ខេត្តសៀមរាប៖ប្រជាពលលរដ្ឋមួយចំនួន ក្នុងខេត្តសៀមរាប នឹងរងការផាកពិន័យ និងដាក់ទោសតាមច្បាប់ ចំពោះមិនគោរពវិធានការសុខាភិបាល។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា «ទៅមុខមិនរួច» ក្នុងកាលៈទេសៈដ៏លំបាកនេះហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩។
អភិបាលខេត្តសៀមរាបបន្តថា អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម។ លោកថាខ្ញុំត្រូវបង្ខំចិត្ត អោយក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់។
អភិបាលខេត្តបន្តថា សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះ៖-បងប្អូនអាចប្រឈមនឹងផ្លូវច្បាប់
-បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ
-បងប្អូនអាច ឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា
-បងប្អូននឹងអាចធ្វើអោយបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា។
សូមអង្វរ និងអំពាវនាវម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរអភិបាលខេត្តក៏បានអំពាវនាវឲ្យពលរដ្ឋ រស់នៅតាមបែបគន្លងថ្មី គឺ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល. ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល។
សូមជម្រាបថាសមត្ថកិច្ចខេត្តសៀមរាប បានចុះអនុវត្តលើបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមច្បាប់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ ប្រតិបត្តិការ ធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
អាជ្ញាធរបានឲ្យដឹងថាបន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបចេញសេចក្តីសម្រេចលេខ ១៥៤/២១សសរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការកំណត់ជា “តំបន់លឿងទុំ” នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ នៅក្នុងខេត្តសៀមរាបរួចមក រដ្ឋបាលខេត្តបានសង្កេតឃើញថា ពលរដ្ឋមួយចំនួនមិនអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច និងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតឡើយ។
សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់បានអប់រំ ផ្សព្វផ្សាយជា បន្តបន្ទាប់តាមគ្រប់រូបភាព ប៉ុន្តែបងប្អូននៅតែមិនចូលរួមអនុវត្តឱ្យបានហ្មត់ចត់ ឬមិនយកចិត្តទុកដាក់ស្តាប់ការណែនាំរបស់សមត្ថកិច្ចនោះទេ។ ដូច្នេះដើម្បីជាផលប្រយោជន៍សុខភាពសាធារណៈ និងទប់ស្កាត់ជំងឺកូវីដ ឱ្យមានប្រសិទ្ធភាព សមត្ថកិច្ចនឹងចុះល្បាតគ្រប់ច្រកល្ហកក្នុងភូមិសាស្ត្រក្នុងក្រុងសៀមរាប។ ករណីនេះអាជ្ញាធរសង្ឃឹមយ៉ាងមុតមាំថាប្រជាពលរដ្ឋនឹងចូលរួមក្នុងអនុវត្តសេចក្តីសម្រេចខាងលើដើម្បីកាត់ផ្តាច់ជំងឺកូវី ចេញពីសហគមន៍៕SRP