Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន
ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ
អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក
ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អញ្ជើញពិនិត្យព្យាបាលការវះកាត់ដោយជូនអ្នកជំងឺមាត់ឆែប/ក្រអូមមាត់ឆែប និងជនពិការមុខមាត់ផ្សេងៗ ឥតគិតថ្លៃ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៦

ឯកឧត្តមសៀង ណាំ៖ ក្នុងនាមជាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាមួយ សាកលវិទ្យាល័យអង្គរយើងតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គមដើម្បីឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណ

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអង្គរ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមជាគ្រឹះស្ថានអប់រំកម្រិតឧត្តមសិក្សាមួយ សាកលវិទ្យាល័យអង្គរយើងតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពអភិវឌ្ឍសង្គមដើម្បីឆ្លើយតបទៅនឹងគោលនយោបាយបញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការឈានឆ្ពោះទៅសម្រេចបានជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្នុងនោះមានអាទិភាព ៥ចំណុចសំខាន់គឺ ៖. ការអភិវឌ្ឍមូលធនមនុស្ស . ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង . ការអភិវឌ្ឍវិស័យឯកជន និងការងារ . ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និង ការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ថា ដោយមានការជួយគាំទ្រ និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល សាកលវិទ្យាល័យអង្គបានបើកដំណើរការមហាវិទ្យាល័យសុខភាពសាធារណៈគឺចាប់តាំងពីឆ្នាំ២០១៤ មកហើយដែលមកដល់បច្ចុប្បន្ននេះ គឺបានបណ្ដុះបណ្ដាលនិស្សិតឲមុខជំនាញគិលានុបដ្ឋាកកម្រិតបរិញ្ញាបត្ររងចំនួន ១៣ជំនាន់ ស្មើនឹង ១៣០៨នាក់ កម្រិតបរិញ្ញាបត្របែបពាក់កណ្ដាលពេល ចំនួន៥ជំនាន់ ស្មើនឹង ១៧១នាក់ កម្រិតបរិញ្ញាបត្រចំនួន ៤ជំនាន់ ស្មើនឹង ១៩១នាក់ និងមុខជំនាញឆ្មប កម្រិតបរិញ្ញាបត្ររងចំនួន ៩ជំនាន់ ស្មើនឹង ៤១២នាក់។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បន្តថា ការរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នាពេលនេះ ក្នុងគោលបំណងដើម្បីបង្ហាញនូវគុណភាព និងភាពទទួលខុសត្រូវរបស់សាកលវិទ្យាល័យអង្គរ ក៏ដូចជាការបង្ហាញការយកចិត្តទុកដាក់ប្រកបដោយភាពស្និទ្ធស្នាល របស់ថ្នាក់ដឹកនាំ អ្នកជំនាញនៃផ្នែកអប់រំ និងសុខាភិបាល លោកគ្រូ អ្នកគ្រូ ជាមួយក្មួយៗនិស្សិត មាតាបិតា និងអាណាព្យាបាលផងដែរ។

ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ក្របខ័ណ្ឌអប់រំ និងក្របខ័ណ្ឌសុខាភិបាល ឆ្នាំ២០២៦ នៃសាកលវិទ្យាល័យអង្គរ.ចំនួនចំនួន ៤២១នាក់ ក្នុងនោះមាននិស្សិតជ័យលាភីក្របខ័ណ្ឌសុខាភិបាលចំនួន៣៤០នាក់និងនិស្សិតជ័យលាភីក្របខ័ណ្ឌអប់រំ ចំនួន៨១នាក់ នាព្រឹកថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងកោតសរសើរចំពោះការខិតខំរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំរហូតទទួលបានសញ្ញាបត្រហើយសញ្ញាបត្រដែលទទួលបាននៅថ្ងៃនេះគឺជាមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារ ប៉ុន្តែវាក៏ជា ការទទួលខុសត្រូវ ថ្មីមួយទៀតចំពោះសង្គមជាតិ។ សូមក្មួយៗនិស្សិតទាំងអស់ត្រូវយកចំណេះដឹងទៅប្រើប្រាស់ក្នុងផ្លូវត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងត្រូវចងចាំថាគ្រូពេទ្យ ឬមន្ត្រីល្អ គឺជាអ្នកដែលយកទុក្ខធុរៈរបស់រាស្ត្រជាធំ។

ដោយក្នុងនោះដែរឯកឧត្តមសាស្ត្រាចារ្យក៏បានមានប្រសាសន៍ រំលឹកឱ្យនិស្សិតទាំងអស់សូមកុំភ្លេចគុណូបការៈរបស់មាតាបីតា អាណាព្យាបាលដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីផ្តល់ឱកាសឱ្យកូនបានរៀនសូត្រនិងផ្តល់តម្លៃដល់សាស្ត្រាចារ្យដែលបានផ្ទេរចំណេះដឹង ដូច្នេះត្រូវយកចំណេះដឹងទ្រឹស្ដីពីសាលា ទៅផ្សារភ្ជាប់ជាមួយការអនុវត្តការងារផ្ទាល់ឱ្យមានប្រសិទ្ធភាព៕SRP

Like 196
Comment 0
Share ចែកចាយ
Views 16.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មីនា ២០២៦

ប្រមុខស្ដីទី តែងតាំងលោកយ៉េត វីណែល ជាអគ្គលេខាធិការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

ប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន បានចេញព្រះរាជក្រឹត្យតែងតំាងមុខតំណែង និងផ្តល់ឋានៈដល់លោក យ៉េត វីណែល ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។

សូមជម្រាបថា មុនទទួលបានមុខតំណែងថ្មីនេះ លោក យ៉េត វីណែល កាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកទទួលតំណែងនេះជំនួសលោក រស់ ភីរុណ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៦

ឃាត់ខ្លួនបុរសម្នាក់ដែលលក់ចែកចាយឧបករ​ណ៍អេឡិចត្រូចនិក និងសារធាតុគីមីសម្រាប់ជក់

នគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា៖កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៦ វេ​លា​ម៉ោង ១៧:៣០នាទីនៅចំណុចភូមិដំ​ណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំ​បង ខេត្តបាត់ដំបង ស្របតាមអនុសា​ស​ន៍ដ៏ខ្ពង់ខ្ពស់របស់ឯក​ឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបា​ល​ជាតិ​ និងក្រោមការបញ្ជាដឹកនាំរប​ស់លោកឧត្តមសេនីយ៍ទោ​ ដាញ់អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង​ លោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ដឹកនាំកម្លាំងការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោក​វរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ ជា​នា​យការិយាល័យ​ ចុះប្រតិបត្តិការ បង្ក្រាបបានករណី លក់ចែកចាយឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី​សម្រាប់ជក់ ០១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆៃ​ តុលា ភេទ​ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ​ភូមិព្រែកព្រះស្ដេច សង្កាត់​ព្រែ​ក ព្រះ ស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

-វត្ថុតាងចាប់យកបានរួមមាន៖
-បារីអេឡិចត្រនិច (ម៉ាក SE GAR) ចំនួន៥១ដើមសង្ស័យមានសារធាតុញៀន ប្រភេទអ៊ុចស្តាស៊ី -ក្បាលបារីអេឡិចត្រូនិច (ម៉ាកNO​VA) ចំនួន ៦៥ ដើម សង្ស័យមានសារ​ធាតុញៀន ប្រភេទអ៊ុចស្តាស៊ី
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

ជនសង័្សយនិងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលា​ការអនុវត្តតាម​នីតិវិធី​ ច្បាប់ ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 7.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មីនា ២០២៦

ចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ បន្លំខ្លួនជាបុគ្គលិក World Bank ករណីបង្ក្រាបទីតាំងឆបោក Online scam

ភ្នំពេញ៖កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះត្រួតពិនិត្យ ក្នុងបុរីពិភពថ្មី ធនាគារជាតិ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយបានចាប់ខ្លួនជនជាតិបង់ក្លាដេស ចំនួន១៥នាក់ និងដកហូតកុំព្យូទ័រ និងទូរសព្ទដៃ មួយចំនួន ដែលជនសង្ស័យប្រើប្រាស់បម្រើឱ្យសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ការចុះបង្ក្រាបនេះធ្វើឡើងក្រោម បញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តន៍ផ្ទាល់ដោយសមត្ថកិច្ចជំនាញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ ដោយមានការសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការសន្និដ្ឋានបឋមដោយផ្អែកលើរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជាប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពប្រើប្រាស់គណនី Facebook និង Telegram បន្លំខ្លួនជាបុគ្គលិករបស់ ធនាគារពិភពលោក ដោយក្រុមនេះ កាត់តរូបភាព តាមកម្មវិធី Canva ក្លែងឡូហ្គោពីធនាគារ ពិភពលោក World Bank ដើម្បីបោកអ្នកដទៃឱ្យដាក់ប្រាក់កម្ចីមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់បើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមទីតាំងធំៗ រួមមានៈ កាស៊ីណូ ខុនដូរ សណ្ឋាគារកន្លងមកនេះ ឥឡូវក្រុមឧក្រិដ្ឋជនបានប្តូរទិសដៅធ្វើសកម្មភាព បែងចែកជាក្រុមតូចៗ ធ្វើសកម្មភាពនៅតាមផ្ទះសំណាក់ ឬផ្ទះល្វែងវិញម្តង ដើម្បីគេចពីការតាមចាប់របស់សមត្ថកិច្ច។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសាឆ្នាំ២០២៦ ។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 31.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៦

ជួលរថយន្តយកទៅលក់! កម្លាំងអាវុធហត្ថសៀមរាប តាមចាប់មនុស្សពីរនាក់ ក្រោយឃាត់បានម្នាក់

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។

អាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួល បណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ.2BZ-4032 និងឯកសារក្លែងមួយចំនួនទៀត។

ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ ពិតប្រាកដមែន និងធ្លាប់ត្រូវបាន អាវុធហត្ថខេត្តសៀមរាប បង្ក្រាបម្ដងរួចមកហើយ។

ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ឯបក្ខពួកចំនួន០២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងការិយាល័យជំនាញ កំពុងស្រាវជ្រាវបន្ត។

បើតាមអាវុធហត្ថខេត្តសៀមរាប ជនសង្ស័យជើងខ្លាំងមិនរាងចាលជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២៕SRP

Like 198
Comment 0
Share ចែកចាយ
Views 12.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៦

អភិបាលខេត្តបាត់ដំបង ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់

ក្នុងឱកាសឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធប្រជុំពិនិត្យផែនការលម្អិត និងពិនិត្យទីតាំងជាក់ស្តែងសំដៅធ្វើយ៉ាងណាឱ្យការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបានប្រព្រឹត្តទៅដោយរលូនដោយបានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធត្រូវពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់មុនព្រឹត្តិការណ៍សង្រ្កាន្តចូលមកដល់។

ឯកឧត្តមណែនាំយ៉ាងដូច្នេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ បន្ទាប់ពីប្រារព្ធពិធីប្រុងពលីសុំសេចក្ដីសុខដើម្បីរៀបចំ“ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៦” នៅមុខរូបសំណាកលោកតាដំបងគ្រញូង។

សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៦នេះនឹងរៀបចំឡើងតាមបែបសាសនា ប្រពៃណីទំនៀមទម្លាប់របស់ខេត្តបាត់ដំបងដោយមានបែងចែកជាតំបន់សាសនាសម្រាប់រៀបចំពិធីសាសនាផ្សេងៗ, តំបន់ភូមិអាហារខ្មែរដើម្បីបង្ហាញពីរបៀបធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ,ភូមិល្បែងប្រជាប្រិយ និងភូមិសិល្បៈដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួមលេងល្បែងប្រជាប្រិយខ្មែរឱ្យបានផុសផុល។

ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីជាផ្នែកមួយជួយបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្ត និងបង្កើនទាក់ទាញភ្ញៀវទេសចរ ហើយព្រឹត្តិការណ៍សង្ត្រាន្តឆ្នាំនេះគឺមិនមានការប្រគុំតន្ត្រីខ្នាតធំ ការប្រើរថយន្តបាញ់ទឹក និងការលេងប៉ាតម្ស៉ៅនោះទេ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 2.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៦

អភិបាលខេត្តសៀមរាប មានគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ

ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានបង្ហាញជំហរដោយមានគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភ្លឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ។

លោកលី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាបនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបានបញ្ជាក់ថា ក្នុងឱកាស លោក Doan Chinh អនុប្រធានក្រុមហ៊ុនមិត្តហ្វូន និងក្រុមការងារ បានជួបសំដែងការគួរសមជាមួយ ឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប នៅព្រឹកមិញនេះ ក្រុមហ៊ុនមិត្តហ្វូន
បានបង្ហាញមិនត្រឹមតែ ផលិតផលសេវាទូរសព្ទរបស់ខ្លួនតែប៉ុណ្ណោះទេ ក្រុមហ៊ុនថែមទាំងអាចធ្វើបង្គោលភ្លើងសូឡាបានទៀតផង។

ជាការឆ្លើយតបក្នុងន័យចំណុចនេះ ឯកឧត្តមប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប បានលើកឡើងពីគម្រោង តម្លើងបង្គោលភ្លើងសូឡា បំភ្លឺបំភឺជាតិលេខ ៦ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតទៅដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ នៅពេលដែលរដ្ឋបាលខេត្តមានលទ្ធភាពថវិកាគ្រប់គ្រាន់នឹងធ្វើការដេញថ្លៃជាសាធារណៈផងដែរ។

សូមជម្រាបថាននៅសាលាខេត្តសៀមរាប
នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូន
បានបង្ហាញគម្រោង ក្នុងការតម្លើងបង្គោលភ្លើងសូឡា តាមបណ្ដោយផ្លូវជាតិ ពីព្រំប្រទល់ខេត្តកំពង់ធំ រហូតដល់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយ ក្នុងការអភិវឌ្ឍខេត្តសៀមរាប ឲ្យកាន់តែមានសោភណ្ឌភាព សុវត្ថិភាព និងភាពងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅ និងធ្វើដំណើរ។

ក្នុងជំនួបនេះ លោក​ Doan Chinh បានបង្ហាញពីគោលបំណង នៃការរួមចំណែកចំពោះគម្រោងទីក្រុងឆ្លាតវៃ (Smart City) ក្នុងការអភិវឌ្ឍទីក្រុងសៀមរាប ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី ជំនួសដោយការប្រើប្រាស់ថាមពលសូឡា ការគ្រប់គ្រងប្រព័ន្ធភ្លើងចរាចរណ៍ រួមជាមួយការតម្លើងកាមេរ៉ាសុវត្ថិភាព នៅក្នុងទីប្រជុំជនផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Metfone ដែលបានចូលរួមសហការអភិវឌ្ឍន៍ខេត្តជាមួយនឹងរដ្ឋបាលខេត្ត ពិសេសចូលរួមគម្រោងទីក្រុងឆ្លាតវៃ (Smart City) ឱ្យកាន់តែប្រសើរឡើងថែមទៀត៕SRP

Like 197
Comment 0
Share ចែកចាយ
Views 4.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មីនា ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌

ខេត្តសៀមរាប៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសមហាង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីរំឭកអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់។ ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម គឺមគធៈភាសា ឬ ភាសាបាលី និងភាសាខ្មែរ ហើយលើសពីនេះទៅទៀតនោះ លក្ខណៈពិសេសរបស់គម្ពីរព្រះត្រៃបិដកខ្មែរ គឺមានភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង គឺមានទាំងគ្រប់សន្លឹក និងគ្រប់ទាំង ១១០ភាគ ។ មួយវិញទៀត ការររៀបចំពិធីរំព្ញកព្រះឧបការគុណនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូ ចំពោះលោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូល នៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ ខណៈពូជសាសន៍ខ្មែរ គឺជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់ មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរ នៃអាណាចក្រខ្មែរ។

មិនត្រឹមតែប៉ុណ្ណោះ ស្នាព្រះហស្តរបស់ព្រះមហាសង្ឃរាជ ជួន ណាត រួមមានវចនានុក្រមខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិខ្មែរ បានសិក្សាស្រាវជ្រាវអក្សរ និងខ្លឹមសារពន្យល់ពាក្យខ្មែរជាច្រើន រួមទាំង សម្ដេច បានចងក្រងនូវសៀវភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បាតិមោក្ខសង្ខេប កាព្យលោកធម៌ សុភមង្គលគាថាបថ្យាវត្ត អត្ថបទផ្សេងៗ ដែលចុះក្នុងទស្សនាវដ្តីកម្ពុជា សុរិយា ពន្លឺពុទ្ធចក្រ និងសៀវភៅផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ព្រះអង្គបានស្ថាបនាព្រះវិហារ ស្ពានធំមួយ តូចមួយអំពីថ្ម សាលាបឋមសិក្សាបំពេញវិជ្ជា គិលានដ្ឋានមួយខ្នង និងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្ម និងមានកំពែងធ្វើអំពីថ្មពទ្ធ័ជុំវិញ។ ក្រៅពីនេះ ព្រះអង្គបានជួយឧបត្ថម្ភអណ្តូងទឹក លើកទំនប់ទឹក និងស្ថាបនាអគារសាលារៀន និងមន្ទីរពេទ្យ នៅតាមកន្លែងផ្សេងៗជាច្រើន។ ជាងនេះទៅទៀត ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលរំឭកឱ្យឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” ដែលត្រូវបានកុលបុត្រកុលធីតាខ្មែរច្រៀង សម្រាប់ភ្លេងជាតិខ្មែរ។

គួរបញ្ជាក់ថា ទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ គឺមានរៀបចំកម្មវិធីដូចជា គឺនៅព្រឹកថ្ងៃទី១៣ ខែមីនា មានរៀបចំក្បួនធម្មយាត្រាដង្ហែព្រះត្រៃរ័ត្ន ក្នុងក្រុងសៀមរាប, ពេលរសៀលជួបជុំព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា អង្គពិធីប្រគំតន្ត្រីកំដរពិធី ដោយសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌, មានកម្មវិធីចម្រើនព្រះបរិត្ត, ការអានព្រះរាជជីវប្រវត្តិសង្ខេប សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត, កម្មវិធីសម្ដែងព្រះធម៌ទេសនា, ពេលល្ងាចមានកម្មវិធីសមាធិ ហើយនៅពេលរាត្រីមានសិល្បៈចាប៉ីដងវែង។ សម្រាប់កម្មវិធីឈានដល់ព្រឹកថ្ងៃទី១៤ ខែមីនា គឺមានពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៥០អង្គ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 5.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៦

ផ្ទះរបស់ប៉ូលិសជួលឱ្យគេបើកលក់ពូកនិងលក់បាយ
ត្រូវបានអគ្គីភ័យឆាបចេះទាំងស្រុងគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ

ខេត្តសៀមរាប៖ផ្ទះមួយកន្លែងរបស់ប៉ូលិសត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងកាលពីព្រឹកមិញនេះ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១៥នាទី ស្ថិតនៅតាមបណ្តោយផ្លូវខ្នារ ក្នុងភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចជំនាញបានប្រាប់ថា ម្ចាស់ផ្ទះ ឈ្មោះ ឈិន ឈាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប៉ូលិសព្រំដែន បានជួលផ្ទះ ទៅឱ្យឈ្មោះ នាក់ គារ៉ា ភេទប្រុសអាយុ៤០ ឆ្នំា បើកកន្លែងលក់ពូកនិងលក់បាយស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍នេះ ប្រើប្រាស់
រថយន្តពន្លត់អគ្គីភ៏យចំនួន០២ គ្រឿង របស់កងរាជអាវុធហត្ថខេត្តសៀមរាប រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ៣ គ្រឿង និងរថយន្តពន្លត់អគ្គីភ័យផ្សារចាស់០១គ្រឿង រលត់នៅម៉ោង ១០និង ២០នាទី។

សមត្ថកិច្ចបានបន្តថា គ្រោះអគ្គីភ័យនេះខូចខាតមាន ដូចជាះ -ទំហំផ្ទះទទឹង១៣ម៉ែត្រ បណ្ដោយ២៥ម៉ែត្រដំបូលប្រក់ស័ង្កសី។ -ម៉ូតូមួយគ្រឿងម៉ាកហុងដាស៊េរីឆ្នាំ២០១៨ -ពូកចំនួន ៩០០ ពូកនិង កម្រាលពូកចំនូន៧០កម្រាល ‎-ម៉ាស៊ីនត្រជាក់ចំនួន ២គ្រឿង -ប្រាក់រៀលចំនួន ៥០(ហាសិបលានរៀល) ‎-ចង្រ្កានហ្កាស ចំនួន១០ឈុត -អង្កចំនួន ១០បេ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត បើគិតជាសាច់ប្រាក់អស់ ទឹកប្រាក់ប្រមាណ ជាង១០ម៉ឺនដុល្លារ។

បើតាមសមត្ថកិច្ច មូលហយបណ្ដាលផ្ទុះសេរខ្សែភ្លើងធ្លាក់មកលើពូកបណ្ដាលឱ្យឆាប់ឆេះតែម្ដង៕SRP
‎

Like 201
Comment 0
Share ចែកចាយ
Views 84.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៦

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល» ជូនមន្រ្តី អ.ប.ព.ចំនួន៦៥ រូប

ដើម្បីស្វែងយល់បន្ថែមស្តីពីគោលការណ៍ណែនាំរួមរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់បទដ្ឋានរួមមួយ ដើម្បីចង្អុលបង្ហាញ និងណែនាំអំពីគោលការណ៍ វិធាន និងនីតិវិធីរួម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល នៃវដ្តថវិកា និងការងារពាក់ព័ន្ធផ្សេងទៀត ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី ១ នៃ អ.ប.ព. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (PFM​M)» ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការ អ.ប.ព. ចំនួន ៦៥ រូប នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប។ សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញ ធ្វើបទឧទ្ទេសនាមដោយ លោក ហៀង សូយ៉ារ៉ូ មន្រ្តីជំនាញជាន់ខ្ពស់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តល់ការគាំទ្រលើដំណើរការរៀបចំសិក្ខាសាលានេះ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយ ឯកឧត្តម ខូយ លឹមហុង ឧបការី នៃ អ.ប.ព. ។

ឯកឧត្តមក៏បានលើកឡើងថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺស្ថិតក្នុងរបៀបវារៈដ៏សំខាន់នៃការអនុវត្តការងារកែទម្រង់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលកន្លងមក និងនៅតែជាអាទិភាពសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំប្រកបដោយថាមវន្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត ឯកឧត្តម បានលើកឡើងនូវប្រសាសន៍ដ៏ថ្លៃថ្លា របស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ដែលបានលើកឡើង៖ “ ជោគជ័យការងាររបស់មន្ត្រីរាជការត្រូវឈរលើទស្សនៈ ធ្វើផង រៀនផង មានន័យថា បើគ្រាន់តែចាំអនុវត្តការងារដោយមិនមានការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលបន្ថែមទេនោះ របៀបការងារចាស់មិនអាចត្រូវបានជំនួសដោយរបៀបការងារថ្មីប្រកបដោយគុណភាពដែលឆ្លើយតបទៅនឹងការវិវត្តន៍សង្គមនាពេលបច្ចុប្បន្នបាននោះទេ ” ។

មិនតែប៉ុណ្ណោះ ឯកឧត្តម បានបញ្ជាក់ថា សិក្ខាសាលានេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់អង្គភាពប្រឆាំងអំពើពុករលួយ ជាពិសេសនឹងក្លាយជាទុនដ៏មានសារៈសំខាន់ សម្រាប់ក្រុមការងាររៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ អ.ប.ព. ដែលកំពុងត្រូវការស្វែងយល់បន្ថែម ដើម្បីឈានទៅចងក្រង និងរៀបចំគោលការណ៍ណែនាំលម្អិតស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់អង្គភាពជារួម ដោយត្រូវគោរពតាមគោលការណ៍ចម្បងមានចែងនៅក្នុងគោលការណ៍ណែនាំរួមនេះដើម្បីពង្រឹង អនុលោមភាព និងប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មីនា ២០២៦

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទចូលរួមគោរពច្បាប់ចររាចរណ៍

ក្នុងនាមអាជ្ញាធរខេត្តសៀមរាបលោក លី សារី អភិបាលរងខេត្តបានណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវឱ្យចូលរួមគោរពច្បាប់ចររាចរណ៍ផ្លូវគោកបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ ព្រោះថាគ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ដែលបណ្ដាលមកពីការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់ក្រុមគ្រួសារ កម្លាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

លោក លី សារី មានប្រសាសន៍ថា ចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក នាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើ ប្រាស់ផ្លូវទាំងឡាយឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និង ត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួនសំដៅ រួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាបដែលនេះគឺជាផ្នែក មួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យនៃ ការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឲ្យទទួល បានលទ្ធផលជាវិជ្ជមាន។

លោកមានប្រសាសន៍ណែនាំបែបនេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសចុះធ្វើការណែនាំ អប់រំផ្សព្វផ្សាយច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចែកខិតបណ្ណ ចែកមួកសុវត្ថិភាព និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវជាតិ និងចែកជូននូវសៀវភៅច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ខិត្តប័ណ្ណជំនួយស្មារតី បិទស្ទិកគ័រចំណាំងផ្លាតលើ យានយន្ត និងវិធានការនានាដើម្បីបញ្ចៀសពីហានិភ័យដោយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឱ្យមានការប្រុង ប្រយ័ត្ន នៅតាមបណ្តោយជាតិលេខ៦ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 196
Comment 0
Share ចែកចាយ
Views 3.9K
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មីនា ២០២៦

ស្ថានីយ៍ដេប៉ូនិងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២ពាន់កន្លែង បិទទ្វារបណ្ដោះអាសន្ន

ក្រសួងពាណិជ្ជកម្ម រកឃើញមានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍លក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក ខណៈដែរក្នុងចំណោមស្ថានីយ៍ទាំងនោះ ត្រូវបានសង្ស័យថារក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួងសម្រាប់កំណត់រូបមន្ត កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួងនឹងចុះត្រួត ពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុក ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។

ការដាក់មន្ត្រីជំនាញចុះពិនិត្យនេះ បន្ទាប់ពីមានស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈ ជិត២.០០០ កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។

ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល បានឱ្យដឹងថា នៅទូទាំងប្រទេស កម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង៦.៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។

លោកជំទាវ បានថ្លែងថា «យើងមានមន្ត្រីជំនាញចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង។ ក្នុងករណីរក ឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នឹងរងការពិន័យ និងបិទអាជ្ញាប័ណ្ណ អាជីវកម្មទាំងស្រុង។ ប៉ុន្តែបើក្នុងករណីរកឃើញអស់ស្តុកមែន រដ្ឋនឹងអន្តរាគមន៍ជាមួយវិស័យឯកជន ដែលនាំចូលប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការអាជីវកម្ម»។ បើតាមការបង្ហើបរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈក្នុងប៉ុន្មានថ្ងៃខាងមុខទៀត នេះ នឹងមានការធ្លាក់ឡើងវិញ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា នេះ។

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ប្រេងឥន្ធនៈ, រដ្ឋបានចរចាជាមួយនឹងក្រុមហ៊ុនដែលនាំចូលប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃឱ្យកុំហក់ឡើងខ្ពស់ពេក។ ដោយនៅក្នុងនោះឱ្យតែតម្លៃប្រេងឡើងលើសពី៩០ដុល្លារអាម៉េរិក ក្នុងមួយបារ៉ែល គឺរដ្ឋជួយចេញ ខាត៦,៥សេនដុល្លារ ក្នុងមួយលីត្រ ចំណែកក្រុមហ៊ុននាំចូលរួមខាត១សេនដុល្លារ ក្នុងមួយលីត្រ។

យោងលើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃរវាងអន្តរក្រសួង ជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកប អាជីវកម្មនៅកម្ពុជា គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា ត្រូវលក់ តម្លៃ៥.២០០រៀល ក្នុងមួយលីត្រ។ សម្រាប់ប្រេងម៉ាស៊ូត ៦.០៥០រៀល ក្នុងមួយលីត្រ៕SRP ដោយ៖ វ៉ាង ភក្តី RNK .APP

Like 197
Comment 0
Share ចែកចាយ
Views 4.3K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page652 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន ទំនាស់សម្ដីរឿងដកបង្គោលព្រំដី បាញ់សម្លាប់រួចរត់បានជិត២គីឡូម៉ែត្រូវបានចាប់ខ្លួន ចុះផ្សាយថ្ងៃទី ២០ មីនា ២០២៦
ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ ក្រុមមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្ដែងលើគម្រោងស្ថាបនាផ្លូវវាងប្រាសាទបឹង ក្នុងសង្កាត់ជ្រាវ ចុះផ្សាយថ្ងៃទី ២០ មីនា ២០២៦
អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងអគារសង្ស័យពាក់ព័ន្ធបទល្មើសស្គែមអនឡាញដែលបានបិទកន្លងមក ចុះផ្សាយថ្ងៃទី ២០ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ៣ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×