Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ សីហា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយព័ត៌មានពីរគឺទីមួយទាក់ទងដល់ការផ្តល់ជំនួយដ្រូនរបស់ជប៉ុនឲ្យថៃ ការផ្តល់ដ្រូនពីចិនឲ្យកម្ពុជា និងការលក់គ្រាប់និងយន្តហោះពីកូរ៉េខាងត្បូងឲ្យថៃ ដើម្បីធ្វើឃាដលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត។ ទីពីរគឺការរៀបចំផែនការធ្វើឃាដពីសំណាក់មេដឹកនាំ

ថៃមកលើខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ បញ្ហាទាំងពីរនេះបើមិនមានការបកស្រាយឬរំលត់ទេ វានឹងក្លាយជាបញ្ហាធំសម្រាប់ថ្ងៃក្រោយ។ ដូចនេះខ្ញុំសូមធ្វើការបកស្រាយដូចខាងក្រោម៖

១. រឿងដ្រូន និងអាវុធ ឬយន្តហោះទោះកម្ពុជា ឬថៃ បានមកពីប្រភពណាក៏ សូមមេត្តាកុំពង្រីកបញ្ហាចេញផុតពីជម្លោះរវាងកម្ពុជា និងថៃទៅកាន់ប្រទេសផ្សេង ក្នុងពេលប្រទេសទាំងនោះកំពុងជួយដល់ការបញ្ឈប់ជម្លោះ និងគាំទ្រដល់ការឈប់បាញ់និងជំរុញឲ្យមានសន្តិភាពឡើងវិញរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

២. រឿងផែនការធ្វើឃាដរបស់មេដឹកនាំថៃមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រឿងនេះពិបាកនិងជឿណាស់ បើទោះបីជាមេដឹកនាំថៃស្អប់ ឬមិនចូលចិត្តខ្ញុំ និង ហ៊ុន ម៉ាណែត ក៏ដោយក៏មេដឹកនាំថៃមិនទាន់ឈានដល់កំរិតអគុណធម៌មករៀបចំផែនការសម្លាប់ខ្ញុំ និង ហ៊ុន ម៉ាណែត នោះដែរ។

ក្នុងប្រវត្តិសាស្ត្រគេតែងតែរកវិធីសម្លាប់មេទ័ពដែលពូកែ ដើម្បីងាយយកឈ្នះលើសង្រ្គាមតែសម័យនេះមិនដូចសម័យមុនទេ គេត្រូវការមនុស្សដែលអាចនិយាយគ្នាបាន ដើម្បីកសាងសន្តិភាព។

កម្ពុជាក៏ត្រូវការមេដឹកនាំថៃរូបណាដែលមានអំណាចខ្លាំង ដើម្បីចរចារកសន្តិភាពបាន។ ឯថៃក៏ត្រូវការមេដឹកនាំកម្ពុជាណាដែលមានអំណាចខ្លាំង ដែលពេលនេះគឺមានតែ ហ៊ុន សែន និង ហ៊ុន ម៉ាណែតប៉ុណ្ណោះដើម្បីចរចាដែល ហ៊ុន ម៉ាណែត ចេញមុខចរចាដោយផ្ទាល់។ យោងលើហេតុផលនេះគឺ គ្មានមូលហេតុណាមួយដែលមេដឹកនាំថៃ មានគម្រោងសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះឡើយ។ ប្រសិនបើ ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត ស្លាប់ដោយស្នាដៃមេដឹកនាំថៃមែនវាច្បាស់ជានិងកើតមាន ហ៊ុន សែន ឬ ហ៊ុន ម៉ាណែត រាប់មុឺនរាប់សែនរាប់លាននាក់ នៅលើទឹកដីកម្ពុជាភ្លាមដែល

វានឹងក្លាយជាសត្រូវសួរពូជពិបាករំលត់។ សម្រាប់ខ្ញុំក្តី ហ៊ុន ម៉ាណែតក្តី ក៏មិនមែនជាកូនសត្វកង្កែបដែលគេងាយនឹងសម្លាប់នោះដែរ។ ទាំងនេះក៏ជាការពន្យល់បន្ថែមថា មេដឹកនាំថៃមិនរៀបចំផែនការដើម្បីសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត នោះទេ។

នៅក្នុងផែនការសម្លាប់ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ដោយមេដឹកនាំថៃគេលើកថា និងប្រើយន្តហោះ។ ចំណុចនេះគួរតែប្រទេសដែលលក់យន្តហោះ ចម្បាំងឲ្យថៃ ត្រូវរឹតបណ្តឹងលើកិច្ចសន្យាប្រើប្រាស់យន្តហោះ ព្រោះកន្លងទៅនេះថៃបានប្រើយន្តហោះ ដែលទិញពីអាមេរិក និងស៊ុយអែត វាយចូលជ្រៅក្នុងទឹកដីកម្ពុជា។ កម្ពុជាមិនជំទាស់នឹងការលក់យន្តហោះចម្បាំងឲ្យថៃទេ តែសូមកុំឲ្យថៃប្រើប្រាស់យន្តហោះវាយប្រហារចូលទឹកដីកម្ពុជា ឬទឹកដីឡាវ ឬម៉ាឡើសុី ឬមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំដែនជាមួយថៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ សីហា ២០២៥

កម្ពុជាបដិសេដយ៉ាងអហង្ការចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ អំឡុងពេលផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥

ថ្លែងនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្ដីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសបដិសេដយ៉ាងដាច់អហង្ការ ទៅនឹងការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ក្នុងពេលដែលពួកគេផ្ដល់ព័ត៌មានជូនអង្គទូតនានានៅទីក្រុងបាងកក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ និងថា។

បើតាម ឯកឧត្តមអ្នកនាំពាក្យរូបនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ទាំងនោះដូចខាងក្រោម៖
– កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមទំនាស់នាពេលបច្ចុប្បន្ននេះទេ ផ្ទុយទៅវិញកម្ពុជាតែងតែប្រកាន់យកនូវជំហរអត់ធ្មត់ជាអតិបរមា នៅចំពោះមុខការបង្ករឿងផ្នែកយោធារបស់ភាគីថៃ។
– សភាពការណ៍តានតឹងនៅតាមបណ្ដោយព្រំដែននាពេលនេះ គឺកើតចេញពីការទន្ទ្រានចូលជាបន្តបន្ទាប់នៅក្នុងទឹកដីរបស់កម្ពុជា ដែលរំលោភបំពានទៅលើកិច្ចព្រមព្រៀងដែលមាន ដោយរំលោភបំពានលើ MOU 2000 និងច្បាប់អន្តរជាតិនានា។
– ការលើកឡើងរបស់ភាគីថៃអំពី «ស្វ័យការពារ» គឺពុំមានមូលដ្ឋានសម្អាងអ្វីសោះឡើយ។ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្រាន់តែបានធ្វើសកម្មភាពឆ្លើយតបដោយសមស្របដើម្បីការពារនូវអធិបតេយ្យភាព និងប្រជាពលរដ្ឋស៊ីវិលរបស់ខ្លួន បន្ទាប់ពីមានការទន្ទ្រានចូល និងការបាញ់ផ្លោងរបស់ភាគីថៃ
– ការលើកឡើងរបស់ថៃដែលថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិត គឺជាការប៉ុនប៉ងដើម្បីបង្វែងកំហុង និងគេចវេះពីការទទួលខុសត្រូវលើការរំលោភបទឈប់បាញ់របស់ខ្លួនតែប៉ុណ្ណោះ។
– កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាពុំដែលយកជនស៊ីវិលជាគោលដៅរបស់ខ្លួនដូចដែលថៃបានចោទនោះទេ។
– កម្ពុជានៅតែគោរពបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងបន្តប្ដេជ្ញាចិត្តគោរពកិច្ចព្រមព្រៀងនេះ តាមរយៈយន្តការរបស់អាស៊ាន។

ជាមួយគ្នានេះដែរ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ទៅកាន់ភាគីថៃវិញលើចំណុចមួយចំនួនដូចខាងក្រោម៖
– ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបង្ករឿងរបស់ថៃ និងទាមទារឲ្យថៃគោរពអធិបតេយ្យភាពរបស់កម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងបណ្ដាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ។
– សូមឲ្យបញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា ហើយនិងសកម្មភាពជាឯកតោភាគីដែលនឹងធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល និងធ្វើឲ្យភាពតានតឹងមានការកើនឡើងថែមទៀត។
– សូមធ្វើឲ្យមានភាពស៊ីគ្នារវាងការប្រកាសជាសាធារណៈនូវការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្ដែងតាមរយៈការអនុវត្តដោយសុទ្ធចិត្តនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
– សូមឲ្យចៀសវាងពីការធ្វើឲ្យមានភាពតានតឹងកើនឡើងថែមទៀត ហើយនិងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលគំរាមកំហែងទៅដល់សន្តិសុខដែលផុយស្រួយ ហើយនិងស្ថិរភាពនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។
– កម្ពុជាសូមអះអាងជាថ្មីម្ដងទៀតនូវការតាំងចិត្តដោយឥតងាករេរបស់ខ្លួន ក្នងការដោះស្រាយរាល់បញ្ហាទាំងអស់តាមរយៈការដោះស្រាយដោយសន្តិវិធី សមស្របទៅតាមច្បាប់អន្តរជាតិ និង MOU 2000 ព្រមទាំងកិច្ចព្រមព្រៀងឈប់បាញ់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព

សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយឧត្តមសេនីយ៍​ផុតលេខផ្កាយមាស៥​ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នាថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០២៥នេះ​ បានបង្ហោះសំណេរតាមបណ្តាញសង្គមផ្លូវការ​ ក្នុងន័យដើមទាំងស្រុងដូចតទៅ៖

ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថាខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។

មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។

សម្រាប់ការបញ្ជាកងទ័ពសូមមើលព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជាដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។

ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?

សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រលើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។

តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។

សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ចេញទស្សនៈថា ថៃកាន់តែលង់ខ្លួនក្នុងច្បាប់អន្តរជាតិ.

ការបញ្ជូនកម្លាំងកាន់អាវុធគ្រប់ដៃ និងគ្រឿងចក្រ ចូលក្នុងតំបន់អានសេះ និងតំបន់ផ្សេងទៀត ហើយថែមទាំងបានរាយបន្លាលួស ដែលជាដែនអធិបតេយ្យរបស់កម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បើទោះបីជាកងកម្លាំងកម្ពុជាហាមឃាត់យ៉ាងខ្លាំងខ្លាក៏ដោយនោះ គឺ ថៃខ្លួនឯងទេ៖

១.ថៃកំពុងដើរចូលអន្ទាក់ច្បាប់អន្តរជាតិកាន់តែជ្រៅទៅៗ ជាប្រៀបឈ្នះរបស់កម្ពុជានៅតុលាការអន្តរជាតិ។ យើងអនុវត្តយុទ្ធសាស្ត្រ«បន្លាយខ្សែឱ្យវែងចាប់ត្រីធំ»។ ថៃគឺជាត្រី ដែលកម្ពុជាអង្គុយស្ទូច និងរង់ចាំវាត់។

២.ថៃប្រឈមនឹង«បទឈ្លានពានរដ្ឋអធិបតេយ្យ»តាមច្បាប់អន្តរជាតិ។ សូមចាំថា រាល់ប្រតិបត្តិការយោធាលើបូរណភាពដែនដីរដ្ឋដទៃ ដោយគ្មានការយល់ព្រម គឺជាការឈ្លានពាន។ សកម្មភាពនេះ ជាភស្ដុតាងដែលថៃពិបាករកមេធាវីសម្រាលបន្ទុក និងត្រូវចារក្នុងប្រវត្តិសាស្ត្រថា ជាប្រទេសប្រព្រឹត្តិបទឈ្លានពានរដ្ឋដទៃ ដែលជាឧក្រិដ្ឋកម្មអន្តរជាតិ។

៣.ថៃកាន់តែបង្ហាញថា ខ្លួនបំពានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ នាថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយតម្រូវឱ្យឈប់បាញ់ដោយឥតលក្ខខណ្ឌ ហាមប្រាមចល័ត បង្កើនកម្លាំង យុទ្ធោបករណ៍ និងជាការប្រមាថ សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងអនុព័ន្ធយោធានានា ព្រមទាំងបណ្ដាអង្គទូតជាច្រើន ដែលបានចុះទៅអង្កេតការអនុវត្តបទឈប់បាញ់។

៤.ថៃប្រតិបត្តិការយោធាលើអធិបតេយ្យភាពរបស់កម្ពុជានេះ គឺជាការបង្កលេសសង្គ្រាម និងគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅតាមតំបន់បណ្តោយព្រំដែននៃប្រទេសទាំងពីរ។

៥.ថៃប្រតិបត្តិការយោធាលើដែនអធិបតេយ្យរបស់កម្ពុជានេះ គឺកាន់តែត្រដាងកេរ្តិ៍កណ្ដាលវាលប្រាប់អន្តរជាតិថា អ្វីៗ គឺសុទ្ធតែខ្លួនជាអ្នកចាប់ផ្ដើមមុនរហូតមក«​ Thai Attacked First​ »។

យើងបញ្ជាក់ជាថ្មីថា កម្ពុជាទើបតែបានរៀបចំនូវដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេស ប្រចាំនៅកម្ពុជា ទៅកាន់តំបន់អានសេះដែលជាដែនដីរបស់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ យើងបន្តអត់ធ្មត់ មិនចាញ់ឧបាយអមិត្ត តែប្រមូលភស្ដុតាង បម្រើសំណុំរឿងនៅតុលាការអន្តរជាតិ។ យើងខាំមាត់សង្កត់ចិត្ត«សង្ងំមិនមាត់ដូចពស់ ចាំចឹកសម្លាប់»តែម្ដង ដូចដែល សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍កន្លងទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាបានដឹកនាំសហការស្រាវជ្រាវ និងបង្ក្រាបករណីឃាតកម្ម ដែលប្រទះឃើញសពនៅស្រុកកោះធំ ខេត្តកណ្ដាល។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីបាត់ខ្លួនជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ជនរងគ្រោះចំនួន២នាក់ខាងលើ ត្រូវបានគេប្រទះឃើញសាកសព ដែលត្រូវគេសម្លាប់រួចយកទៅទម្លាក់នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយពីមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមមាន៖

*១៖ ឈ្មោះ REN JIASHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ JIANG BAO ភេទប្រុស អាយ៤៨ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ YE YIYONG ភេទប្រុស ជនជាតិចិន។ ឃាត់ខ្លួនត្រង់ចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៧៖២០នាទី បន្តឃាត់ខ្លួនបានជនសង្ស័យ៤នាក់ទៀត រួមមាន៖
*១៖ ឈ្មោះ HUANG YONG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
*២៖ ឈ្មោះ XIONG QANG HAI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន
*៣៖ ឈ្មោះ CHAN XING ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន
*៤៖ ឈ្មោះ LAI GUO QIANG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ ត្រង់ចំណុច បុរិពិភពថ្មីឈូកវ៉ា2 សង្តាត់កាកាប2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ សីហា ២០២៥

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។

សម្តេចបានបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងអនុវត្តកិច្ចការយ៉ាងសកម្ម ដើម្បីស្វែងរកដំណោះស្រាយជួយសង្រ្គោះកងទ័ពកម្ពុជា ចំនួន ១៨នាក់ ដែលត្រូវបានភាគីថៃចាប់ខ្លួន បន្ទាប់ពីមានការព្រមព្រៀងឈប់បាញ់។ ការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ត្រូវបានបញ្ជាក់ថា ជាជំហានបន្ទាប់ក្នុងការអភិវឌ្ឍការទំនាក់ទំនង និងការជួយសង្រ្គោះផ្នែកមនុស្សធម៌។

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាក់ទងទៅកាន់បណ្តាមេបញ្ជាការកងទ័ព នៅតំបន់ខាងមុខ ដើម្បីជំរុញឲ្យគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមានការរំលោភនឹងសន្ធិសញ្ញាព្រំដែនពីភាគីម្ខាងទៀត។
សម្តេចតេជោ ក៏បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ស្ករ Starbucks ដោយបានថ្លែងថា៖ «ថ្ងៃមុន Starbucks ស្ករ ១០០% ថ្ងៃនេះ Starbucks ស្ករ ៣០% ហើយនឹងឈានទៅស្ករ ០% ដើម្បីបង្ការជំងឺទឹកនោមផ្អែម»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៥

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ចប់តំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ សីហា ២០២៥

សម្ដេចតេជោ សម្រេចឱ្យបណ្ដេញ លោកស្រី ធី សុវណ្ណថា ចេញពី គណបក្សប្រជាជនកម្ពុជា និងបញ្ចប់មុខតំណែងពីអភិបាលរងក្រុងអរិយក្សត្រ និងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់តែម្ដង

សម្ដេចតេជោហ៊ុន សែន៖ យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុងទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បាន
បង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យ
លុបចោលនៅអត្ថបទ២កាលពីប៉ុន្មាន
ថ្ងៃមុន។
ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់
កងទ័ពក្នុងពេលកងទ័ពកំពុងការពារ
ទឹកដី។
ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាល ឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ សីហា ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេចមួយ បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍អន្តរជាតិមកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលក្រុមការងារនេះ គឺបានបង្ហាញអំពីឆន្ទៈច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា និងការត្រៀមខ្លួនជាស្រេចក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា សមាសភាពក្រុមការងារសម្របសម្រួលនេះ រួមមាន៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិជាប្រធាន និងឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាអនុប្រធាន និងទី៣ ឯកឧត្តមឧត្តមសេនីយ៍ រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រួសួងការពារជាតិ ជាអនុប្រធាន ព្រមទាំងរួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត ជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ និងនាយទាហានជាន់ខ្ពស់មួយចំនួនទៀតជាថ្នាក់ដឹកនាំមកពីក្រសួងការពារជាតិផង និងមកពីអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាសមាជិកផងដែរ។

ជាមួយគ្នានោះផងដែរ លោកជំទាវឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារសម្របសម្រួល គឺដើម្បីផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ សីហា ២០២៥

 

សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។

នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឲ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឲ្យមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។

ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ កក្កដា ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ កម្ពុជានៅបន្តរក្សាការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងនោះទេ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា បានថ្លែងថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលការណ៍ស្នូលកិច្ចព្រមព្រៀងរួមមាន ការឈប់បាញ់ជាបន្ទាន់ ការរក្សាទីតាំងទ័ព មិនបង្កើនទ័ព និងសព្វាវុធ ហើយកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមចំណែកឱ្យអស់លទ្ធភាព ដើម្បីឱ្យទទួលបានលទ្ធផលកាន់តែវិជ្ជមានថែមទៀត។

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ដែលប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះផងដែរ លោកជំទាវ បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបន្តដឹកនាំបន្ទាប់ពីសម្តេចតេជោ គឺនៅបន្តរក្សាសន្តិភាពដោយឈរលើអភិក្រម នោះគឺការតម្កល់អាយុជីវិត សេចក្តីសុខ ផលប្រយោជន៍របស់ប្រជាជនគ្រប់ៗរូបខ្ពស់បំផុត។ គោលដៅសំខាន់បំផុតរបស់កម្ពុជា គឺនៅតែបន្តការពារទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងការពារសន្តិភាពដោយមិនអនុញ្ញាតឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ ដូចអ្វីដែលកម្ពុជាបានកំពុងខិតខំប្រឹងប្រែងចរចាររកសន្តិភាពនាពេលបច្ចុប្បន្ននេះផងដែរ។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងបញ្ជាក់ថា សូមប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមតំបន់ព្រំដែន ដើម្បីការពារទឹកដីយ៉ាងមុះមុតក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ កក្កដា ២០២៥

សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ

សូមនិយាយលេងបន្ធូរអារម្មណ៍ជាមួយបងប្អូនបន្តិច (ដោយសារសមរភូមិមុខមានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់មិញ តាមស្មារតីនៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ីម្សិលមិញ) ÷

ល្ងាចមិញជំនួយការខ្ញុំម្នាក់ផ្ញើសារប្រាប់ខ្ញុំថា គាត់ឃើញខ្ញុំដូចកើនអាយុ ៥ឆ្នាំ ក្នុង ៥ថ្ងៃនេះ ដោយសារឃើញមុខរៀងស្លក់ ហើយសក់ស្កូវច្រើន😅 មានម្នាក់ទៀតអោយយោបល់ថា ខ្ញុំគួរលាបសក់កុំអោយមើលទៅចាស់ពេក។ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ។

អារម្មណ៍របស់ខ្ញុំទាំងអស់នៅអំឡុងពេលនេះ គឺនៅជាប់ជាមួយនឹងកិច្ចការធំៗមួយចំនួន ÷ តាមដានស្ថានការណ៍សមរភូមិមុខ និងដោះស្រាយគាំទ្រដល់កងកម្លាំងរបស់យើងដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដី, រៀបចំគោលនយោបាយសម្រាប់យុទ្ធជនរបួស-ពលីឱ្យបានសមរម្យ, ដោះស្រាយសុខទុក្ខរបស់បងប្អូនជនភាសសឹករាប់សែននាក់, ដោះស្រាយបញ្ហាពលករដែលត្រលប់មកវិញជាគំហុកពីប្រទេសថៃ។ល។

បញ្ហាគន្លឹះសម្រាប់ខ្ញុំក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់ការប្រយុទ្ធគ្នាឲ្យបានឆាប់ជាទីបំផុត ដើម្បីជួយសង្គ្រោះជីវិតមនុស្សទាំងកងកម្លាំងប្រដាប់អាវុធនិងប្រជាជនស៊ីវិលដែលរស់ក្នុងតំបន់ប្រយុទ្ធគ្នា កុំឲ្យបន្តស្លាប់និងរងរបួស។ ការឈប់ប្រយុទ្ធគ្នាកាន់តែឆាប់ ក៏អាចឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដូចជាជនភាសសឹក អាចវិលត្រឡប់ទៅទីលំនៅរបស់ពួកគាត់និងធ្វើការងារចិញ្ចឹមជីវភាពរស់នៅជាប្រក្រតីវិញកាន់តែឆាប់ដែរ។

ក្នុងស្ថានភាពប្រទេសជាតិ និងប្រជាជនកំពុងជួបការលំបាកបែបនេះ រូបខ្ញុំមើលទៅចាស់បន្តិចដោយសារសក់ស្កូវមិនអីទេ។ ហើយបើទោះបីជាមើលទៅចាស់បន្តិច កម្លាំងខ្សោយជាងកាលពី១០ឆ្នាំមុនបន្តិច ប៉ុន្តែកម្លាំងចិត្តក្នុងការប្រឈមដោះស្រាយបញ្ហា ចំពោះមុខទាំងអស់គឺនៅតែខ្លាំងដដែល។

ចាំដោះស្រាយបញ្ហាទាំងអស់នោះបានចប់ ហើយកងទ័ពនិងប្រជាជនបានសេចក្តីសុខ ប្រទេសជាតិបានទទួលនូវសុខសន្តិភាពវិញសិន ចាំលាបសក់ក៏មិនអីដែរ😅

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page5 Page6 Page7 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×