ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនក្រុមចោរ
ចោរឆក់កាបូប០៦នាក់។
លោកវរសេនីយ៍ឯក ហង្សសូផាតភីរម្យ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងនៅព្រឹកនេះថាដោយទទួលបានផែនការការពារ និងល្បាតក្នុងខេត្តសៀមរាបជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌខេត្តសៀមរាប នៅថ្ងៃទី៣១ខែមីនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានល្បាតតាមគោលដៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតាមបណ្តឹងស្ត្រីម្នាក់ករណីឆក់កាបូបនៅតាមផ្លូវទៅអង្គរវត្ត។ក្នុងនោះកម្លាំងរបស់លោក បានដេញប្រផាប់ចាប់ប្រផីងបណ្តាលឲ្យជនសង្ស័យម្នាក់ធ្លាក់ពីលើម៉ូតូ ឯ២នាក់ទៀតរត់រួចខ្លួន។ជនសង្ស័យដែលឃាត់បាននោះ ឈ្មោះដោ រ៉ូស៊ីញ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
លោកបន្តថា លុះដល់ថ្ងៃទី០១ ខែមេសា ម្សិលមិញ នគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបើកការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់បន្ថែមដែលជាបក្ខពួកនិង ជនដៃដល់ខាងលើ។
ជនសង្ស័យទី១ ឈ្មោះ សេង ដាវី ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប ។
ទី២ឈ្មោះ ចាន់សុធា ភេទប្រុសអាយុ១៧ឆ្នាំស្នាក់នៅភូមិតាភុលសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីឆក់កាបូប។
ទី៣ ឈ្មោះ រិទ្ធី ឡាយហួ ភេទប្រុសអាយុ១៦ ឆ្នាំស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គំក្រុងសៀមរាប ករណីឆកកាបូប។
ទី៤ ឈ្មោះ ហឿត សុផាត ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ករណីឆក់កាបូប ។
ទី៥ឈ្មោះ ឆោម រតនា ភេទប្រុសអាយុ២៨ ឆ្នាំស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ករណីឆក់កាបូប ។
លោកបញ្ជាក់ថា សម្ភារៈបាត់បង់មានដូចជា៖+ កាបូបស្ពាយពណ៌ខ្មៅមានខ្សែដែកពណ៌ស + ទូរសព្ទដៃម៉ាកវីវ៉ូពណ៌ក្រហមមួយគ្រឿង + ទូរសព្ទដៃម៉ាក់អិនចុចពិលមួយគ្រឿង
+ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១+ ប័ណ្ណបសសចំនួន១និងសម្ភារៈមួយចំនួនទៀត និងលុយ។
លោកបន្ថែមថា ដកហូតជាក់ស្ដែងមកវិញមានដូចជា៖១ទូរស័ព្ទដៃមួយគ្រឿងម៉ាក vivo ក្រហមក្រមៅ មួយគ្រឿងដែលជារបស់ជនរងគ្រោះ,កាតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១ ដែលជារបស់ជនរងគ្រោះ។ កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួនមួយដែលជារបស់ជនរងគ្រោះ។
តាមចម្លើយសារភាពរបស់ពួក ជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាពួក ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបនៅក្នុងក្រុងសៀមរាប ពិតប្រាកដមែន។
ករណីនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការបន្តតាមផ្លូវច្បាប់។
ចំណែកសម្ភារៈដែលជារបស់ជនរងគ្រោះបាន ប្រគល់ជូនជនរងគ្រោះវិញហើយ៕SRP