ខេត្តបន្ទាយមានជ័យ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបាន ជនដៃដល់ឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនដៃដល់ត្រូវចាប់ខ្លួនបាននៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាន អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
បច្ចុប្បន្នជនដៃដល់កម្លាំងជំនាញកំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីត្រៀមបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់ការបន្ដតាមនីតិវិធី។ ទោះជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់បញ្ជាក់អំពីមូលហេតុនៅឡើយ៕ដោយនាគខៀវ