ខេត្តបន្ទាយមានជ័យ៖បើទោះបីជាមានការអះអាងពីមន្ត្រីជំនាញសុរិយោដី ជំនាញសំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុន«KP MORN DANY Land & House ឬម៉ន ដានី» បន្តលក់ដីឡូតិ៍ អត់មានច្បាប់យ៉ាងណាក៏ដោយក៏រហូតមកដល់ពេលនេះ ក្រុមហ៊ុនមួយនេះ នៅតែបន្តផ្សព្វផ្សាយលក់ដីរបស់ខ្លួន ទាំងងងើលដោយមិនខ្លាចច្បាប់បន្តិចសោះឡើយ។
ជាមួយនឹងការអះអាងពីមន្ត្រីជំនាញសុរិយោដី ជំនាញសំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុន«KP MORN DANY Land & House ឬម៉ន ដានី» លក់ដីឡូតិ៍ អត់មានច្បាប់បែបនេះ បណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយជាបន្តបន្ទាប់ ខណៈមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការក្ដៅ។
សូមជម្រាបថាអាជ្ញាធរនិងមន្ត្រីជំនាញ បានកោះប្រជុំ២លើក នៅថ្ងៃទី ១០ មករា២០២៣ ប៉ុន្តែករណីនេះ មិនមានតំណាងឬថៅកែមកចូលរួមប្រជុំនោះទេ ពោលទុកតែបុគ្គលិកផ្នែកលក់២-៣នាក់ ដែលមិនមែនជាអ្នកទទួលខុសត្រូវផ្នែកច្បាប់។
បើតាមមន្ត្រីជំនាញសុរិយោដី សំណង់និងអាជ្ញាធរដែនដីថា ក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ អត់មានច្បាប់នៅឡើយទេ ហើយលេងឆៅតែម្តង ក្នុងការបើកគម្រោងអាជីវកម្មនិងលក់គម្រោងខ្លួន។ កាលពីថ្ងៃទី១២ខែធ្នូ ក្រុមហ៊ុន មួយនេះ បានសម្ពោធគម្រោងផ្ទះវីឡាទោលនិងដីលំនៅឋាននៅផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ក្រុងសិរីសោភ័ណ (ភូមិ/ឃុំទឹកថ្លា) ស្រុកអូរជ្រៅ (ភូមិសាលាក្រហមឃុំសំរោង) តែបញ្ឆោតថា នៅក្រុងប៉ោយប៉ែត។ នេះបើយោងតាមបណ្ដាញព័ត៌មានបានបង្ហោះចែកចាយ។
បណ្ដាញព័ត៌មានបានបន្តថា លោកស្រីម៉ន ដានី និងដៃគូ បុរសជនជាតិថៃ របស់លោកស្រី បានប្រកាសអបអរសាទរថ្ងៃបើក សម្ពោធគម្រោង ផ្ទះវីឡាទោល និង ដីលំនៅឋាន បន្ទាយមានជ័យ – ក្រុងប៉ោយប៉ែត ជាផ្លូវការ។ ដោយ ថ្ងៃនេះ ក្រុមហ៊ុន ជូនកាដូរ មហាពិសេស ទិញ1 ថែមជូន1 ក្នុងតម្លៃត្រឹមតែ២៤.០០០ដុល្លារ ទទួលចុះឈ្មោះ ១០នាក់ដំបូង។ ក្នុងការប្រកាស ក្រុមហ៊ុនបង្ហាញពីគម្រោងផ្ទះវីឡាទោល និងដីលំនៅឋានជាង១ម៉ឺនឡូតិ៍ លើផ្ទៃដីរជាច្រើនហិកតា។
ឯនៅលើផ្ទាំងនិងសន្លឹក ផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុននេះ បានសរសេអក្សរធំៗ លេចច្បាស់ នៅផ្នែកខាងលើ ក៏មានគម្រោងដីអាជីវកម្ម ដែលដាក់ថា “គម្រោងដីអាជីវកម្ម បើកថ្មីនៅក្រុងប៉ោយប៉ែត “។
“គម្រោង១៥.០០០ឡូតិ៍ ជាប់ផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត “.ដែលមានគម្រោងផ្សារ រោងចក្រ ហាងទំនិញ ចំណតឡានក្រុង ជាដើម ។ ប៉ុន្តែបានសរសេរអក្សរតូច ព៌ណមិនសូវលេចនៅចុងផ្នែកខាងក្រោមថា វាស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ (ជាប់ព្រំប្រទល់ស្រុកអូរជ្រៅ) ហើយភ្ជាប់នឹងលេខទូរស័ព្ទ ជាច្រើនខ្សែសម្រាប់ទំនាក់ទំនង។
ករណីនេះ លោកឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសំណង់ប្រាប់អ្នកកាសែត កាលពីថ្ងៃទី១២ខែធ្នូថា៖ “គម្រោងលក់ដីល្វែងនិងផ្ទះម៉ន ដានីនេះ លេងឆៅតែម្តង។ មិនមានការអនុញ្ញាតិច្បាប់ទេ មិនមានសុំអីទាំងអស់។ អីក៏អត់ៗ “។
លោកអនុប្រធានបានបន្តថា៖ ករណីអង្កន់ដីល្វែងកណ្តាលភ្នែកមហាជននេះ លោកប្រធានមន្ទីរ (អាង ណារឹទ្ធ) បានបញ្ជូនមន្ត្រីអោយចុះពិនិត្យ និងធ្វើរបាយណ៍សុំគោលការណ៍ រដ្ឋបាលខេត្តដើម្បីបិទសកម្មភាពតែម្តង។
សូមរំលឹកថា កាលពីថ្ងៃទី០៥ខែធ្នូ ឆ្នាំ ២០២២ ក្រុមការងារនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោក ប៉ង់ រ៉ុម ប្រធានការិយាល័យដែនដី នគរោបនីយកម្មនិងសំណង់(ដ.ន.ស )បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ ចុះត្រួតពិនិត្យការដ្ឋានសំណង់ គម្រោងសាងសង់ អគារពាក់កណ្តាលភូមិគ្រឹះ និងផ្ទះល្វែង របស់ឈ្មោះ ម៉ន ដានី (សមត្ថកិច្ចក្រសួង) ដែលក្រឡាផ្ទៃសរុប ៨៤០០០ ម៉ែត្រក្រឡា (ជាង៨ហិចតា)ស្ថិតនៅភូមិទឹកថ្លា សង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ។
លោកបានធ្វើរបាយការណ៍ជូនលោកប្រធានមន្ទីរពីការដ្ឋានសំណង់ បានសាងសង់របស់ឈ្មោះ ម៉ន ដានី ដោយគ្មានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់។ មានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ តែគ្មានវិស្វករប្រចាំការដ្ឋាន។ ឯក្រុមជាងម៉ៅការសាងសង់ ពុំមានច្បាប់ប្រកបអាជីវកម្មសាងសង់ឡើយ។
ចំពោះគម្លាតនគរូបនីយកម្មដែលក្រុមការងារចុះពិនិត្យឃើញថា គម្លាតខាងមុខៈ ៥ ម៉ែត្រពីព្រំដី។ គម្លាតខាងក្រោយៈ ១ ម៉ែត្រពីព្រំដីគម្លាតខាងស្តាំៈ ១ ម៉ែត្រពីព្រំដី។គម្លាតខាងឆ្វេងៈ ១ ម៉ែត្រពីព្រំដីជាដើម។
ចំណែកលោករ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យ ទទួលបន្ទុកសុរិយោដី បានប្រាប់អ្នកកាសែត ថា៖ គម្រោងក្រុមហ៊ុនKP MORN DANY Land & House ឬម៉ន ដានី លក់ដីឡូតិ៍ នេះ មានទីតាំងនៅក្រុងសិរីសោភ័ណនិងស្រុកអូរជ្រៅ (មិនមែននៅក្រុងប៉ោយប៉ែត ដូចដែលក្រុមហ៊ុនប្រកាសប្រាប់អតិថិជន)ទេ។
លោកបន្ត:ថា បន្ថែមលើនោះ គម្រោងនេះ មិនមានការស្នើសុំច្បាប់ មកការិយាល័យភូមិបាល និងមន្ទីរនៅឡើយទេ។ ពោលគឺអត់ច្បាប់ទាំងលើ :ទី១-ការបំបែកក្បាលដី ទី២- ការស្នើសុំប្តូរប្រភេទដី (ពីដីស្រែទៅដីលំនៅឋាននិងសំណង់។ទី៣- ខេត្តក៏មិនសុំ ។ក៏មិនសុំច្បាប់ដល់ក្រសួងផងដែរ។
ចំណែកអភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចអភិបាលក្រុងសិរីសោភ័ណ ធ្លាប់បានកាសែតកន្លងមកថា៖ គម្រោងដីធ្លីមួយនេះ ខាងក្រុមហ៊ុនមិនទាន់បានបំពេញបែបបទ ឯកសារអីមកដល់អាជ្ញាធរនៅឡើយទេ។ ទោះយ៉ាងណា អាជ្ញាធរលើកទឹកចិត្តដល់អ្នកវិនិយោគ អោយសុំគោលការណ៍និងច្បាប់។
រហូតមកដល់ថ្ងៃពុធនេះ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីក្រុមហ៊ុន «KP MORN DANY Land & House ឬម៉ន ដានី» នៅឡើយទេ៕SRP