ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅព្រឹកមិញបានចុះត្រួតពិនិត្យកម្លាំងចម្រុះ
ដែលកំពុងឈរជើងនៅព្រំប្រទល់ខេត្តសៀមរាបនិងខេត្តឧត្ដរមានជ័យ ក្នុងភូមិសាស្រ្តស្រុកស្រីស្នំ។
លោកទៀ សីហា អភិបាលខេត្តសៀមរាប បានសម្ដែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះដែលកំពុងប្រចាំការនៅគោលដៅនេះ ដែលបានយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច តាមតួនាទីរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តនូវបទបញ្ជាលេខ០២ របស់រាជរដ្ឋភិបាលកម្ពុជា បានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលបច្ចុប្បន្ននេះ កំពុងកើតមានឡើងនៅលើសកលលោក បណ្ដាលឲ្យស្លាប់មនុស្សរាប់ម៉ឺននាក់ ។
អភិបាលខេត្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលទើបត្រឡប់
មកពីប្រទេសថៃ នៅស្រុកស្រីស្នំ ចំនួន១៧នាក់ ដែលកំពុងស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃនៅសាលាអនុវិទ្យាល័យប្រីយ៍ ក្នុងឃុំប្រីយ៍ព្រមទាំងចែកអំណោយផងដែរ។
លោកទៀ សីហា បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមស្ដាប់តាមការណែនាំរបស់មន្ត្រីសុខាភិបាល ព្រោះថាប្រសិនបើយើងគ្មានជំងឺ ក្រុមគ្រួសារយើង និង សហគមន៍យើង ក៏មិនមានជំងឺដែរ ដូច្នេះស្ថិតក្នុងដំណាក់កាលនៃសកលលោកកំពុងកើតមានជំងឺកូវីដ១៩នេះ សូមបងប្អូនទាំងអស់ត្រូវចេះអំពីវិធីការពារការឆ្លងជំងឺកូវីដ១៩ ដូចជា ៖ លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុលលាងដៃ , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ , ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ , ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ , ត្រូវចម្អិនសាច់ ឬស៊ុតឱ្យបានឆ្អិនល្អ និង ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វ ដោយគ្មានពាក់សម្ភារការពារខ្លួន។
សូមបញ្ជាក់ដែរថា លោក ទៀ សីហា ក៏បានជូនថវិកាមួយចំនួនដល់កងកម្លាំងចម្រុះ និងគ្រឿងឧបភោគបរិភោគ
ដល់មេភូមិ អនុភូមិ និង សមាជិកភូមិទាំងអស់ក្នុងស្រុកស្រីស្នំ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២០