ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រោមចំណងជើងថា”ថាមពលនៃការគិត”។
លោក សឿន តុលា បានសរសេរថា៖ ជាទូទៅ ការគិតវិជ្ជមាន ឬការគិតអវិជ្ជមាន គឺអាស្រ័យលើខ្លួនយើង តែប៉ុណ្ណោះ ប្រសិនបើយើងធ្វើការប្រៀបធៀប រឿងទាំងនេះ កើតឡើងចំពោះមនុស្ស ទូទៅ ដោយមិនប្រកាន់ប្រទេស រឿងជនជាតិអ្វីឡើយ។ មនុស្សឆ្លាត និងតែងតែមានប្រាជ្ញា ដោយសារតែពួកគេ អនុវត្តនូវការគិតវិជ្ជមាន ។
សូមចូលចាំថា: កម្លាំងនៃការគិតអវិជ្ជមាន ធ្វើឲ្យយើងរត់ថយក្រោយ ពោលគឺខ្សោយថាមពលនៅក្នុងខួរក្បាល ហើយកម្លាំងអវិជ្ជមាននេះ មិនអាចពាំនាំរូបយើង ឱ្យទៅដល់កន្លែងដែលយើងចង់ទៅបានទេ។
រីឯកម្លាំងនៃការគិតវិជ្ជមាន តែងតែបង្កើនឥទ្ធិពលនៅក្នុងខួរក្បាលរបស់យើង ជាពិសេសនោះ កម្លាំងនេះ នឹងនាំឲ្យយើងទៅដល់កន្លែងដែលយើងចង់ទៅ។
ការគិតអំពីចំណុចវិជ្ជមាន គឺឲ្យយើងបង្កើនកម្លាំង ជារៀងរាល់ថ្ងៃ កម្លាំងទាំងអស់នោះ កើតចេញពីការសន្សំ នៃភាពវិជ្ជមាន ដែលយើងបានគិតជាប្រចាំ ។
សូមចងចាំថា ” ការផ្លាស់ប្ដូរធំមួយ កើតឡើងនៅក្នុងខ្លួនរបស់យើង គឺដោយសារតែ ឥទ្ធិពលនៃភាពវិជ្ជមាន ដែលយើងបានថែទាំបីបាច់ជារៀងរាល់ថ្ងៃ” ជាទូទៅមនុស្សដែលគិតអំពី ចំណុច វិជ្ជមាន មិនដែលយកចិត្តទុកដាក់ ទៅលើពាក្យសម្ដីរបស់អ្នកដទៃ ជារឿងធ្ងន់ធ្ងរសម្រាប់ខ្លួនពួកគេឡើយ ពីព្រោះពួកគេយល់ឃើញថា ” ភាពវេទនាក្នុងចិត្ត ភាគច្រើនបំផុត កើតឡើង ដោយការស្ដាប់ សំដីរបស់អ្នកដទៃ ហើយភ្លេច ការស្ដាប់សំឡេង នៅក្នុងខ្លួនរបស់ពួកគេ” សូមចងចាំថា នៅពេលដែលយើងយល់អំពីសំឡេងនៅក្នុងខ្លួនរបស់យើង យើងនឹងអាចយល់អំពីសំឡេងរបស់អ្នកដទៃ បានយ៉ាងស្ងប់ក្នុងផ្លូវចិត្ត” កម្លាំងនៃការគិតអំពីចំណុចវិជ្ជមាន បានធ្វើឱ្យយើងផ្លាស់ប្ដូរ ក្នុង 3 ចំណុច:
- គ្រប់យ៉ាងធ្វើឲ្យយើងយល់បានថា កាលណាមានហេតុ នោះប្រាកដជាមានផល..ហើយរាល់ផលទាំងអស់ និងជំរុញឲ្យយើងមានកម្លាំងចិត្ត ដើម្បីទទួលបានភាពជោគជ័យ។
- ក្នុងលោកយើងនេះគ្មានទេការបរាជ័យ គ្រាន់តែយើង នូវទទួលបានផលតិច មិនទាន់សម្រេចលទ្ធផលយើងបានគិតទុកតែប៉ុណ្ណោះ ។
- គ្រប់យ៉ាងកើតឡើងក្នុងជីវិតរបស់យើង មិនមែនសុទ្ធតែជាផលអាក្រក់នោះទេ ទាំងនោះបានបង្ហាត់ យើងឱ្យចេះអត់ធ្មត់ ប្រសិនបើលទ្ធផលកើតឡើងមិនដូចបំណង ជាពិសេសនោះ ជំរុញឲ្យយើងមានការសម្រេចចិត្តលឿន ក្នុងការអនុវត្តគោលដៅ។
សូមចងចាំថា : អំណាចនៃការគិត គឺជាដែកឆក់ ដែលធ្វើឱ្យអ្នកទទួលបានលទ្ធផល ដូច្នេះហើយ ប្រសិនបើអ្នកគិតអំពីចំណុចអវិជ្ជមាន ការនិយាយអំពីចំណុចអវិជ្ជមាន គឺមិនប្រសើរជាង ភាពស្ងៀមស្ងាត់ ដែលអ្នកអាចអនុវត្តបាន ហើយរៀនអំពីការកែប្រែខ្លួន ដើម្បីទាក់ទាញភាពប្រសើរឡើង ក្នុងផ្លូវជីវិត៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. *PAPAYA REAL ESTATE(គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ) *PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)