ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានប្រាប់អភិបាលខេត្តកំពត ស្ដីពីការរៀបចំពីធីប្រកាស បង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត។
នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេច ស ខេង៕SRP
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានប្រាប់អភិបាលខេត្តកំពត ស្ដីពីការរៀបចំពីធីប្រកាស បង្កើត និងដាក់ឲ្យដំណើរការនូវរដ្ឋបាលក្រុងបូកគោ នៃខេត្តកំពត។
នេះបើយោងតាមលិខិតដែលចុះហត្ថលេខាដោយសម្ដេច ស ខេង៕SRP
ភ្នំពេញ៖រដ្ឋមន្ត្រីទាំងអស់បានសម្ដែងក្ដី សង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថានភាពជំងឺ រាតត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ៕SRP
ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីអនុម័តរបៀបវារៈមួយចំនួន។ ជាលទ្ធផលកិច្ចប្រជុំបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តបញ្ចូលសេចក្តីព្រាងច្បាប់ដែលគណៈកម្មការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចហើយចំនួន៤ ក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ។
សេចក្តីព្រាងច្បាប់ថ្មីចំនួន៣ ដែលរដ្ឋសភាទទួលយកមកពិនិត្យសិក្សាតាមសំណើរបស់រាជរដ្ឋាភិបាលមានសេចក្តីព្រាងច្បាប់ស្តីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្រ្គោះបន្ទាន់។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រម ជស/រកម/០៣៩៧/០១/ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ សេចក្តីព្រាងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភាទើបតែបញ្ចប់ការពិនិត្យ សិក្សា ដែលត្រូវគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ រួមមាន សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីការប្រកួតប្រជែង។
នៅកិច្ចធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះក៏បានអនុម័តជ្រើសតំាង ឯកឧត្តម ម៉ែន កួន ជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា នាពេលខាងមុខបន្តនីតិវិធី ផងដែរ៕SRP
ភ្នំពេញ៖លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ដែលមាន ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ក្រុមប្រឹក្សាសហគមន៍ សេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។
កិច្ចប្រជុំនេះមានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន៕SRP
ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអះអាងថា
ការទប់ស្កាត់បទល្មើសព្រៃឈើ មិនស្ថិតនៅលើ ក្រសួងកសិកម្ម ទៀតនោះទេ។
លោក វេង សាខុន បានសរសេរនៅលើគណនីហ្វេសប៊ុកថា៖ មួយរយៈពេលកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយ ដាក់បន្ទុកមកលើក្រសួង លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការ ធ្វើកំណែទម្រង់ របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកវេង សាខុន បានបន្តថា៖ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំមានកិត្តិយស សូមជម្រាបជូនសាធារណជន ជាពិសេសសារព័ត៌មាន ឲ្យបានជ្រាបថា
យោងតាម៖
១. អនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ,
២. សារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០៥ សជណ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ធ្វើនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ បានសម្រច៖
ប្រគល់សមត្ថកិច្ចដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីចាត់វិធានការឱ្យបានម៉ឺង ម៉ាត់ និងហ្មត់ចត់ ដូចខាងក្រោម៖
គ្រប់គ្រងរាល់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលមានច្បាប់ អនុញ្ញាត ព្រមទាំងទប់ស្កាត់ និងលុបបំបាត់សិប្បកម្មកែច្នៃ និងអាជីវកម្មធនធានព្រៃឈើ និង ជលផលដែលគ្មានច្បាប់អនុញ្ញាត។ ត្រួតពិនិត្យ និងចាត់វិធានការលុបបំបាត់ការដឹកជញ្ជូន និងការស្ដុកឈើគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ តាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ទៅក្រៅប្រទេសតាមច្រកព្រំដែន និង តាមច្រករបៀង។
ដឹកនាំ សម្របសម្រួលអធិការ ខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវ ការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើស នៅក្នុងតំបន់ការពារ និងអភិរក្សធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ធ្វើរបាយការណ៍បូកសរុបប្រចាំត្រីមាស ឬធ្វើរបាយការណ៍ក្នុងករណីចាំបាច់ អំពីស្ថានភាព ការគ្រប់គ្រងតំបន់ការពារ និងអភិរក្សធម្មជាតិនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជូនក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយត្រូវចម្លងជូនក្រសួងមហាផ្ទៃ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទត្រូវធ្វើការបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
តាមរយៈការដាក់ឲ្យអនុវត្តន៍ អនុក្រឹត្យ និងសរាចរណែនាំខាងលើ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់និងនេសាទ បាននិងកំពុងខិតខំអនុវត្តឲ្យបានពេញលេញ នូវអ្វីដែលជាភារកិច្ចរបស់ខ្លួន ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយមានក្តីសង្ឃឹមថា សាធារណជន ជាពិសេសសារព័ត៌មាន បានយល់ពីអ្វីជាការសម្រេច របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តធ្វើកំណែទម្រង់យ៉ាងមុតស្រួច កន្លងមក៕SRP
ភ្នំពេញ៖លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅព្រឹកនេះបានបង្ហាញលទ្ធផលការងារបង្កបង្កើនផលសម្រាប់រដូវវស្សាឆ្នាំ២០២១ នៅទូទាំងប្រទេស, គិតមកទល់ត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១៕SRP
ភ្នំពេញ៖អតីតមេឃុំនៃអតីតគណបក្ស CNRP នៅស្រុកស្អាង ខេត្តកណ្តាល លោក លឿង សារុន សប្បាយរីករាយដែលបានសម្រេចចិត្តលើផ្លូវត្រូវចូលរួមរស់ជាមួយបក្សទេវតា គឺគណបក្សប្រជាជនកម្ពុជា«CPP»។ នេះបើតាមលោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានបញ្ជាក់នៅលើគណនីហ្វេសប៊ុកនៅរសៀលថ្ងៃនេះ។
លោក ដួង តារា បានសរសេរថា៖កូនចៅដឹងគុណនិងគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញ ដល់កម្ពុជាទាំងមូលដែលមិនអាចកាត់ថ្លៃបានឡើយ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕SRP
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្ដល់អំណោយជាសម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់កម្ពុជា ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការផ្ដល់អំណោយនេះដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុកខ្លាំងនាពេលបច្ចុប្បន្ននេះ។
សូមជម្រាបថាសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានជួយឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
ចំណែកលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បានជួយឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាមរយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។
ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង៕SRP
ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា សូមសម្តែងនូវសេចក្តីត្រេកអរ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យមានអាយុចន្លោះពី១២ឆ្នាំ ដល់១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ២លាននាក់ នាពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនេះ គណៈកម្មការទី៧ក៏សូមគាំទ្រចំពោះការដាក់ចេញជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលនូវយុទ្ធសាស្រ្ត និងវិធានការឆ្លើយតបនានា នាពេលកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការទទួលខុសត្រូវ និងសមត្ថភាពក្នុងការដឹកនាំ វាយតម្លៃយ៉ាងហ្មត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពរបស់កម្ពុជាលើគ្រប់ទិដ្ឋភាព មិនថាលើវិស័យសុខភាពសាធារណៈ អប់រំ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។
បើតាម លោកហ៊ុន ម៉ានី គណៈកម្មការទី៧ យល់ឃើញថាក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ គឺជាវិធានការមួយបន្ថែមទៀតដែលនឹងចូលរួមលើកកម្ពស់សុខភាព និងការបង្ការពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ដល់កុមារ និងយុវវ័យនៅក្នុងសហគមន៍ ដោយធានាបាននូវការបន្ថយក្តីបារម្ភរបស់អាណាព្យាបាលសិស្សផង និងការឈានទៅដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពស្របតាមគោលនយោបាយជាតិ ស្តីពី សុខភាពសិក្សាផង។ ការយកចិត្តទុកដាក់យ៉ាងកក់ក្តៅពីសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជាការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យសេដ្ឋកិច្ច និងសង្គមវិលទៅរកភាពប្រក្រតីឡើងវិញស្របទៅតាមបរិបទថ្មី ដោយកុមារ និងយុវជនកម្ពុជាបន្តទទួលបានការអប់រំប្រកបដោយគុណភាព ប្រសិទ្ធភាព មានសុខភាពល្អទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍសង្គមកម្ពុជាប្រកបដោយចីរភាព។ លើសពីនេះ ការសម្រេចចិត្តជាយុទ្ធសាស្រ្តនេះ នឹងបង្កើនលទ្ធភាពកាន់តែច្រើនថែមទៀតដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ ក្រោយពេលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ នាពេលខាងមុខ។
សូមជម្រាបថាសម្តេចហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១នេះ បានផ្ញើសារពិសេស សម្រេចបើកដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
មេដឹកនាំដ៏កម្ពុជាដ៏មានប្រជាប្រិយ៍ភាព សម្តេចហ៊ុន សែន ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាល ឲ្យត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹង របស់ក្រសួងសុខាភិបាល នាពេលខាងមុខ៕SRP
ភ្នំពេញ៖រដ្ឋាភិបាល និងប្រជាជនជប៉ុន បានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន ៣០គ្រឿងបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដោយបូកនឹងរថយន្តដែលបានផ្តល់នាពេលកន្លងទៅផងនោះ មកដល់ពេលនេះរដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់រថយន្តគិលានសង្គ្រោះនេះសរុប ១០០គ្រឿងហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលទទួលបាននៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដានេះ បានគូសបញ្ជាក់ថា រថយន្តគិលានសង្គ្រោះទាំង ៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ៕SRP
ភ្នំពេញ៖ក្រុមការងារហ្វេសប៊ុករបស់ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឆមាសទី១ ដោះស្រាយមតិ ជូនប្រជាពលរដ្ឋ បានចំនួន២៥៩គណនី។
សម្ដេច ស ខេង បានបង្ហាញនៅលើទំព័រផេកហ្វេសប៊ុកថា៖ ថ្ងៃនេះខ្ញុំសូមបញ្ជាក់ជូនលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២១ អំពីការទទួលយកនិងការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលខ្ញុំបានចាត់ចែងបញ្ជាទៅបណ្តា អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានាធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ។ សរុបមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋទូទៅមានចំនួន៦៦៥គណនី នៅក្នុងនោះគឺបានទទួលយកពិនិត្យដោះស្រាយមានចំនួន៤២៤គណនី និងបានដោះស្រាយរួចរាល់ជូនប្រជាពលរដ្ឋមានចំនួន២៥៩គណនី។
មានបញ្ហាជាច្រើនផ្សេងៗគ្នាដែលមន្ត្រីនៃអង្គភាពជំនាញចំណុះក្រសួងមហាផ្ទៃបានធ្វើការដោះស្រាយដែលខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិដូចខាងក្រោម៖
អគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ១៧២ គណនី ដែលមានការពាក់ព័ន្ធនឹងការលក់ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន, ល្បែងស៊ីសងគ្រប់ប្រភេទ, ការផ្ទុះអាវុធអាណាធិបតេយ្យ, ការចោទប្រកាន់លើមន្ត្រីអាជ្ញាធរ និងកងកម្លាំងមូលដ្ឋាន, បញ្ហាចរាចរណ៍, អំពើចោរកម្ម ដូចជាលួចសម្ភារៈប្រើប្រាស់ និងគោ ក្របី, ករណីប្លន់ឬអំពើលួចមានស្ថានទំងន់ទោស, បញ្ហាអសន្តិសុខ សណ្ដាប់ធ្នាប់, ការផ្ដល់សេវាបញ្ជាក់អត្តសញ្ញាណ, ការប្រើឧបករណ៍បំពងសំឡេងរំខាន, បញ្ហាក្មេងទំនើង, អំពើហិង្សា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការកែច្នៃយានយន្តខុសច្បាប់, វិវាទក្នុងអង្គភាពនគរបាល, ការក្លែងខ្លួនជាមន្រ្តីនគរបាល, ការអនុវត្តតួនាទី និងភារកិច្ច, ករណីរត់ការចូលក្របខណ្ឌរដ្ឋ, អំពើល្មើសវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-19, ការកែច្នៃអាវុធខុសច្បាប់, ករណីបាត់ខ្លួនប្រជាពលរដ្ឋ ការនេសាទខុសច្បាប់ និងវិវាទនានាជាដើម។
អគ្គនាយកដ្ឋានរដ្ឋបាល បានពិនិត្យដោះស្រាយ និងឆ្លើយតបទៅប្រជាពលរដ្ឋចំនួន ៥៨ គណនី គឺមានពាក់ព័ន្ធនឹងការអនុវត្តគម្រោងអភិវឌ្ឍន៍មូលដ្ឋាន, ការគ្រប់គ្រងដីបឹងធម្មជាតិ, ទំនាស់ដីធ្លី, ការតាំងលំនៅលើដីសាធារណៈ, វិវាទរវាងសន្តិសុខផ្សារ និងអ្នកគ្រប់គ្រងផ្សារ, ការស្នើសុំចុះបញ្ជីដីធ្លី, វិវាទរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ, បញ្ហាទឹកស្អាត, ការស្នើពន្លឿនការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ, បណ្ដឹងសុំដូរមេភូមិ, ការផ្ដល់ជំនួយសង្គម, ការជីកកាយយកដី និងយកខ្សាច់មាត់ស្ទឹង ព្រែក, សំណើរបើកផ្លូវសាធារណៈ, ការអនុវត្តភារកិច្ចរបស់ស្មៀន និងការស្នើសុំជួយពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជាដើម។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១០ គណនី ដែលពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអាពាហ៍ពិពាហ៍, ការកែតម្រូវឯកសារអត្តសញ្ញាណកម្ម, ការបញ្ជាក់លើឯកសារអត្តសញ្ញាណកម្មថតចម្លង, ការស្នើសុំធ្វើលិខិតស្នាក់នៅ និងការស្នើសុំធ្វើអត្តសញ្ញាណបណ្ណជាដើម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន៣ គណនី មានជាអាទិ៍ ពាក់ព័ន្ធនឹងការបំពេញការងាររបស់មន្រ្តីតាមច្រកព្រំដែនគោក ច្រកទ្វារអាកាសយានដ្ឋាន និងការងារអនុវត្តន៍ច្បាប់អន្តោប្រវេសន៍លើជនបរទេស។
អគ្គាធិការដ្ឋានបានពិនិត្យដោះស្រាយ និងឆ្លើយតបចំនួន ១៥ គណនី ពាក់ព័ន្ធនឹងមន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិក្នុងក្របខណ្ឌក្រសួងមហាផ្ទៃដែលបានប្រព្រឹត្តិមិនត្រឹមត្រូវដូចជា ការចាប់ខ្លួនប្រជាពលរដ្ឋ, ការដោះស្រាយបញ្ហា និងវិវាទដីធ្លី, ការធ្វើលិខិតផ្ទេរសិទ្ធិប្រើប្រាស់ដីធ្លី, ភាពមិនប្រក្រតីនៅក្នុងការងារអភិវឌ្ឍមូលដ្ឋាន, វិវាទរវាងប្រជាពលរដ្ឋ និងស្មៀនឃុំ, ការផ្លាស់ប្ដូរមេភូមិ, ដំណើរការផ្ដល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ និងអាជីវកម្មជីកដីជាដើម។
ចំណែកអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុវិញបានពិនិត្យដោះស្រាយ និងឆ្លើយតបបានចំនួន១គណនីដែលពាក់ព័ន្ធករណីមន្ត្រីស្នើសុំតម្លើងតួនាទី និងឋានន្តរសក្ដិ។ ជាមួយគ្នានេះក៏មានមតិយោបល់ចំនួន ៨៧ទៀត ខ្ញុំបានបញ្ជូនទៅ អង្គភាពពាក់ព័ន្ធនានាដើម្បីមុខការ និង ជាសមត្ថកិច្ច។
ក្រៅពីនោះខ្ញុំក៏បានទទួលយកនូវមតិយោបល់ និង ទស្សនៈល្អៗ របស់បងប្អូនប្រជាពលរដ្ឋបានផ្ញើមកខ្ញុំមានប្រមាណ១៥៤គណនី ដែលអាចធ្វើឲ្យខ្ញុំយកមកពិចារណា ដើម្បីប្រតិបតិបត្តិក្នុងកិច្ចការបម្រើជាតិ។
ខ្ញុំសូមបញ្ជាក់ថា វឌ្ឍនភាពការងារដូចបានជម្រាបខាងលើនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ អង្គភាពពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទោះជាក្នុងស្ថានភាពកំពុងប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
ខ្ញុំក៏សូមថ្លែងអំណរគុណបងប្អូនជនរួមជាតិ ដែលបានលើកជាមតិយោបល់ និងសំណូមពរនានាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំដើម្បីយើងរួមគ្នាដោះស្រាយនូវបញ្ហានានា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។ ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិឲ្យបន្តលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំតាមរយៈទំព័រហ្វេសប៊ុក ហើយខ្ញុំនឹងទទួលយកដើម្បីពិនិត្យ និងធ្វើការដោះស្រាយដោយពុំមានការរើសអើងឡើយ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ទន្ទឹមនឹងនេះ ខ្ញុំក៏សុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP
ភ្នំពេញ៖មានជនខិលខូច បានយករូប លោកហ៊ុយ វណ្ណៈ ទៅក្លែងបន្លំប្រើប្រាស់តាមប្រព័ន្ធតេលេក្រាម ដើម្បីអូសទាញឱ្យដាក់លុយវិនិយោគ ក្នុងក្រុមហ៊ុនឈ្មោះ Glancebit។
នេះបើតាមលោកហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានសរសេរបញ្ជាក់នៅលើគណណីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅយប់ថ្ងៃទី ១៦ ខែកក្កដាឆ្នាំ ២០២១នេះ។
លោកហ៊ុយ វណ្ណៈ បានសរសេរថា៖ សូមជូនដំណឹង! មានគេយករូបថតខ្ញុំ យកទៅក្លែងបន្លំប្រើប្រាស់ក្នុងប្រព័ន្ធ Telegram ហើយអូសទាញឱ្យដាក់លុយវិនិយោគក្នុងក្រុមហ៊ុនឈ្មោះ Glancebit។ ខ្ញុំសូមបដិសេធ ហើយសូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់កលការបោកប្រាស់របស់ជន ដែលមានអត្តសញ្ញាណដូចឯកសារភ្ជាប់នេះ។សូមអរគុណ៕SRP


