ខេត្តឧត្តរមានជ័យ៖យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នឹងពីរនាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកឈើបែកកង់។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៣ លើបណ្តោយផ្លូវជាតិលេខ ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រ លេខ ៩៣-៩៤ ( ចំណុចអូរក្រូច ) ស្ថិតក្នុងភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្កឡើងដោយ រថយន្តបើកធ្លាក់ផ្លូវខ្លួនឯង ក្នុងទិសដៅពីជើងទៅត្បូង។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ថា ករណីនេះ រថយន្តម៉ាកTOYOTA SIENA ពណ៌ស សេរីឆ្នាំ ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2K – 2633 បើកបរដោយឈ្មោះ ឯក សំអូន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប មុខរបរ អ្នកបើករថយន្ត បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងអ្នករួមដំណើរ ០២នាក់។
១. ឈ្មោះ ឡាយ សុជា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប រងរបួសធ្ងន់ បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
២. ឈ្មោះ សាលី ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ រស់នៅខេត្តសៀមរាប មុខរបរ កម្មករ រងរបួសធ្ងន់ បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
ប្រភពបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បណ្តាលមកពី រថយន្តបែកកង់មុខខាងស្តាំ ហើយរ៉េចង្កូតធ្លាក់ប្រឡាយបណ្ដាលឱ្យស្លាប់និងរបួសតែម្ដង។
បច្ចុប្បន្នវត្ថុតាងរថយន្តឈើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែក អ្នករងរបួសត្រូវបានយកទៅព្យាបាលរបួសនៅមន្ទីពេទ្យបង្អែកខេត្តសៀមរាប។ ឯសាកសពឈ្មោះ ឯក សំអូន ជាតៃកុងរថយន្ត ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមជម្រាបថា រថយន្តខាងលើ ធ្វើសកម្មភាព ដឹកគ្រឿងសង្ហារឹម ប្រភេទទ្វារ កណ្ដាលសម្រាច់មកពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ ឆ្ពោះទៅខេត្តសៀមរាប៕