Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ណែនាំដល់សិស្សត្រូវខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេឃុំម្នាក់ និងបក្ខពួក៣នាក់​ (ម្នាក់ចិន) ដែលដឹកនាំ​ រៀបចំទីតាំងឲ្យពួក​ Scams
នគរបាលខេត្តសៀមរាប តាមចាប់ចោរដល់កន្លែងដោះដូរផ្លាកលេខម៉ូតូ
អធិការក្រុងប៉ោយប៉ែត ច្រានចោលការបិទបាំងព័ត៌មាន និងថាជនបង្កត្រូវបានបញ្ជូនទៅចាត់ការតាមនីតិវិធីរួចហើយ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២៦

ប្រធានមណ្ឌលសុខភាពគោកចក៖ ការផ្ដល់សេវាសុខាភិបាលប្រកបគុណភាព និងសុវត្ថិភាព ជាផ្នែកមួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើវិស័យសុខាភិបាលរបស់រដ្ឋ

មណ្ឌលសុខភាពគោកចក បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ចំពោះអង្គភាពផ្ដល់សេវាសាធារណគំរូ ក្នុងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៥ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការកែលម្អអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។

លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យមណ្ឌលសុខភាពនេះ ទទួលបាននូវជ័យលាភីក្នុងឆ្នាំ២០២៥ ផ្ដោតជាសំខាន់ លើការគ្រប់គ្រង ដឹកនាំ និង ការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាព និង សុវត្ថិភាពដល់ប្រជាពលរដ្ឋ ក្នុងនោះ ក៏ដោយសារមានការគាំទ្រ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធជាច្រើនទៀត ជាពិសេសគឺការអនុវត្តបានទាំង៨ចំណុច របស់ក្រសួងមុខងារសាធារណៈ ដែលបានដាក់ចេញ សម្រាប់ការវាយតម្លៃ និង ទទួលស្គាល់បេក្ខភាពផ្ដល់សេវាសាធារណៈគំរូផងដែរ។

លោកស្រីបានឱ្យដឹងថា ក្នុងអាណត្តិលោកស្រី ជាប្រធានមណ្ឌលសុខភាពតាំងពីឆ្នាំ២០១៣មក លោកស្រី បានធ្វើកិច្ចសហការជាមួយអាជ្ញាធរខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាពឱ្យមានការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ រហូតទទួលបាននូវសមិទ្ធផលល្អប្រសើរនាពេលនេះ និង បានប្រែក្លាយពីមណ្ឌលសុខភាពដែលមិនសូវទទួលបាននូវជំនឿទុកចិត្ត មកជាទីកន្លែងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។

ប្រធានមណ្ឌលសុខភាពគោកចក បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការអភិវឌ្ឍន៍មណ្ឌលសុខភាពនេះ អ្វីដែលជាបញ្ហាប្រឈមបំផុតនោះគឺថវិកាក្នុងការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធ ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម មណ្ឌលសុខភាពក៏បានធ្វើការជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការកៀរគរថវិកា ពីសប្បុរសជននានា រហូតអាចសម្រេចបាននូវសមិទ្ធផលដូចសព្វថ្ងៃនេះ។

លោកស្រីក៏បានបង្ហាញនូវការតាំងចិត្ត ក្នុងការពង្រឹងគុណភាព និង ប្រសិទ្ធភាព លើការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពនេះ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីបង្កើននូវជំនឿទុកចិត្ត និង ឱ្យប្រជាពលរដ្ឋ ងាកមកទទួលសេវាសុខាភិបាលរបស់រដ្ឋកាន់តែច្រើនឡើង៕SRP

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២៦

កសិករនៅស្រុកអង្គរធំ រកចំណូលបន្ថែមពីការចិញ្ចឹមជ្រូក ដើម្បីបង្កើតប្រភពចំណូលបន្ទាប់រដូវធ្វើស្រែចម្ការត្រូវបានបញ្ចប់

ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ជាមុខរបរបន្ទាប់ពីការធ្វើស្រែចម្ការ របស់លោកស្រី ហ៉ិន គៅ ដែលលោកស្រីបានចាប់យកការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនេះ មានរយៈពេលយូរមកហើយ ដោយបច្ចុប្បន្នការចិញ្ចឹមនេះ មានចំនួនមេជ្រូកពូជចាស់ក្មេង ៧ក្បាល និងជ្រូកសាច់ចំនួន១២ក្បាល។

លោកស្រី ហ៉ិន គៅ បង្ហាញថា ភាពខុសគ្នារវាងការចិញ្ចឹមជ្រូកសាច់ និងជ្រូកមេ ការចិញ្ចឹមជ្រូកសាច់ មានភាពងាយស្រួល និងមិនសូវចំណាយកម្លាំងថែទាំច្រើននោះទេ ប៉ុន្តែត្រូវជួបប្រឈមនឹងការចំណាយដើមទុនខ្ពស់លើការទិញចំណីរោងចក្រ។ ចំណែកការចិញ្ចឹមជ្រូកមេយកកូន ថ្វីដ្បិតតែសន្សំសំចៃលើការកាត់បន្ថយដើមទុនបានច្រើន ដោយសារអាចច្នៃប្រើប្រាស់ដើមចេក ត្រាវ និងសំណល់ផ្ទះបាយយកមកដាំជាបបរឱ្យជ្រូកស៊ីដែលមានភាពនឿយហត់ជាងការទិញចំណីស្រាប់។

លោកស្រី បានឱ្យដឹងថា បន្ទាប់ពីរដូវធ្វើស្រែចម្ការ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនេះ អាចរកចំណូលបាន ទាំងការលក់ចេញជាសាច់ និង ការលក់កូនពូជ ដែលការលក់កូនពូជ មានការចំណេញច្រើនជាងការលក់ជ្រូកសាច់។

កសិករខាងលើបានឱ្យដឹងទៀតថា ការចិញ្ចឹមជ្រូកយកសាច់ មានភាពងាយស្រួល មិនសូវនឿយកម្លាំង ប៉ុន្តែមានការចំណាយច្រើនក្នុងការទិញចំណី។ ចំណែកឯការចិញ្ចឹមជ្រូកមេយកកូនវិញ មានការចំណាយតិច ប៉ុន្តែហត់នឿយកម្លាំង ក្នុងការហាន់ដើមចេក ត្រាវ និងការ ប្រមូលសំណល់ផ្ទះបាយ ដើម្បីដាំបបរ ដែលជាចំណីជ្រូកមេនេះ។ បន្ទាប់ពីការដាក់បា ជ្រូកមេចំណាយពេលចន្លោះជិត៤ខែដើម្បីកើតកូន ដោយកូនជ្រូកកើតបាន ១ខែ ទើបលោកស្រី អាចលក់ចេញបាន៕SRP

អត្ថបទ៖ លោក ឡាច ទីនផា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 4.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យបន្តអភិវឌ្ឍខេត្តប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឱ្យបន្តជំរុញការអភិវឌ្ឍខេត្តជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព និងចីរភាព ដោយយកចិត្តទុកដាក់លើការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម សំដៅធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ការលើកឡើងនេះធ្វើឡើងក្នុង វេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ចាមបានខិតខំជំរុញការអភិវឌ្ឍ និងលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន ព្រមទាំងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ក៏ជំរុញការធ្វើធុរកិច្ច និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីសម្រេចបាននូវគោលដៅខាងលើ ខេត្តកំពង់ចាមត្រូវការបង្កើនទំហំផលិតផលក្នុងស្រុកសរុប (GDP) ឱ្យស្ថិតក្នុងរង្វង់ ៥,០០០លានដុល្លារអាមេរិក និងធានាឱ្យប្រជាពលរដ្ឋម្នាក់ៗទទួលបានចំណូលជាមធ្យមក្នុងរង្វង់ ៤,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ ខេត្តកំពង់ចាមសម្រេចបានកំណើនសេដ្ឋកិច្ច ៦,១% ដោយមានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣,០៧៦លានដុល្លារអាមេរិក។ សេដ្ឋកិច្ចខេត្តកំពង់ចាមពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម មានចំណែកប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត វិស័យឧស្សាហកម្ម មានចំណែកប្រមាណ ៣៣,៤% និង វិស័យសេវាកម្ម មានចំណែកប្រមាណ ២៧,៦%។

ដោយឡែក ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ (GDP per capita) ក្នុងខេត្តកំពង់ចាម មានចំនួនប្រមាណ ២,៨៣២ដុល្លារអាមេរិកក្នុងមួយឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៦

បញ្ជូននគរបាលម្នាក់ទៅកាន់តុលាការ ក្រោយផ្ទុះអាវុធអណ្ដាលឱ្យមានអ្នកស្លាប់

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅចំណុចចំការកៅស៊ូ ស្ថិតនៅក្នុងភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បង្កដោយជនសង្ស័យចំនួន ១នាក់ ឈ្មោះ ហោ សុវឌ្ឍនៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល បានប្រតាយប្រតបគ្នាជាមួយឈ្មោះ ជុំ ថ្នម ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិចំបក់ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពេលឈ្មោះ ហោ សុវឌ្ឍនៈ ឃាត់ខ្លួនឈ្មោះ ជុំ ថ្នម និងបក្ខពួក ពេលកំពុងធ្វើសកម្មភាពលួចជ័រកៅស៊ូនៅកន្លែងកើតហេតុខាងលើ បណ្ដាឲ្យផ្ទុះអាវុធ ១គ្រាប់ ត្រូវចំឈ្មោះ ជុំ ថ្នម ស្លាប់នៅនឹងកន្លែងកើតហេតុ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជន អំពីហេតុការណ៍ និងអំពីចំណាត់ការ ដូចខាងក្រោម៖

១- កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៣០ នាទី ឈ្មោះ ហោ សុវឌ្ឍនៈ កំពុងនៅអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលដំណឹងពីឈ្មោះ វី ចាន់ណេង ភេទស្រី អាយុ ២១ឆ្នាំ ដែលមានចំការកៅស៊ូ ជាប់នឹងព្រំចំការកៅស៊ូរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ថាមានចោរមួយក្រុម ភេទប្រុស មានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង កំពុងលួចបកជ័រកៅស៊ូក្នុងចំការរបស់ឈ្មោះ ហោ សុវឌ្ឍនៈ ក្រោយឮដូចច្នេះឈ្មោះ ហោ សុវឌ្ឍនៈ បានជិះម៉ូតូចេញទៅម្នាក់ឯងដោយយកអាវុធខ្លីម៉ាក K59 ទៅជាមួយ ពេលទៅដល់ពុំឃើញមានក្រុមចោរនៅក្នុងចំការនោះទេ និងបានជិះតាមរកស្រាប់តែឃើញក្រុមចោរនោះ កំពុងធ្វើសកម្មភាពលួចបកជ័រកៅស៊ូចំការអ្នកផ្សេងវិញ ទើបឈ្មោះ ហោ សុវឌ្ឍនៈ បានហៅឲ្យក្រុមចោរឈប់មកអង្គុយមួយកន្លែងតែក្រុមចោរនោះមិនស្ដាប់ឡើយ ហើយឈ្មោះ ហោ សុវឌ្ឍនៈ បានបាញ់គំរាម ១គ្រាប់(បាញ់ដី) បានមានចោរម្នាក់អង្គុយចុះ ម្នាក់ឈរ និងម្នាក់ទៀតអង្គុយលើម៉ូតូ ដែលមានឈ្មោះ ជុំ ថ្នម នោះមិនខ្លាចការគំរាម ក៏ស្ទុះចូលមកប្រតាយប្រតប ដណ្ដើមកំភ្លើងពីឈ្មោះ ហោ សុវឌ្ឍនៈ បណ្តាលឲ្យរាលកៃក៏ផ្ទុះកាំភ្លើងចំនួន ១គ្រាប់ ត្រូវចំស្មាស្ដាំធ្លាយចូល បៀមគ្រាប់ក្នុងទ្រូងខាងឆ្វេង ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯបក្ខពួកពីរនាក់ទៀត បានរត់គេចខ្លួនបាត់ ។

២-ក្រោយពិនិត្យសាកសព ក្រុមគ្រូពេទ្យជំនាញផ្នែកកោសល្យវិច័យ និងជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត សមត្ថកិច្ចបានក៏សាងសំណុំរឿង និងបញ្ជូនឈ្មោះ ហោ សុវឌ្ឍនៈ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកសាពសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

៣-ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំបែបបទ ដើម្បីស្នើសុំគោលការណ៍ អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះលោកវរសេនីយ៍ទោ ហោ សុវឌ្ឍនៈ ដែលបានល្មើសបទវិន័យនគរបាលជាតិកម្ពុជា ។

៤-បច្ចុប្បន្នឈ្មោះ ហោ សុវឌ្ឍនៈ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅពន្ធនាគារខេត្តត្បូងឃ្មុំ តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៩៨៤ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ របស់ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ មនុស្សឃាតដោយអចេតនា ។SRP

Like 197
Comment 0
Share ចែកចាយ
Views 26.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៦

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃនេះបានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ នីតិកាលទី៧ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន។

យោងតាមលិខិតចូលរួមរំលែកទុក្ខរបស់សម្ដេចតេជោ ជូនចំពោះមហាឧបាសិកា សុខ កែវ និងក្រុមគ្រួសារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោបានបញ្ជាក់ឱ្យដឹងថា ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងភរិយា និងក្រុមគ្រួសារ និងក្នុងនាមសម្ដេចផ្ទាល់ សម្ដេចពិតជាមានសេចក្តីតក់ស្លុត និងនឹកស្តាយ ស្រងោចចិត្ត ឥតឧបមាបន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត ថា ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ នីតិកាលទី៧នៃរដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវជាស្វាមីជាទីស្រលាញ់របស់ លោកជំទាវ បានទទួល មរណភាព។

ក្នុងឱកាសដ៏សោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខអាឡោះអាល័យឥតគណនា ចំពោះមរណភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាការបាត់បង់ដ៏ធំធេង នូវស្វាមី បិតា ជីតា សាច់ញាតិ សហការីប្រកបដោយថាមវន្ត និងតំណាងរាស្ត្រ ដ៏ឆ្នើមមួយរូប ដែលតែងតែបានលះបង់ស្ទើរពេញ មួយជីវិតរបស់ឯកឧត្តម បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនប្រកបដោយ ស្វាមីភ័ក្តិ និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅ។

ការចូលរួមអភិវឌ្ឍជាតិដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ កន្លងមក ជាពិសេស វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានា សន្តិសុខស្បៀង បង្កើតការងារ ជំរុញការនាំចេញផលិតផលកសិកម្ម កសិឧស្សាហកម្ម ការពារបរិស្ថាន និង ធនធានធម្មជាតិ។ ការណ៍នេះ គឺជាអនុភាគយុទ្ធសាស្ត្រដ៏ចាំបាច់មួយរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ព្រោះ វិស័យកសិកម្មមិនគ្រាន់តែជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជន្ទល់អាទិភាពទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ សំដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ គំរូវីរភាពរបស់ ឯកឧត្តម បណ្ឌិតសភាចារ្យ នឹងត្រូវបានចងចាំជានិច្ចនិរន្តរ៍។

យើងទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 5.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២៦

‎អាជ្ញាធរខេត្តសៀមរាប ធ្វើកិច្ចសន្យាដល់អាជីវករលក់សម្លៀកបំពាក់ដោយភ្ជាប់សំណេរអសុរោះ
‎
‎លោក លី សារី អភិបាលរងខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានដឹកមន្ត្រីនៃមន្ទីរជំនាញពាក់ព័ន្ធ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងមួយដែលបានដាក់តាំងលក់សម្លៀកបំពាក់មួយចំនួនក្នុងក្រុងសៀមរាប ដែលមានភ្ជាប់ជាមួយនូវពាក្យអសុរោះ និងមិនគួរគប្បី ដែលវាអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ មិនតែប៉ុណ្ណោះថែមទាំងទាញឱ្យគុណតម្លៃអក្សរសាស្ដ្រជាតិធ្លាក់ចុះផងដែរ។
‎
‎លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ការចុះណែនាំ និងធ្វើកិច្ចសន្យានេះ មិនមានគោលបំណងរារាំងដល់ការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករយើងនោះទេ ប៉ុន្តែជាការអប់រំ និងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយនូវខ្លឹមសារដែលមិនសមរម្យនៅក្នុងទីសាធារណៈ ពិសេសខ្លឹមសារដែលប្រើពាក្យអសុរោះ គ្រោតគ្រាត ឬប៉ះពាល់ដល់សីលធម៌ និងសុជីវធម៌របស់សង្គម។
‎
‎លោកបញ្ជាក់ថា សម្លៀកបំពាក់ជាវត្ថុដែលមនុស្សប្រើប្រាស់ជាប្រចាំ និងអាចបង្ហាញជាសាធារណៈបានយ៉ាងទូលំទូលាយ ដូច្នេះការបោះពុម្ពពាក្យពេចន៍ ឬសារដែលមិនសមរម្យលើអាវយឺត អាចធ្វើឱ្យកុមារ យុវជន និងសាធារណជនទូទៅ ទទួលយក ឬយល់ថាពាក្យទាំងនោះជារឿងធម្មតា។ ប្រសិនបើបន្តរីករាលដាល វាអាចបង្កឱ្យមានការធ្លាក់ចុះនៃសីលធម៌ សុជីវធម៌ និងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវក្នុងសង្គមយ៉ាងខ្លាំង។
‎ 
‎បើតាម លោក មេ សំបូ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា តាមរយៈការចុះត្រួតពិនិត្យជាក់ស្តែងនាពេលនេះ ក្រុមការងារបានរកឃើញអាវយឺតមួយចំនួនដែលមានបោះពុម្ពជាអក្សរ ដោយប្រើប្រាស់ពាក្យពេចន៍មិនសមគួរ ដែលអាចប៉ះពាល់ដល់តម្លៃសីលធម៌សង្គម។
‎….. សម្ភាសន៍ លោក មេ សំបូ……
‎ 
‎សូមបញ្ជាក់ថា ក្នុងសកម្មភាពចុះអប់រំណែនាំ និងត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញអាវយឺតចំនួន ៤៥អាវ ដែលមានបោះពុម្ពពាក្យពេចន៍អសុរោះ មិនសមរម្យ អសីលធម៌ និងមិនគួរគប្បី។ ករណីនេះត្រូវបានអាជ្ញាធរចាត់ទុកថា ជាខ្លឹមសារដែលអាចប៉ះពាល់ដល់សីលធម៌ សុជីវធម៌ និងតម្លៃវប្បធម៌ជាតិ ដូច្នេះអាជ្ញាធរបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង និងបន្តតាមដាន និងចាត់វិធានការសមស្របជាបន្តបន្ទាប់ទៀត ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងចែកចាយផលិតផលប្រភេទដែលប៉ះពាល់ដល់សង្គមផងដែរ៕SRP

អត្ថបទ៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 198
Comment 0
Share ចែកចាយ
Views 12.3K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

រឿងពាក់ មី៖ យកត្រីស្ទក់ មកចម្អិន អ្នកនាំពាក្យក្រសួងកសិកម្មថា តើប្រភេទត្រីយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ

ឯកឧត្តម ឃឹម ហ្វីណង់៖ ថ្មីៗនេះ មានការជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលលោក ពាក់ មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម។ ជាជាងការបន្តដេញដោលលើករណីនេះ យើងគួរទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា ដូចខាងក្រោម៖

១. ការចូលរួមបញ្ចេញមតិរបស់មហាជននាពេលនេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ជាងមុនទៅលើការអភិរក្សធនធានធម្មជាតិ បើធៀបនឹងពេលកន្លងមក។

២. លោក ពាក់ មី ក៏តែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ និងទប់ស្កាត់បទល្មើសនេសាទ។ ទោះជាយ៉ាងណា ការស្គាល់គ្រប់ប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនៅតែជាបញ្ហាប្រឈមសម្រាប់មនុស្សទូទៅ។ ហេតុដូច្នេះ ព្រឹត្តិការណ៍នេះបានក្លាយជាមេរៀនមួយសម្រាប់សាធារណជនក្នុងការបង្កើនការប្រុងប្រយ័ត្ន និងស្វែងយល់ជាមុនថាតើប្រភេទត្រីដែលនឹងត្រូវយកមកបរិភោគ ជាប្រភេទត្រីកម្រ ឬកំពុងរងគ្រោះថ្នាក់ដែរឬទេ។

៣. ដើម្បីឱ្យការចូលរួមការពារកាន់តែមានប្រសិទ្ធភាព ការបន្តជួយផ្សព្វផ្សាយ និងអប់រំគ្នាទៅវិញទៅមក អំពីប្រភេទជលផលដែលកំពុងរងការគំរាមកំហែង គឺជារឿងចាំបាច់បំផុត។

៤. ជំនួសឱ្យការបន្ទោសដាក់គ្នាទៅវិញទៅមក រវាងអ្នកដឹង និងអ្នកមិនដឹង ឬរវាងអ្នកទិញ អ្នកលក់ និងអ្នកនេសាទ លើរឿងដែលបានកើតឡើងរួចហើយនោះ យើងគួរបែរមកចូលរួមស្ថាបនា និងផ្តល់ការគាំទ្រដល់មន្ត្រីជលផល កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ និងសកម្មជន ដែលកំពុងខិតខំប្រឹងប្រែងការពារ និងស្តារធនធានទាំងនេះវិញ។

សង្ឃឹមថា ព្រឹត្តិការណ៍នេះគឺជាសារក្រើនរំលឹកមួយដល់យើងទាំងអស់គ្នា ឱ្យបន្តសហការគ្នាថែរក្សា និងការពារធនធានជលផលកម្ពុជាឱ្យបានគង់វង្សយូរអង្វែង សម្រាប់កូនចៅច្រើនជំនាន់តទៅមុខទៀត៕SRP

Like 197
Comment 0
Share ចែកចាយ
Views 10.5K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆា

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃនេះ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាននិងអ្នក ពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ វឌ្ឍនភាពសំណង់ទ្វារទឹក ប្រឡាយ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច និងទឹកឆាខាងកើត ស្ថិតនៅក្នុងឃុំបឹងណាយ និងឃុំក្រូច ស្រុកព្រៃឈរ។

ដំណើរអញ្ជើញចុះពិនិត្យផ្ទាល់នេះ គឺដើម្បីជំរុញ និងធានាគុណភាពនៃការស្ថាបនាប្រព័ន្ធធារាសាស្ត្រដ៏មានសារៈសំខាន់មួយនេះ ឱ្យឆ្លើយតបទៅនឹងតម្រូវការទឹកស្រោចស្រពដំណាំកសិកម្មជូនប្រជាពលរដ្ឋ។

បើតាមបញ្ជាក់របស់មន្ត្រីជំនាញ បានឱ្យដឹងថា ការសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រទឹកឆា គឺជាគម្រោងស្ដារឡើងវិញ ដែលបានចែកចេញជា ២ ប្រភេទរួមមាន៖ ១. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងកើត
ប្រឡាយបេតុង (C)៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ២ គីឡូម៉ែត្រ។ ប្រឡាយរងដី៖ ចំនួន ២ ខ្សែ ប្រវែងស្មើនឹង ១៧.៥០៥ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ១១៦ កន្លែង ដោយអាចផ្គត់ផ្គង់ និងស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៧០ហិកតា ស្មើនិង១.២៦១គ្រួសារ។

២. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច
ប្រឡាយបេតុង (A-B)៖ ចំនួន ៩ ខ្សែ ប្រវែងស្មើនឹង ៤.១២ គីឡូម៉ែត្រ។ សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ៦១ កន្លែង។ ផលប្រយោជន៍៖ អាចស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៥០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១,២៧៦គ្រួសារ។

វឌ្ឍនភាពនៃការអនុវត្តគម្រោងគម្រោងសាងសង់នេះបានចាប់ផ្តើមបើកដ្ឋានការដ្ឋានកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ និងគ្រោងបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសម្រេចបានលទ្ធផលបច្ចុប្បន្នដូចខាងក្រោម៖
ការងារប្រឡាយរងដី និងប្រឡាយបេតុង៖ សម្រេចបាន ១០០% ការងារសំណង់សិល្បការ៖ សម្រេចបាន ៩០%។
តាមរយៈប្រព័ន្ធធារាសាស្ត្រទឹកឆា (លិច-កើត) នេះ វានឹងក្លាយជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការជួយសម្រួលដល់ការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ឱ្យទទួលបានទិន្នផលខ្ពស់ និងបង្កើនជីវភាពគ្រួសារកាន់តែប្រសើរឡើង។

ឯកឧត្តម អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តការតាមដាន ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខាងលើនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីសំណង់ធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យ នៅវត្តភ្នំប្រុស ក្នុងស្រុកកំពង់សៀម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យទីតាំងសាងសង់សាលាបុណ្យថ្មីមួយ ស្ថិតនៅក្នុងបរិវេណវត្តសុវណ្ណគិរីរតនៈ ហៅ វត្តភ្នំប្រុស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ព្រះធម្មសីលវង្សា ជិន សាវឿន ព្រះចៅអធិការវត្តសុវណ្ណគិរីរតនៈ (វត្តភ្នំប្រុស) បានមានសង្ឃដីកាថា ការសាងសង់សាលាបុណ្យនេះឡើង គឺក្នុងគោលបំណងដើម្បីទទួលស្វាគមន៍ពុទ្ធបរិស័ទជិតឆ្ងាយ ដែលអញ្ជើញមកធ្វើបុណ្យសាងកុសល ក្នុងកម្មវិធីបុណ្យផ្សេងៗទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ព្រះតេជគុណបានបន្តទៀតថា ពិធីបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះហើយ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ឱ្យយកចិត្តទុកដាក់ខ្ពស់លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងសាងសង់ ធានាសុវត្ថិភាព សោភ័ណភាព និងការថែរក្សាបរិស្ថានជុំវិញតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ដើម្បសម្រួលដល់ព្រះសង្ឃ ពុទ្ធបរិស័ទ និងភ្ញៀវទេសចរដែលមកធ្វើបុណ្យទាន និងកម្សាន្តផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.5K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកុមារកំព្រា ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

នៅក្នុងឱកាសប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅនោះ ឯកឧត្តម អភិបាលខេត្ត បានបង្ហាញនូវក្តីអាណិតស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព ព្រមទាំងការរស់នៅរបស់កុមារទាំងអស់។ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានលើកទឹកចិត្តឱ្យក្មួយៗកុមារកំព្រាទាំងអស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្ដាប់បង្គាប់លោកគ្រូ អ្នកគ្រូ និងអ្នកថែទាំ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និងក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីបុគ្គលិក និងអ្នកថែទាំទាំងអស់នៅក្នុងមជ្ឈមណ្ឌល ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់មើលថែទាំ ផ្ដល់ការអប់រំ និងក្ដីស្រឡាញ់ដល់កុមារទាំងនោះដូចជាកូនចៅបង្កើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បង្កើនការស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ដែលអាចលួចលាក់បង្កប់ធ្វើសកម្មភាពតាមទីតាំងរោងចក្រ សហគ្រាស ឬតំបន់សេដ្ឋកិច្ចពិសេស។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើមានទីតាំងណាគេចវេះ ឬមិនផ្តល់កិច្ចសហការ អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យក្រុមការងារអន្តរក្រសួង បន្តកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដោយផ្តោតលើការចុះធ្វើអធិការកិច្ចចំពោះកម្មករ និយោជិតបរទេសដែលកំពុងធ្វើការ និងស្នាក់នៅជាក់ស្តែងតាមរោងចក្រ សហគ្រាសឱ្យបានច្បាស់លាស់។

ឯកឧត្តម អភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះ ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលកន្លងមកបានខិតខំរៀបចំផែនការការងារ និងដឹកនាំអនុវត្តកិច្ចប្រតិបត្តិការជំនាញ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងការណែនាំពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើឱ្យការគ្រប់គ្រងហត្ថពលកម្មបរទេសក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលល្អប្រសើរ នាពេលកន្លងមក៕

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បែបនេះ ក្នុងឱកាសបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស​ ដេីម្បីពង្រឹងការងារអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍​ និងច្បាប់ស្តីពីការងារ​ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ស្របតាមផែនការសកម្មភាព មុនពេលក្រុមការងារចុះប្រតិបត្តិការផ្ទាល់នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២៦

‎អាជ្ញាធរសង្កាត់ស្រង៉ែ និងសប្បុរសជនបន្តនាំយកយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនកងទ័ពជួរមុខ
‎
‎អាជ្ញាធរសង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើក ក្រុងសៀមរាប រួមជាមួយនឹងសប្បុរសជន នៅថ្ងៃ 30 ខែសីហាឆ្នាំ 2026 បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។
‎
‎លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ បានឱ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ និងសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រគល់ជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការគាំទ្រដល់កងកម្លាំងការពារព្រំដែន និងដើម្បីបង្ហាញពីការរួមសុខរួមទុក្ខរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងការចូលរួមចំណែក ជួយសម្រាលការលំបាក និងការខ្វះខាតផ្សេងៗរបស់កងកម្លាំងកងទ័ព និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅដល់វីរកងទ័ពជួរមុខដែលកំពុងលះបង់ដើម្បីជាតិ។
‎
‎លោកស្រីចៅសង្កាត់ស្រង៉ែ បានបន្តថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ នៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។
‎
‎លោកស្រី បញ្ជាក់បន្ថែមទៀតថា អំណោយទាំងនេះ បានមកពីការអំពាវនាវ និងកៀរគររបស់អាជ្ញាធរសង្កាត់ចំពោះសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរសង្កាត់ហើយក៏ជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ដែលជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើង ឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។
‎
សូមជម្រាបថា អំណោយទាំងអស់ប្រគល់ជូនដល់កងទ័ពជូនជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងបឹងត្រកួន ដែលមានចំនួន ៦គោលដៅរួមមាន៖ អូរស្មាច់ អូរខ្លាឃ្មុំ តាក្របី ប្រាសាទតាមាន់ វត្តតាមាន់សែនជ័យ និងបឹងត្រកួន៕SRP

អត្ថបទ៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 2.9K
Sponsored
Older posts
Newer posts
← Previous Page1 … Page4 Page5 Page6 … Page690 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ណែនាំដល់សិស្សត្រូវខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន អភិបាលខេត្តបាត់ដំបង ណែនាំដល់សិស្សត្រូវខិតខំសិក្សារៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ចុះផ្សាយថ្ងៃទី ១៨ កញ្ញា ២០២៦
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី ចុះផ្សាយថ្ងៃទី ១៨ កញ្ញា ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេឃុំម្នាក់ និងបក្ខពួក៣នាក់​ (ម្នាក់ចិន) ដែលដឹកនាំ​ រៀបចំទីតាំងឲ្យពួក​ Scams អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនមេឃុំម្នាក់ និងបក្ខពួក៣នាក់​ (ម្នាក់ចិន) ដែលដឹកនាំ​ រៀបចំទីតាំងឲ្យពួក​ Scams ចុះផ្សាយថ្ងៃទី ១៨ កញ្ញា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×