ឆ្មក់ចូលរំដោះនារីចំនួន៨នាក់ ក្នុងហាងខារ៉ាអូខេ បង្កប់សេវាផ្លូវភេទ
សមត្ថកិច្ចជំនាញបានរំដោះនារីចំនួន៨នាក់ ដោយកម្លាំងនគរបាលការិយាល័យប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជន ករណីបង្ក្រាបករណី សញ្ចារកម្ម ១កន្លែង ពួនជ្រក ក្នុងហាងខារ៉ាអូខេមួយកន្លែង នៅស្រុកបារាយណ៍។
សមត្ថកិច្ចនគរបាលខេត្តកំពង់ធំបានឲ្យដឹងថាអនុវត្តតាមការចង្អុលដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣៥នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចារកម្ម ហាងខារ៉ាអូខេមួយកន្លែង ជ្រកក្រោមយីហោ “ម្លប់លាប” ស្ថិតក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង បានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វី សុខឃី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលជាម្ចាស់ទីតាំង ព្រមទាំងរំដោះជនរងគ្រោះបានចំនួន ០៨នាក់ ស្រី អនីតិជនចំនួន ០៥ នាក់។
ករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងនីតិវិធី ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕SRP