ខេត្តសៀមរាប៖ភ្នាក់ងារ”ដឺបេ”យោធាម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ នាំខ្លួនទៅសាកសួរ ករណីជំរិតទារប្រាក់៣០០ដុល្លារ ពីអ្នកដឹកឈើកែឆ្នៃ។ការនាំខ្លួនធ្វើឡើងកាលពីល្ងាចថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។
លោកវរសេនីយ៍ត្រី ឈា សាវុធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី១១ខែមេសាម្សិលមិញថា ពិតជាមានការនាំខ្លួន មន្ត្រីយោធា”ដឺបេ” ជើងគោក យកទៅសាកសួរមែន។ ការនាំខ្លួនជនខាងលើ គឺធ្វើឡើងតាមបណ្តឹងពលរដ្ឋម្នាក់ឈ្មោះ ខុំ វ៉ា រស់នៅភូមិអូរអាកុក ឃុំតាសៀម ស្រុកស្វាយលើ ជាអ្នកដឹកគ្រឿងសង្ហារឹម (ទ្វារបង្អួច)។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើ បញ្ជាក់ថាជនសង្ស័យដែលបាននាំខ្លួននេះឈ្មោះប៉ាវ ទិត្យណារ៉ុង ភេទប្រុសជាមន្ត្រីយោធា”ដឺបេ”ជើងគោក ឈរជើងជាមួយអង្គការបរិស្ថានក្នុងមូលដ្ឋានស្រុកស្វាយលើ។ ជនខាងលើបានបើកឡានដេញស្ទាក់ឡានដឹកសិប្បកម្ម នៅជិតប្រាសាទបឹងមាលា រួចហើយសម្លុតទារប្រាក់ចំនួន៣០០ដុល្លារ។ ពេលនោះជនរងគ្រោះនិយាយថា គាត់គ្មានលុយទេនៅសល់តែ៥០ម៉ឺនរៀលទេ។ តែឈ្មោះណា រ៉ុង មិនព្រមហើយក៏បានដកយកអត្តសញ្ញាណប័ណ្ណពីជនរងគ្រោះទុកសិន ដោយនិយាយថា ពេលយកទ្វារទៅលក់បានលុយ យកមកឲ្យគាត់គ្រប់ចំនួន ទើបគាត់ឲ្យអត្តសញ្ញាណប័ណ្ណនោះវិញ។ សកម្មភាពរបស់ជនខាងលើ ទើបជនរងគ្រោះមកប្តឹងនៅសាលាស្រុកស្វាយលើ ឲ្យជួយអន្តរាគមន៍។
លោកមេបញ្ជាការបានបញ្ជាក់បន្ថែមថា ភ្លាមៗនោះលោកអភិបាលស្រុកក៏បានបញ្ជារទៅកម្លាំងចម្រុះ ចុះតាមឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសាកសួរនៅទីបញ្ជារការអាវុធហត្ថស្រុកស្វាយលើ។
បើតាមមេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយលើថា ដោយមានការសុំចរចារសម្រួលនិងសងប្រាក់៥០ម៉ឺនរៀលទៅជនរងគ្រោះ សមត្ថកិច្ចបានអប់រំ ជនខាងលើនិងធ្វើកិច្ចសន្យាបញ្ឍប់សកម្ម បើកឡានដេញស្ទាក់ជំរិតទារលុយតទៅទៀតនិងដោះលែងជនខាងលើវិញ។
ជំវិញករណីនេះអភិបាលស្រុកស្វាយលើលោកអ៊ាង ពិសិទ្ធ បានថ្លែងថា ពេលនេះលោកកំពុងសុំគោលការណ៍ទៅថ្នាក់ខេត្ត ដើម្បីចាត់វិធានការចំពោះការលើកស្នាក់ការអង្គការ និងការប្រដេញស្ទាក់ក្នុងមូលដ្ឋានស្រុក។ ព្រោះថា ការដាក់ស្នាក់ការដើម្បីប្រដេញស្ទាក់ គឺបង្កបញ្ហាដល់ពលរដ្ឋអោយភ័យខ្លាច ផ្ទុយពីគោលការភូមិឃុំមានសុវត្ថិភាព។ ចឹងទេករណីដូចខាងលើនេះ នឹងមិនអោយមាននៅក្នុងមូលដ្ឋានស្រុកទៀតឡើយ។
ចំណែកលោក ប៉ាវ ទិត្យណារ៉ុង បុគ្គលដែលកម្លាំងប៉េអឹមស្រុកស្វាយលើនាំខ្លួនយកទៅធ្វើកិច្ចសន្យា ករណីជំរិតទារប្រាក់ បានប្រាប់តាមទូរសព្ទ័ថា ពិតជាមានករណីចឹងមែន។ តែមិនមែនរូបលោកតែម្នាក់ទេ គឺមានលោកប្រធានស្នាក់ការ អង្គការការពារបរិស្ថាននិងសិទ្ធិពលរដ្ឋកម្ពុជាឈ្មោះ សំ សុខ ម្នាក់ផង។ លោកបន្តថា រឿងនេះតាមពិតពួកគេចង់ធើស៊ីរូបលោក។ ព្រោះអ្នកដឹកឈើដែលបានប្តឹងនោះ ពឹងលោកអោយយកលុយទាំងនោះចែកជូនសមត្ថកិច្ចផ្សេងផង។
លោកណារ៉ុងថា លោកមិនទាន់ទទួលបានលុយទាំងអស់នោះទេ ដោយម្ចាស់ឈើមិនមានលុយឲ្យ។ ប៉ុន្តែម្ចាស់ឈើ បានទុកឲ្យអត្តសញ្ញាណប័ណ្ណនិងប័ណ្ណបើកបរមករូបលោកដើម្បីទុកចិត្តគ្នា។លុះព្រឹកឡើងហៅរូបលោកទៅយកលុយគឺបានតែ៥០ម៉ឺនរៀលប៉ុណ្ណោះក៏ត្រូវសមត្ថកិច្ចឃាត់រូបលោកតែម្តង។
លោកប៉ាវ ទិត្យណារ៉ុង បញ្ជាក់ថា តាមពិតរូបលោកពុំមែនជាមន្ត្រីយោធា”ដឺបេ”នោះទេគឺគ្រាន់តែជាភ្នាក់ងារប៉ុណ្ណោះ។ លោកក៏គ្មានស្នាក់ការអីដែរ រាល់ថ្ងៃរូបលោកចេញចូលនិងស្នាក់នៅជាមួយស្នាក់ការអង្គការ ការពារបរិស្ថាននិងសិទ្ធិពលរដ្ឋ ដែលមានទីតាំងក្នុងស្រុកស្វាយលើនេះឯង។ លោកទទួល ស្គាល់ថាពិតជាបានទទួលលុយ៥០ម៉ឺនរៀលពីអ្នកដឹងឈើនោះមែន។ តែយ៉ាងណារឿងនោះចប់ហើយ ព្រោះអោយលុយ៥០ម៉ឺនរៀលទៅគេវិញហើយ។
សូមបញ្ជាក់ថា ក្នុងមូលដ្ឋានស្រុកស្វាយលើ នាពេលបច្ចុប្បន្ន ពោពេញដោយការពួនប្រដេញស្ទាក់។ក្នុងនោះក៏មានស្នាក់ការ អង្គការបរិស្ថាន ស្នាក់ការសមត្ថកិច្ចមួយចំនួនជាដើម។ ដែលស្នាក់ការខាងលើនេះ គឺជាដើមចម នៃប្រភព ការដាក់ឡានចាំប្រដេញទារប្រាក់។ក្រៅពីនោះក៏មានក្រុមប្រដេញស្ទាក់ ពីអង្គភាពផ្សេងៗទៅកកកុញ ចាំប្រដេញដូចគ្នាផងដែរ ដោយសាទី នោះ ជាតំបន់ដឹកជញ្ជូនឈើខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់។តែទោះយ៉ាងណា គេរំពឹងថា អាចនឹងមិនមានស្នាក់ការ ឬ ក្រុមជជុះ ចាំប្រដេញស្ទាក់ទៀតនោះឡើយ ក្រោយអភិបាលស្រុក សុំគោលការថ្នាក់ខេត្តចាត់វិធានការ៕SRP