
ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នាព្រឹកមិញ បានអញ្ជើញ បើកបវេសនកាល ឆ្នាំសិក្សា២០២០. ២០២១ នៅ វិទ្យាល័យ ១០ មករា ១៩៧៩ ។
លោកទៀ សីហា បានលើកឡើងថា ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃត្រឡប់មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មី របស់ប្អូនៗ ក្មួយៗ បន្ទាប់ពីបានឆ្លងកាត់ និងទទួលនូវបទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា២០១៩-២០២០ កន្លងមកនេះ ទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។
សូមថ្លែងអំណរគុណដ៏ ស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពពាក់ព័ន្ធនានា មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងសាលា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាង ក្នុងការគាំទ្រ និងផ្តល់នូវការរៀនសូត្រ ដល់សិស្សានុសិស្ស តាមគ្រប់រូបភាព ក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
លោកបន្តថា ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប កំពុងតែដំណើរការយ៉ាងសស្រាក់សស្រាំ សូមបងប្អូន ប្រជាពលរដ្ឋ ប្អូនៗ ក្មួយៗទាំងអស់ ធ្វើចរាចរណ៍ដោយការប្រុងប្រយ័ត្ន ក្នុងកំឡុងពេលនៃការដ្ឋាននេះ ព្រោះនឹងមានការបិទផ្លូវ មួយចំនួន ការកកស្ទះ ធូលីដីហ៊ុយ ឡានដឹកដីធំៗជាដើម៕SRP