ខេត្តឧត្ដរមានជ័យ៖បុរស ២នាក់ត្រូវបានប៉ូលិសស្រុកអន្លង់វែងឃាត់ខ្លួន ករណីបន្លំខ្លួនធ្វើសមត្ថកិច្ចដេញកាក់រថយន្តពលរដ្ឋដឹកសិប្បកម្មកែច្នៃឈើ តាមដងផ្លួវដើម្បីទារលុយ។
ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃសុក្រ ទី១៣ ខែ សីហា ម្សិលមិញ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ តាមបញ្ជារបស់លោក តូច សុភក្ដី ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំងពីរនាក់៖
១-ឈ្មោះ លុន តុនឡេង (ឡេង) អាយ៤៣ឆ្នាំរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ។
២-ឈ្មោះអៀម ប៊ុនធឿន(អែល)ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរកសិករ។
របាយការណ៍បានបន្តថាបុរសទាំងពីរនាក់នេះបានក្លែងបន្លំធ្វើជាសមត្ថកិច្ច មន្ត្រីសាលាដំបូងខេត្តឧត្តរមានជ័យ ដើរយកលុយពីប្រជាពលរដ្ឋ និងប្រើរថយន្តម៉ាក Luxes RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7103 ដេញកាក់ឃាត់រថយន្តប្រជាពលរដ្ឋ ដែលរកស៊ីដឹកសិប្បកម្ម កែច្នៃឈើតាមដងផ្លូវ ក្នុងភូមិសាស្រ្ដ ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង។
របាយការណ៍បានបញ្ជាក់ទៀតថាក្រោយឃាត់ខ្លួន និងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានដើរយកលុយ ពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកឈើ និងដឹកសិប្បកម្ម ក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែងពិតប្រាកដមែន។
សមត្ថកិច្ចប៉ូលិសបានដកហូតវត្ថុតាងរួមមាន៖រថយន្ត០១គ្រឿង ម៉ាកLUXES RX៣៣០ ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ ២X.៧១០៣ ជាមធ្យោបាយជិះធ្វើសកម្មភាព. ទូរស័ព្ទចំនួន៣ គ្រឿងម៉ាកOPPO ១គ្រឿងពណ៌ស ទូរស័ព្ទ១គ្រឿងម៉ាក VIVO ពណ៌ទឹកប៊ិក និងទូរស័ព្ទម៉ាក NOKIA ចុចពិលពណ៌ខ្មៅ។
បើយោងតាមរបាយការណ៍បង្ហាញថា ករណីនេះ វត្ថុតាង និងមនុស្សត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕SRP