Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ប៊ុន វិចត្រ 25 November 2025 · Image
···

នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅថ្ងៃអង្គារនេះ បានបង្ហោះសារជូនចំពោះបងប្អូនជនរួមជាតិ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសរសេរថា៖

បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។

ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។  ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧  និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន÷

១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ?

ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។

ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 20 November 2025 · Image
···

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារសោកស្តាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ

ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។

ខ្ញុំក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់។ ជាមួយគ្នានេះ ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។

សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍។ ខ្ញុំយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចខ្លះៗ ដូចខាងក្រោម៖
– កុំបើកបរហួសល្បឿនកំណត់ ៖ ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ
– កុំបើកបរក្នុងស្ថានភាពស្រវឹង ៖ គ្រឿងស្រវឹង បណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន
– ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់ ៖ ឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបាន ពេលមានគ្រោះថ្នាក់
– កុំវ៉ាជែងដោយប្រថុយប្រថាន ៖ ត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថាមិនមានគ្រោះថ្នាក់
– ប្រកាន់ស្តាំជានិច្ច ៖ ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។

ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់៖
– យុទ្ធនាការអប់រំ ៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយដល់សាធារណជន ពិសេសតាមសហគមន៍ និងសាលារៀន
– ត្រួតពិនិត្យយានយន្ត ៖ ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ
– កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អសភាពផ្លូវ។

សូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទ ចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា «កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ»៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 15 November 2025 · Image
···

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ឯកឧត្តម Donald J. Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃសៅរ៍នេះបានបង្ហោះថា នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 5 November 2025 · Image
···

សម្តេចតេជោ ហ៊ុន សែន៖ ការថៃបិទព្រំដែនកន្លងមកនេះ មិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT)។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រក ព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះ ឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជម្រុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃនិងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 31 October 2025 · Image
···

អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញលទ្ធផលស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញបាយការណ៍វឌ្ឍនភាព នៃការស៉ើបអង្កេត និងស្ដាប់ចម្លើយរបស់លោក ស៊ាន បូរ៉ាត អតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាក់ព័ន្ធនឹងអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកប្រាក់រាប់លានដុល្លារ។

តាមរយៈរបាយការណ៍របស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី ACU បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ លោក កែវ នាថមុនី ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ និងថ្នាក់ដឹកនាំមន្ត្រី ក្នុងនាយកដ្ឋានបានដឹកនាំស៊ើបអង្កេតករណីលោក ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. ពាក់ព័ន្ធនឹងអតីត ឧកញ៉ា ឡេង ចាន់ណា។
ACU បានការស្តាប់ចម្លើយលោក ស៊ាន បូរ៉ាត ចំនួន១៥៧កំណត់ហេតុ (ក្នុងរយៈពេល៤២ថ្ងៃ), បានបើកមើលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ លោក ស៊ាន ប៊ូរាត និងបានជូនភរិយា លោក ស៊ាន បូរ៉ាត ប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ថែម ព្រមទាំងបានឆែកឆេរការិយាល័យធ្វើការរបស់លោក ស៊ាន បូរ៉ាត។

របាយការណ៍ដដែលបានបញ្ជាក់ថា លោក អ៊ុក សំណាង (ជំនួយការលោក ស៊ាន បូរ៉ាត) ក្នុងរយៈពេល២៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន១២៥កំណត់ហេតុ, លោក ស៊ិន សុខគា អតីតស្វាមី លោកស្រី ឡេង ចាន់ណា និងជាប្រធានក្រុមហ៊ុនពុះដីឡូតិ៍ ឈ្មោះ SMKN Sokea City Property ក្នុងរយៈពេល៣ថ្ងៃ ស្តាប់ចម្លើយ ៤២កំណត់ហេតុ។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា លោក ស ថាវី ក្នុងរយៈពេល១ថ្ងៃ ស្តាប់ចម្លើយបាន៨កំណត់ហេតុ, អ្នកស្រី ធាម លីណា (ភរិយា លោក ស ថាវី) ក្នុងរយៈពេល៤ថ្ងៃ បានស្តាប់ចម្លើយ ចំនួន៣២កំណត់ហេតុ។

ក្នុងរយៈពេល៤ថ្ងៃ (៨-១១ ខែកញ្ញា ឆ្នាំ ២០២៥) ក្រុមការងារលោក កែវ នាថមុនី ជាច្រើនក្រុមបានចុះទៅពន្ធនាគារខេត្តសៀមរាប ដើម្បីស្តាប់ចម្លើយជនត្រូវចោទ ១០រូប សរុបមានចំនួន ៤៥៤កំណត់ហេតុ ស្តាប់ចម្លើយ
១៖ឡេង ចាន់ណា ១១៣កំណត់ហេតុស្តាប់ចម្លើយ,
២៖ ចាន់ ឃឹម ៨៤កំណត់ហេតុស្តាប់ចម្លើយ, ៣៖ ផុន សាមាន ៥៦កំណត់ហេតុស្តាប់ចម្លើយ, ៤៖ ពិត សុថារិទ្ធ ១០កំណត់ហេតុស្តាប់ចម្លើយ, ៥៖ ប៊ី ពិសិដ្ឋ ៣៨កំណត់ហេតុស្តាប់ចម្លើយ,
៦៖ អ៉ឹម ស្រីវុទ្ធ ៥០កំណត់ហេតុស្តាប់ចម្លើយ, ៧៖ សយ កុសល ២៥កំណត់ហេតុស្តាប់ចម្លើយ,
៨៖ រ៉េត សុធីតា ១៩កំណត់ហេតុស្តាប់ចម្លើយ, ៩៖ ស៊ាង អួន ៣៥កំណត់ហេតុស្តាប់ចម្លើយ និង១០៖ ឃុច ចំរើន ២៤កំណត់ហេតុស្តាប់ចម្លើយ។

សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន៣ រួមមាន៖ ១៖ បទឆបោកមានស្ថានទម្ងន់ទោស, ២៖ បទមិនបំពេញកាតព្វកិច្ចឧបករណ៍ ដែលអាចជួញដូរបាន និង៣៖ បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤។ បន្ទាប់មក លោកស្រីត្រូវបានប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍នេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៣ អាណត្តិទី៤ ក្រោមអធិបតីភាពរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. ដើម្បីឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី២ អាណត្តិទី៤, របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page4 Page5 Page6 … Page347 Next →

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!