏ចូលរួមជាបន្តបន្ទាប់ ក្នុងស្ថានភាពវិបត្តិ ដូចជាការប្រឆាំងការរីករាលដាល នៃជំងឺ CoVID19 និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។ ក្នុងពេលដែលសង្គមកម្ពុជាបានជួបប្រទះ បញ្ហាប្រឈមពាក់ព័ន្ធទៅនឹងប្រធានបទ សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា ដូចជា ករណី ប្រាសាទព្រះវិហារនៅឆ្នាំ ២០០៨-២០១១ ករណី CLV ជាដើម ដែលសុទ្ធសឹងតែជាប្រធានបទរសើប និងសំខាន់ ដែលទាមទារអោយយើងត្រូវផ្តល់នូវការជឿជាក់ ត្រៀមស្មារតី និងការចូលរួមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេស ការផ្តល់ជាកម្លាំង ក្នុងក្របខណ្ឌជាផ្នែកមួយនៃខឿនការពារជាតិប្រជាជន ក្នុងគោលដៅបង្ហាញនូវភាពសុចរិត ការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី ដើម្បីប្រែក្លាយបន្ទាត់ព្រំដែនអោយទៅជាបន្ទាត់ព្រំដែន ដែលមានចំណងមិត្តភាព សហប្រតិបត្តិការដើម្បីការអភិវឌ្ឍ។

និយាយជារួម ស.ស.យ.ក. ត្រៀមខ្លួនរួចជាស្រេចដើម្បី ចូលរួមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល មិនថាក្នុងស្ថានភាពដែលសង្គមជាតិមានភាពសម្បូរសប្បាយ ឬពេលសង្គមកម្ពុជាឆ្លងកាត់វិបត្តិនោះទេ ក្រុមគ្រួសារសសយក នឹងត្រៀមខ្លួនចូលរួមក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីជាប្រយោជន៍ ដើម្បីស្នាមញញឹម ភាពសម្បូរសប្បាយ និងភាពរីកចម្រើនសម្រាប់សង្គមកម្ពុជា។

ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកា ស.ស.យ.ក. ក៏ដូចជាយុវជនខ្មែរ ដែលជា ទំពាំងស្នងឬស្សី ជាអ្នកបន្តវេនដែលពោរពេញដោយសក្តានុពល ឧត្តមគតិស្នេហាជាតិ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផ្នែកមួយខ្វះមិនបាន និងជាថាមពលបន្ថែម ក្នុងការធ្វើជា ខែលនៃខឿនការពារជាតិ (shield of national defense) និងជាកម្លាំងក្នុងការជំរុញដើម្បីភាពរីកចម្រើនរបស់កម្ពុជាថ្ងៃនេះ និងទៅអនាគត។

យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់កម្ពុជា

យុវជនអាចចូលរួមទាំងអស់គ្នាបានតាមរយៈការខំប្រឹងប្រែងរៀនសូត្រ ខំប្រឹងប្រែងធ្វើការ ខំប្រឹងប្រែងសម្រេចក្តីស្រមៃរៀងៗខ្លួន ដើម្បីខ្លួនឯង ដើម្បីគ្រួសាររបស់ខ្លួន ព្រោះភាពជោគជ័យរបស់ប្អូនៗម្នាក់ៗ គឺជាភាពជោគជ័យរបស់ប្រជាជាតិទាំងមូល។ លើសពីនេះ  សូមចូលរួមដោយ បន្ទរឲ្យឮខ្លាំងឡើង នៃភាពជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងការត្រៀមខ្លួនក្នុងគ្រប់ស្ថានភាព ដែលប្រជាជាតិយើងត្រូវការយើង ទោះក្នុងកាលៈទេសៈណាក៏ដោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២៥

សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជា បានបង្ហោះសារសរសេរក្នុងន័យថា៖ នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។

ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖

១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។

២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។

៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។

ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២៥

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញថ្លែងសារពិសេសក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥។

ខាងក្រោមនេះគឺជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែន តំបន់មុំបី ខេត្តព្រះវិហារ៖

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យជនរួមជាតិស្ងប់ចិត្ត ហើយជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការដោះស្រាយតាមរយៈការចរចា ជាងការដោះស្រាយដោយកម្លាំងប្រដាប់អាវុធ។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋស្ងប់ចិត្តលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ហើយជឿជាក់លើការដោះស្រាយរវាងរាជរដ្ឋាភិបាលទាំងពីរ។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលរុញឱ្យផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា សព្វាវុធ និងកងទ័ព ដែលបានបញ្ជូនទៅកាន់ព្រំដែន មិនមែនដើម្បីវាយថៃ ឬធ្វើសង្គ្រាមនោះទេ តែជាការត្រៀមបម្រុងចំពោះយថាហេតុអាក្រក់ណាមួយកើតឡើង។
ហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃ មិនមែនជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិរបស់ថៃនោះឡើយ។ សម្តេចតេជោ សន្និដ្ឋានថា ហេតុការណ៍នេះ អាចបង្កឡើងដោយបុគ្គល ឬអង្គភាព។ ហេតុការណ៍នៅព្រំដែនកម្ពុជា-ថៃ កាលពីម្សិលមិញ គឺខុសគ្នានឹងព្រឹត្តិការណ៍ឈ្លានពានវត្តកែវគិរីស្វារៈកាលពីឆ្នាំ២០០៨។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងសង្គ្រាមនៅព្រះវិហារ និងប្រាសាទតាមាន់ធំ និងតាក្របីពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺកម្ពុជាប្រើប្រាស់ភាពអត់ធ្មត់ខ្ពស់បំផុតរហូតដល់កងទ័ពងឿងឆ្ងល់។ ក្នុងសង្គ្រាមនោះទីបញ្ជាការដ្ឋានគឺចេញពីផ្ទះរបស់សម្តេចតែម្តង ហើយបញ្ជាតាមប្រព័ន្ធវីដេអូ។ សម្តេចបានរំលឹកថា កាលពីពេលនោះ នាយឧត្តមសេនីយ៍ ជា តារា និង ឈិន ច័ន្ទពណ៌ បានស្នើសុំសម្តេចប្រើកាំភ្លើងធំបាញ់ចូល៤០គីឡូម៉ែត្រទៅក្នុងប្រទេសថៃ តែសម្តេចមិនប្រើនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្លាំងទ័ព និងសព្វាវុធ ដែលបញ្ជូនទៅព្រំដែនមិនមែនដើម្បីវាយថៃនោះទេ តែករណីមានការឈ្លានពាន គឺកម្ពុជាប្រើសិទ្ធិការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ ថា បើទោះបីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងទស្សនកិច្ចនៅក្រៅប្រទេស តែសម្តេចបានធ្វើការជាប់ប្រចាំលើបញ្ហាព្រំដែន ហើយដឹងពីភូមិសាស្ត្រនោះច្បាស់។ កន្លែងដែលផ្ទុះអាវុធ គឺជាកន្លែងដែលសម្តេចបានទៅដល់កាលពីឆ្នាំ២០០៩ ហេតុអ្វីថៃថាជាដីរបស់ពួកគេ?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនមែនជាមេដឹកនាំដែលអង្គុយតែក្នុងការិយាល័យនោះទេ គឺតែងតែចុះតាមមូលដ្ឋាន ហើយនៅសមរភូមិសង្គ្រាម ក៏សម្តេចចុះដែរ។ អ្វីដែលកម្ពុជាចង់បាន គឺចង់បានស្ថានការណ៍នៅព្រំដែន វិលត្រឡប់ទៅសភាពដើមវិញ ហើយសុំឱ្យវាកើតត្រឹមនៅមុំបី កុំឱ្យរីករាយរាលដាលទូទាំងព្រំដែន និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។

សម្តេចតេជោបានមានប្រសាសន៍ប្រកាសស្វាគមន៍ក្រុមហ៊ុនជីបម៉ុង ដែលបានប្រកាសនាំយកអំណោយជាទឹក ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជូនដល់កងទ័ព។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជនជាតិថៃ សិទ្ធិ លីមថងគុល លោកឯងមិនមែនជាកងទ័ពទេ។ សម្តេចតេជោ បានថ្លែងថា យុទ្ធសាស្ត្រសម្តេច បើទ័ពថៃចង់វាយចូលមកដល់អង្គរវត្តដូច សិទ្ធិ លីមថងគុល លើកឡើងនោះ សម្តេចក៏បើកឱ្យវាចូល ដើម្បីបង្ហាញពីការឈ្លានពានដល់អង្គការសហប្រជាជាតិ ហើយសម្តេចនឹងប្រើទ័ពវាយកាត់ផ្តាច់ទ័ពថៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តេជោសែន ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម។ សម្តេចតេជោ បានថ្លែងថា យន្តហោះអាមេរិក ធ្លាប់ដេញបាញ់សម្តេច តែធ្វើអ្វីមិនបែកនោះឡើយ។

សម្តេចតេជោបានថ្លែងថា ក្នុងសង្គ្រាមបែបនេះ សម្តេចមិនប្រើយន្តហោះនោះទេ តែសម្តេចមានសំណាញ់មេឃ គឺកាំភ្លើងបាញ់ទម្លាក់យន្តហោះ។ នៅពេលនេះកម្ពុជា មានកាំភ្លើងការពារអាកាសដែលល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឧបត្ថម្ភដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់នៃខឿនការពារជាតិរបស់កម្ពុជា។ កម្ពុជា ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំសួរសុខទុក្ខទៅដល់កងទ័ពទាំងអស់នៅជួរមុខ ហើយសម្ដេចក៏បានអំពាវនាវដល់កាកបាទក្រហមនៅខេត្តព្រះវិហារ ជួយដល់ជនភៀសសឹកនៅព្រំដែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២៥

កុមារាម្នាក់ អាយុ១១ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី ប្រភេទ H5N1។ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ក្នុងភូមិស្រីសំពោង ឃុំខ្ញុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទោះជាមានការយកចិត្តទុកដាក់ថែទាំនិងជួយ សង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយកុមារបានស្លាប់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយសារមូលហេតុ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរពេក រួមមានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើមធ្ងន់ធ្ងរ។ តាមការ សាកសួរបង្ហាញថា នៅក្បែរផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ទាឈឺនិងងាប់ជាបន្តបន្ទាប់តាំងពីមួយសប្តាហ៍មុនកុមារចាប់ផ្តើមឈឺ។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅ អ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamillu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។

របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page8 Page9 Page10 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×