
អំពើពុករលួយរបស់គយខេត្តតាកែវ ត្រូវបានលាតត្រដាង ខណ:ក្រុមអាជីវករ បានផ្ទុះការតវ៉ារឿងដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ ឡានដឹកទំនិញដោយមិនញញើតដៃ។
ប្រភពបានអោយដឹងថា ក្រុមអាជីវករជាច្រើននាក់ នៅខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិ:គន់ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ និងអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការបញ្ចេញប្រតិកម្មបែបនេះ នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ ដោយពួកគាត់បានលើកគ្នាមកផ្ទុះការតវ៉ា នៅមុខស្នាក់ការ គយចល័ត និង មុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីលោក ស៊ុន ឆាយ និងលោក ប៉ោ សួន ជាអ្នកបើកដៃឱ្យមន្ត្រីក្រោមឱវាទ អង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវក្នុង១ជើងៗចាប់ពី៥០.០០០រៀល ទៅ១០០.០០០រៀល លើសជាងនេះទៅទៀតលោក ស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើងថ្លៃពន្ធនាំចូលខ្ពស់កប់ពពក និងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ ពោលគឺ រាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា បើលើសពី៣ម៉ោង ទំនិញទាំងនោះ នឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម និងការចាប់ផាកពិន័យ ១គុណជា៤ឯណោះ។
ក្រុមអាជីវករក្នុងពេលផ្ទុះការតវ៉ានោះបានលើកឡើងថា ពួកគាត់បានរកស៊ីដឹកទំនិញ ”ឥវ៉ាន់ចាប់ហួយ” ពីប្រទេស វៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។ ក្នុងនោះជារៀងរាល់លើក ពេលដឹក ”ឥវ៉ាន់ចាប់ហួយ” ចេញពីវៀតណាម ចូលមកខ្មែរ គឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ចាប់ពី ១៥០០០០០ រៀល ទៅ៣លានរៀលក្នុង១ជើង។
ក្រុមអាជីវករបានបន្តថា ក្រោយបង់ពន្ធ នៅព្រំដែនរួចហើយ ពេលចេញផុត ពីព្រំដែនប្រហែល ៧គីឡូម៉ែត្រ រាល់រថយន្តដឹក ”ឥវ៉ាន់ចាប់ហួយ” ទាំងនោះ នឹងត្រូវបង់លុយ ឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២០០០០រៀល ទៅ៥០០០០រៀលក្នុង១ជើង លុះមកដល់ក្រុងដូនកែវ ទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡាន ត្រូវចូលបង់លុយឱ្យ សាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០០០០០រៀលទៀត សម្រាប់រថយន្ត១គ្រឿង បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យ គយចល័ត ដែលមានស្នាក់ការ នៅខាងកើត «រង្វង់មូលអូរចំបក់» ប្រមាណ ប្រហែល ១៥០ម៉ែត្រ ចំនួន៨០០០០រៀលទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។
ក្រុមអាជីវករបញ្ជាក់ថា៖ ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះនិងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ាវ មន្ត្រីគយតែម្ដង។
អាជីវករបញ្ជាក់ទៀតថា ក្រុមគយមិនត្រឹមតែបណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ បច្ចុប្បន្នៈ លោក ស៊ុន ឆាយ និងលោក ប៉ោ សួន បានសហការគ្នាដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង ដោយតម្រូវឱ្យពួកគាត់ជាអាជីវករបង់ពន្ធ នៅព្រំដែនចំនួន ៦២០០០០០រៀល ជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដង បើប្រៀបធៀបទៅនឹងតម្លៃពីមុន ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារនោះទេ។ ជាងនេះទៅទៀត មន្ត្រីគយបាន កំណត់ឱសានវាទ ក្នុងលិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈម នឹងចាប់ផាកពិន័យ១គុណជា៤តែម្ដង។
ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារចំនួន៣ ចំណុចដូចខាងក្រោម៖
ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន។
២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ។
៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ ”ឥវ៉ាន់ចាប់ហួយ” ឱ្យគេ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោយនឹងផាកពិន័យក្នុង១គ្រឿង ចំនួន ៥០០០ដុល្លារទៀតផង។
ជុំវិញការលើកឡើងរបស់អាជីវករយ៉ាងដូច្នេះ អង្គភាពសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ នៅឡើយទេដោយពុំមានលេខទំនាក់ទំនង។ ចំណែកលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននិយាយប្រាប់អ្នកសារព័ត៌មានមួយរូបយ៉ាងខ្លីថា « ខ្ញុំរវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទ»។
បើតាមការលើកឡើងពីក្រុមអាជីវករ ប្រសិនបើមិនមានដំណោះស្រាយ សមស្របណាមួយទេ ពួកគាត់នឹងលើកគ្នា មកតវ៉ានៅមុខអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាក់ជាមិនខានបើគ្មានដំណោះស្រាយជូនពួកគាត់៕ដោយនាគខៀវ