ខេត្តសៀមរាប៖លោកគុជ លីណា ប្រធានគណៈចាត់តាំងគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២១ ម្សិលមិញ បាននាំយកអំណោយជាអង្ករ ត្រីខ យកទៅប្រគល់ជូនគណៈ កម្មាធិការគណបក្សសង្កាត់ចំនួន៤ ក្នុងក្រុង សៀមរាប ដើមី្បធ្វើការចែកជូនគ្រួសារគណបក្ស ដែលបានជួបការខ្វះខាត ក្នុងបរិបទកូវិដ១៩ និង ការបិទខ្ទប់ជាបណ្តោះអាសន្ន និងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន។
មានប្រសាសន៍សំណេះសំណាលជាមួយប្រធាន សមាជិក សមាជិកា នៃគណបក្សទាំង៤សង្កាត់នាឱកាសនោះ ក្នុង នាមលោក ទៀ សីហា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក គុជ លីណា ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ របស់សម្តេចប្រធានគណបក្ស និង សម្តេចប្រធានកិត្តិយស ក្នុងពេលដែលប្រទេសកម្ពុជាយើង បានជួបនូវវិបត្តិកូវិដ១៩ ធ្វើ ប្រជាពលរដ្ឋជួបនូវវិបត្តិសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ ជាសំខាន់ចំពោះក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា នៅគ្រប់បណ្តាមូល ដ្ឋានខេត្ត ក្រុង ស្រុក។ ដោយកត្តានេះហើយសម្តេចប្រធាន ក៏បានគិតដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ជា បណ្តោះអាសន្ន ក្នុងគោលដៅកាត់ផ្តាច់នូវខ្សែចម្លងមេរោគដ៏កាចសាហាវនេះ កុំឲ្យឆ្លងចូលទៅក្នុងសហគមន៍។
លោក គុជ លីណា ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមការងារសង្កាត់ទាំង៤ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេល ចុះយកអំណោយទាំងនេះ ទៅប្រគល់ឲ្យក្រុមគ្រួសារបក្សដែលជួបការខ្វះខាតឲ្យចំគោលដៅ តាមការណែនាំរបស់លោក ប្រធានគណបក្ស ដោយគោរពឲ្យបានវិធានការ ៣កុំ ៣ការពារ ហើយអ្វីដែលសំខាន់សម្រាប់បងប្អូនចុះផ្ទាល់ជាមួយ សមាជិកបក្សនៅតាមលំនៅដ្ឋាន គឺ ត្រូវរក្សាឲ្យបាននូវគន្លាតសុវត្ថិភាព និង ត្រូវមានអាល់កុល ឬ ជែលនៅជាប់នឹងខ្លួនផង ដែរ។
លោកបានបន្តថា អំណោយដែលត្រូវក្រុមការងារតាមសង្កាត់នីមួយៗ យកទៅប្រគល់ដល់បងប្អូននេះ នឹងបានជួយ សម្រាលនូវភាពលំបាករបស់បងប្អូនបានមួយរយៈផងដែរ។ ម៉្យាងទៀតគណបក្សប្រជាជនកម្ពុជា ក៏មិនប្រងើយកន្តើយនៅ ពេលបងប្អូនជួបទុក្ខលំបាកនេះ ហើយក៏មិនបោះបង់ចោលបងប្អូននោះឡើយ ទីណាមានប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានសកម្មជនគណបក្សប្រជាជនកម្ពុជាជានិច្ច។
លោកក៏បានផ្តាំផ្ញើដល់ប្រធានគណបក្សទាំង៤ ត្រូវ បង្កើនការជម្រុញដល់ប្រជាពលរដ្ឋ ឲ្យទៅទទួលការចាក់វ៉ាក់សាំងនូវដូសទី២នេះ កុំឲ្យសេសសល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។
សូមជម្រាបថាសង្កាត់សាលាកំរើក ទទួលបានអង្ករ ២.៥០០គីឡូក្រាម ត្រីខ ២៥០យួរ , សង្កាត់ស្លក្រាម ទទួលបានអង្ករ ២.៣០០គីឡូក្រាម ត្រីខ ២៣០យួរ , សង្កាត់គោកចក ទទួលបានអង្ករ ២តោន ត្រីខ ២០០យួរ និង សង្កាត់ស្វាយដង្គំ ទទួលបាន អង្ករ ២តោន ត្រីខ ២០០យួរផងដែរ៕SRP