ខេត្តសៀមរាប៖លោកស៊ុ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនិងក្រុមការងារ នៅព្រឹកថ្ងៃទី០៩ខែកញ្ញា ឆ្នាំ ២០២១នេះ បានទទួលទ័យទាន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក។
ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន ព្រះចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាថាព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះក៏ដូចជាជួយ សម្រាលទុក្ខលំបាក របស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង។
ព្រះគ្រូចៅអធិការ មានសង្ឃដីកាបញ្ជាក់បន្ថែមថា គ្រឿងឧបភោគបរិភោគ ដែលប្រគល់ជូនដល់ សាខាកាកបាទក្រហមខេត្ត នាពេលនេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗ នាពេលកន្លងមក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការផ្សេងៗ។
លោក ស៊ុ សំអន បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌ របស់ព្រះគ្រូវិចិត្រវង្សា ហែម គឹម សាន ក្នុងការយកព្រះទ័យទុកដាក់ ប្រទាន នូវទេយ្យទាន គ្រឿង ឧបភោគបរិភោគ នេះសបញ្ជាក់ ពីព្រះទ័យ ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ។
ទេយ្យទាន ដែលសាខាកាកបាទក្រហមខេត្តទទួលពីព្រះគ្រូចៅអធិការវត្ត ប្រាសាទគោកចក មានដូចជា៖ គ្រឿងបន្លុងចំនួន៣៦ឈុត .អង្ករចំនួន១០០គីឡូក្រាម និងមីចំនួន៥កេសតូចផងដែរ៕SRP