ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអះអាងថា កំណើនសេដ្ឋកិច្ច មានការកើនឡើង ដោយមានការចូលរួម ពីវិស័យចំនួន០៣សំខាន់ៗរួមមាន វិស័យកសិកម្ម៣០.៩% ឧស្សាហកម្ម ២៦.១% និងសេវាកម្ម៤២.៩%។
អភិបាលខេត្តបញ្ជាក់ថា ដោយអនុវត្តតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ខេត្តត្បូងឃ្មុំ ទទួលបានកំណើន សេដ្ឋកិច្ច ប្រមាណជា១.២០៤លានដុល្លារអាមេរិក ទំនិញនាំចេញ នាំចូលមានប្រមាណ ៤៥៥លានដុល្លារ (ការនាំចេញប្រមាណ៣៥៣លានដុល្លារ និងការនាំចូល ១០២លានដុល្លារ)។
លោកបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាស លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំគណៈប្រតិភូ ប្រជុំ និងពិភាក្សា ការងារជាមួយ
ដោយមានការចូលរួមពី លោក អ៊ុក សារ៉ាវុធ អគ្គសវនកររងនៃអជ្ញាធរសវនកម្មជាតិ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។
លោក ជាម យៀប បានមានប្រសាសន៍ថា៖ គោលបំណង នៃការចុះបំពេញ បេសកកម្មនាថ្ងៃនេះ គឺដើម្បីក្តាប់សភាពការណ៍ ទូទៅ បញ្ហាប្រឈម និងទិសដៅរបស់ ខេត្តត្បូងឃ្មុំ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដែលទាក់ទងការ ទទួលខុសត្រូវ លើវិស័យ ទទួលបន្ទុករួមមាន ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណៈកម្មការទី២ នៃរដ្ឋសភា ពិសេសស្វែងយល់ ពីបញ្ហាប្រឈម នៃការរីករាលដាលជម្ងឺកូវីដ-១៩។
លោក ជាម យៀប បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ដែលមានអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ជាក្បាលម៉ាសុីនដឹកនាំដ៍ខ្លាំង និងមន្ត្រីរាជការជុំវិញខេត្ត បានខិតខំ ប្រមូល ថវិកាជាតិ បានយ៉ាងល្អប្រសើរ ក្នុងការរួមចំណែក ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ អោយមានការរីកចម្រើន ឡើង ក៏ដូចជាជីវភាព របស់ ប្រជាពលរដ្ឋ ក្នុងកំឡុងពេលជួបការលំបាក ពីការរីករាលដាលជំងឺកូវីដ-១៩ ដែលមិនត្រឹមតែ ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបណ្តាប្រទេសអាស៊ាន និង ពិភពលោក កំពុងជួបបញ្ហា ប្រឈម ប៉ះពាល់ដល់សេដ្ឋជាតិនិងអាយុជីវិត។ ដោយឡែក ចំពោះសំណូមពរ របស់ខេត្ត លោកជាម យៀប និងគណៈកម្មការជំនាញ នៃរដ្ឋសភា នឹងធ្វើរបាយការណ៍ ជូនសម្តេច ប្រធានរដ្ឋសភា ដើម្បីដាក់ជូន រាជរដ្ឋាភិបាល ធ្វើការដោះស្រាយ៕SRP
