ខេត្តកំពង់ធំ៖យ៉ាងហោចណាស់ក្មេងជំទង់ចំនួន៣នាក់ បានលង់ទឹកស្លាប់ នៅទំនប់បង្ហៀទឹក របស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៦.៥០នាទីល្ងាចថ្ងៃទី០៧ ខែសីហា នៅចំណុចទំនប់បង្ហៀទឹកមួយកន្លែងរបស់ក្រុមហ៊ុនលោក ឧកញ៉ា លឹម ប៊ុណ្ណា។
ជនរងគ្រោះទី១ឈ្មោះ នី សុផានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង។
ទី២ឈ្មោះ ប៉ា វណ្ណរ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង។
ទី៣.ឈ្មោះ ប៉ា បញ្ញាលាងសុផានិត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បន្ទាប់ពីកើតហេតុ ភ្លាមៗ សាច់ញាតិបងប្អូន ព្រមទាំងអាជ្ញាធរ ភូមិ ឃុំ ស្រុក បានចុះទៅស្វែងរកសពជនរងគ្រោះទាំងបីនាក់ រហូតដល់រសៀលថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២ ទើបរកឃើញសព។
បើតាមការបំភ្លឺពីឈ្មោះ ខិល ទូ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិកោះ ឃុំ ទ្រា និងឈ្មោះ ម៉ៃ រតនា ភេទប្រុសអាយុ ១៥ឆ្នាំ នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង បានបញ្ជាក់ថា៖ នៅថ្ងៃទី០៧ ខែ សីហាឆ្នាំ ២០២២ វេលាម៉ោង ប្រហែល ១៦.៣០នាទីល្ងាច ពួកខ្លួនមានឈ្មោះ ១.ឈ្មោះ ភក្តី ភេទ ប្រុស ២.ឈ្មោះ សួគ៌ា ភេទប្រុស ៣.ឈ្មោះ នី សុផានិត ភេទប្រុស និងរូបខ្លួន កំពុងលេងទឹកបង្ហៀ កន្លែង ឧកញ៉ា លឹម ប៊ុណ្ណា ស្រាប់តែឃើញឈ្មោះ ប៉ា បញ្ញាលាងសុផានិត លង់ទឹក ពេលនោះពួកខ្លួននិងឈ្មោះ នី សុផានិត បានទៅជួយទាញដៃ តែទាញពុំមកព្រោះទឹកហូរខ្លាំង ខណ:នោះស្រាប់តែឈ្មោះប៉ា វណ្ណារ័ត្ន ទឹកគួចធ្លាក់ទៅតោងឈ្មោះ នី សុផានិត និងឈ្មោះ ប៉ា បញ្ញាលាងសុផានិត បណ្តាល អោយលិចបាត់ក្នុងទឹកទាំង០៣នាក់តែម្តង។
ប្រភពព័ត៌មានបានបន្តថាក្រោយពី រកឃើញសាកសព សមត្ថកិច្ចជំនាញស្រុក សហការជាមួយអាជ្ញាធរដែនដី គ្រូពេទ្យបានចុះពិនិត្យដល់កន្លែងកើតហេតុ និងសាកសពទាំងបីនាក់មានកំទេចដីភក់នៅក្នុងមាត់ និងច្រមុះ សភាពពោះប៉ោង ក្រៅពីនេះពុំមានស្លាកស្នាម អ្វីគួរឱ្យកត់សម្គាល់ឡើយ តាមការស្រាវជ្រាវស៊ើបអង្កេតព័ត៌មានសន្និដ្ឋានសពស្លាប់បណ្ដាលមកពីលង់ទឹក៕SRP