ខេត្តបន្ទាយមានជ័យ៖ក្រុមមន្ត្រីចម្រុះបានចុះពិនិត្យឃ្លាំងនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោន ដែលវិចខ្ចប់ខុសលក្ខណៈបញ្ចេកទេស។
ការចុះដកហូត ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្បែរផ្សារត្រី ស្ថិតភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ក្រោយធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាហើយមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វបានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះពិនិត្យឃ្លាំង១កន្លែងដែលនាំទំនិញផលិតផលដើមកំណើត ចេញពីសត្វដែលនៅក្នុងឃ្លាំងជាង២០តោន ហើយត្រូវបានដកហូត៧តោន ដែលវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ។
លោកបានបញ្ចាក់ថា៖ ក្រោយពិនិត្យនិងដកហូតនេះ គឺដោយសារតែ ការវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព ព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សី ជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ ករណីនេះបាននាំម្ចាស់ឃ្លាំង យកមកសាកសួរនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តបន្ត។ ឯសាច់មាន់ប្រហិតចម្រុះ ដែលត្រូវដកហូតនិងយកទៅដុតកំទិចចោលនិងកប់នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅជាយក្រុងសិរីសោភ័ណ៕ដោយនាគខៀវ