ខេត្តសៀមរាប៖លោកស៊ុំ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងថា៖ ទីក្រុងសៀមរាប ត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២ តាមរយៈកិច្ចប្រជុំលើក ទី៩ របស់ក្រុមរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ពីព្រោះក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតក វប្បធម៌ទាំងរូបីយ និងអរូបីយ ដែលជាគោលដៅ ទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញក្នុងពិភពលោក។ លោកថា ដោយឡែកព្រឹត្តិការណ៍ដាំដើមឈើ និង ជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោកពេលនេះ ជាកម្មវិធីមួយដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាប ដែលជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញ របស់កម្ពុជា ទៅដល់ប្រទេសដែលជាសមាជិកផងដែរ។
លោកស៊ុំ ម៉ាប់ ថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត ថ្ងៃទី១១ខែតុលា ឆ្នាំ២០២១ព្រឹកមិញនេះ ក្នុងឱកាស តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយបណ្តាអង្គទូតអាស៊ាននិងប្រទេសដៃគូរួមគ្នា ដាំដើមឈើ និងជិះកង់ដើម្បីអបអរសាទរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន។ សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាមាន តួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ សម្រាប់ឆ្នាំ២០២០-២០២២៕SRP