លោក សំ សុខហេន «រូបភាពពេលផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១ ម្សិលមិញ»
ខេត្តសៀមរាប៖លោកសំ សុខហេន ដើមបណ្តឹងឧទ្ធរណ៍ បានអះអាងថា ថៅកែ គ្លីនិកឯកជនយីហោ ស៊ឹង រិទ្ធីរ៉េត ពិតជារំលោភលើទំនុកចិត្ត ក្នុងការទិញផ្ទះធ្វើគ្លីនិក លើទំហំទឹកប្រាក់ ២៣៥ ០០០ ដុល្លារ។ ករណីនេះ រូបលោកនឹងស្វាគមន៍តាមផ្លូវច្បាប់ ប្រសិនលោកស៊ឹង រិទ្ធីរ៉េត ប្តឹងរូបលោកព្រោះតែផ្តល់ព័ត៌មានពិត ដល់អ្នកសារព័ត៌មានសម្រាប់ចុះផ្សាយ។
លោកវរសេនីយ៍ទោ សំ សុខហេន នាយរងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ ខេត្តសៀមរាបនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្តល់បទសម្ភាសន៍ថា៖ ថ្មីៗនេះ មានបណ្តាញសង្គមមួយ បានស្រង់សម្ដី លោកស៊ឹង រិទ្ធីរ៉េត ថៅកែគ្លីនិកឯកជន យីហោស៊ឹង រិទ្ធីរ៉េត និងមានឋានៈជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប យកទៅផ្សាយថា៖ លោកស៊ឹង រិទ្ធីរ៉េត នឹងពិចារណាប្តឹងរូបលោក បើនៅតែផ្តល់ព័ត៌មាន ដល់អ្នកសារព័ត៌មាន អោយចុះផ្សាយប៉ះពាល់ដល់កិត្តិយសរបស់គាត់។
លោកវរសេនីយ៍ទោ សំ សុខហេន បានបន្តថា ក្នុងដំណើររឿង កាលថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០១៩ រូបលោកនិងឪពុក រួមទាំងចុងបណ្តឹង បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលមានតម្លៃ៥៦ម៉ឺនដុល្លារ ។ ក្នុងនោះរូបលោកមានចំណែក២៥គាគរយ ឪពុក២៥ ភាគរយ ហើយចុងបណ្តឹង៥០ភាគរយ ដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ ក្រោយពេលទិញហើយក៏មានជនបរទេស មករកទិញវិញ ដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ តែពួកគាត់ទាំង៣ភាគហ៊ុន សម្រេចមិនលក់ ដោយព្រមព្រៀងជួលអោយចុងបណ្តឹងធ្វើជាគ្លីនិកតម្លៃក្នុង១ខែ៣០០០ដុល្លារ។ ក្នុងពេលព្រមព្រៀងគ្នា ចុងបណ្តឹងក៏បានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែម្តង។ ក្នុងកំឡុងពេលដំណើរការជួសជុល រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល។ ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងបណ្តឹងផ្តិតមេដៃ ចុងបណ្តឹងចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៏ឈ្មោះរបស់គាត់ តើ មានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។
លោកសំ សុខហេន បានអោយដឹងទៀតថា បន្ទាប់ពីចុងបណ្តឹងឆ្លើយថា ដីផ្ទះនោះជារបស់គាត់តែម្នាក់ឯង រូបលោកបានដាក់ពាក្យប្តឹងទៅតុលារការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាប សម្រេចតម្កល់រឿងឥតចាត់ការ។
លោកសំ សុខហេន បានបញ្ជាក់ទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ចំណែក ឯខ្ចីលុយធនាគារក៏ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៏៣ចំណែកដូចគ្នា។ គ្រាន់តែអោយចុងបណ្តឹងជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន។ តែរូបលោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងបណ្តឹងទាំងអស់។ ក្នុងនោះសម្រាប់រូបលោកដែលមានចំណែក២៥ភាគរយ គឺស្មើទឹកប្រាក់ ២៣៥ ០០០ដុល្លារ។
លោកសំ សុខហេន បានបញ្ជាក់បន្ថែមទៀតថា ដំណើររឿងដែលនាំអោយឈានដល់ប្តឹងផ្តល់នេះ គឺដំបូងឡើយលោកស៊ឹង រិទ្ធីរ៉េត មកទាមទារអោយរូបលោកដកភាគហ៊ុនចេញនិងទទួលយកប្រាក់៥០០០ដុល្លារ។ លុះពេលរូបលោកមិនព្រម ក៏ឈប់ជួលផ្ទះអោយលោកទាំងមិនទាន់ចប់កុងត្រា ហើយប្តឹងទារសំណងជាង១០ម៉ឺនដុល្លារ តែសាលាឧទ្ធរណ៍ សម្រេចអោយលោកជាអ្នកឈ្នះក្តី។
លោកបញ្ជាក់ថា រឿងក្តីដែលរូបលោកផ្តល់បទសម្ភាសន៍នេះ គឺជាការពិតទាំងអស់ ហើយបើលោកស៊ឹង រិទ្ធីរ៉េត យល់ថាផ្តល់ព័ត៌មានមិនពិត សូមប្តឹងលោកចុះ លោកចាំស្វាគមន៍តាមផ្លូវច្បាប់។ ក្រៅពីនោះបើលោក ស៊ឹង រិទ្ធីរ៉េត និងប្រពន្ធ ហ៊ានទៅស្បថនៅមុខព្រះអង្គចេកព្រះអង្គចម ឬវត្តកម្ម ដោយធ្វើតាមបែបប្រពៃណីខ្មែរ រួមជាមួយរូបលោកផង នោះរូបលោកសុខចិត្តដកពាក្យបណ្តឹងចេញទាំងអស់ ហើយលុយភាគហ៊ុន២៥ភាគរយ ស្មើ២៣៥ ០០០ដុល្លារ សុខចិត្តចោលដោយប្រគល់អោយលោកស៊ឹង រិទ្ធីរ៉េត។
ជុំវិញការចោទប្រកាន់នេះ អ្នកសារព័ត៌មាន មិនអាចស្វែងរកជួបលោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត សៀមរាប ដើម្បីសុំការបកស្រាយបានទេ នៅព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១នេះ។ ប៉ុន្តែលោកស៊ឹង រិទ្ធីរ៉េត ធ្លាប់បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីនិងផ្ទះដោយមានឯកសារ ហើយក៏ជាអ្នកខ្ចីធនាគារដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។ សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។
ទោះជាយ៉ាងណា លោកសំ សុខហេន បញ្ជាក់ថា ព្រោះតែហេតុផលបែបនេះ រូបលោកសម្រេចប្តឹងទៅសាលាឧទ្ធរណ៍ ហើយរំពឹងថា នឹងទួលបានភាពយុត្តិធម៌មកវិញសម្រាប់រូបលោក។
ករណីនេះមហាជននៅក្នុងខេត្តសៀមរាប នៅតែរងចាំមើលថា តើរឿងក្តីដែលមានទំហំទឹកប្រាក់រហូតជាង២៣ម៉ឺនដុល្លារនេះ ទៅជាយ៉ាងណា បើម្ខាងជានគរបាល ចំណែកឯម្ខាងទៀត ជាមន្ត្រីមានមុខមាត់ ពិសេស ជាថៅកែគ្លីនិកដ៏ល្បីល្បាញប្រចាំខេត្តសៀមរាបផងដែរ៕SRPដោយ កញ្ញា ស្រីណុច
សំឡេង លោកសំ សុខហេន អះអាងប្រាប់អ្នកសារព័ត៌មាន