Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ភ្នំពេញ

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២៥

លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខអស់ស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌ

យោងតាមប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មួយ​រូបបង្ហេីបថា​ បេី​ក្រសួង​មហាផ្ទៃ​ស្រាវជ្រាវឃេីញ​ដូចការ​ចោទប្រកាន់មែន​ លោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ អាចប្រឈមមុខនឹងការ​ដកតួនាទី​ ដកឋានន្តរស័ក្តិ​និង​បណ្ដេញចេញ​ពីក្របខណ្ឌតែម្ដង​។

នេះបើតាមការបង្ហោះតាមរយៈទំព័រ facebook របស់លោកផែង វណ្ណៈ នៅរសៀលថ្ងៃពុធនេះ។

លោកផែង វណ្ណៈ បានសរសេរថា ទីបំផុត​ ឯកឧត្តម​អភិសន្តិបណ្ឌិ​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៥​ បាន​សម្រេច​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​ លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រង​ នៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដេីម្បី​បន្តដំណេីរការស្រាវជ្រាវបន្ថែម​។​

ការផ្អាកការងារ​លោកឧត្ដម​សេនីយ៍ទោ​ គង់​ វុទ្ធី​ បាន​ធ្វេីឡេីង​ បន្ទាប់ពីលោកមាន​រឿង​អាស្រូវជាច្រេីន​ពាក់ព័ន្ធ​ករណី​ឆបោក​ជនរងគ្រោះ​មានទឹក​ប្រាក់រាប់លានដុល្លារ​។

ជុំវិញករណីនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ​ គង់​ វុទ្ធី​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជានៅព្រឹកថ្ងៃពុធនេះបានផ្ញើសារសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន។

តាមរយៈសារសម្ដេចតេជោហ៊ុន សែន បានបង្ហោះថា
សូមផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

សូមចូលរួមការលំបាកជាមួយបងប្អូន
ប្រជាជនភៀសសឹកទាំងអស់ដែល
ភៀសខ្លួនដោយសារពួកចោរឈ្លានពាន។

សូមអរគុណចំពោះសប្បុរសជនដែល
បានចូលរួមជាសម្ភារៈថវិកាតាមរយៈ
រាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជន
ដែលបានយកទៅចែកជូនផ្ទាល់ដល់
កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន
ភៀសសឹក។

ខ្ញុំបានឃើញសំណូមពរយុទ្ធជនម្នាក់ពី
សមរភូមិថាសុំជួយជាអំបុកល្អជាងជួយ
ជាមី។ខ្ញុំយល់ថាសំណូមពរនេះសមហេតុសមផលតែខ្ញុំយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនិងការផ្តល់
អំបុកបន្ថែម។

ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែក
ជូនកងទ័ពឬជនភៀសសឹក។

សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅ
ខ្សែត្រៀមជួរមុខ។

ទទួលទានអំបុកស្រូវថ្មីវាយសត្រូវ
ឈ្លានពាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង

ភ្នំពេញ៖ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិកម្ពុជា៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។

ល្ងាចម្សឹលមុិញយើងបានតបតបន្ថែម
ដោយយប់មុិញនិងព្រឹកនេះ។
តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានិងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា
១១ចំណុចនេះនៅកន្លែងណាខ្លះ?
ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែង
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
របស់យើងត្រូវវាយគ្រប់ចំណុចដែល
ខ្មាំងវាយចូល។
យើងការពារទឹកដីយើងដោយមាន
លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់
ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។
ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើង
អនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់
សត្រូវតាមរយះការចាត់តាំងទប់ទល់។

សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បី
សន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។

សំដីលោកមេទ័ពខ្លាំងជាងប្រទេស
មហាអំណាចខាងអាវុធនិងកងទ័ពនៅ
លើពិភពលោកនេះទៅទៀត។

យើងពិតជាមិនអង្គុយអោបដៃឲ្យអស់
លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ
យើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត
វាយតបតដើម្បីការពារទឹកដីយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ធ្នូ ២០២៥

បែកធ្លាយរឿង ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ ពាក់ព័ន្ធ​ឆបោក​លុយ​៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​

នៅថ្ងៃទី 5 ខែក្នុងឆ្នាំ 2025 នេះមានការបែកធ្លាយរឿងអាស្រូវ ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ពាក់ព័ន្ធ​ឆបោក​លុយ​៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​ថែមទៀត។

បើតាមលោកផែង វណ្ណៈ បានទម្លាយថាឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដែល​មានរឿងអាស្រូវ​ឆបោក​លុយជនរងគ្រោះ​ ២លានដុល្លារ​ មិនទាន់​ដោះស្រាយ​ចប់​ផង​ ឥលូវ​មាន​ជនរងគ្រោះ​ម្នាក់​ទៀត​ចេញ​មុខមក​ផ្ដល់​ព័ត៌មាន​មកអោយខ្ញុំ​បាទ​ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ជនរងគ្រោះ​ ៥៣ម៉ឺន​ដុល្លារ​ មួយករណីទៀត​។

លោកផែង វណ្ណៈ បានបន្តថា លោកឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ បាន​គំរាម​ជនរងគ្រោះ​ថា​ សម្បត្តិ​ត្រឹម​ អា​ ផែង​ វណ្ណៈ​ ធ្វើ​ អញមិនបែកផង​ ហែងនិងស្អី​ ចង់​លេងជាមួយ​អញ​ ? ខ្សែ​អញនៅ​មហាផ្ទៃ​ ហែងចង់​ប្ដឹង​ទៅណា​ ប្ដឹង​ទៅ​ អាផែង​ វណ្ណៈ​ ជិតជាប់គុកហេីយ​ ។ លោកផ្កាយ២គង់​ វុទ្ធី​ និយាយ​ត្រូវ​ សម្បត្តិ​ត្រឹម​ខ្ញុំ​ជា​អ្នកកាសែត​និង​ធ្វើ​ស្អី​គាត់​ តាមពិត​ខ្ញុំ​អត់មាន​សិទ្ធិ​អី​មែន​ តែខ្ញុំ​មានសិទ្ធិ​ផ្សាយ​អំពី​ទង្វើ​ថោកទាប​របស់​ ឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ បាន​គ្រប់​ពេល​។

តាមពិត​ទៅ​ខ្ញុំ​ស្គាល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ គាត់​ជា​ថ្នាក់ដឹកនាំ​ល្អ​ មិនការពារ​ មន្ត្រី​ខិលខូច​ទេ​ ទង្វើ​បុគ្គល​ គង់​ វុទ្ធី​ កាន់តែ​ធ្វើ​អោយ​គេស្គាល់​ក្រយ៉ៅច្បាស់ថា​ លោក​ជាជនឆបោក​ជ្រកក្រោម​ស្លាក​ស្ថាប័ន​តែ​ប៉ុណ្ណោះ​។

គង់​ វុទ្ធី​ ត្រូវ​ចាំ​អោយច្បាស់​ កុកអាចភ្លេចជុង​ តែជុង​មិនភ្លេច​គុកទេ​។

ជុំវិញការបង្ហោះសាររបស់លោកផែងវណ្ណៈយ៉ាងដូច្នេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិមិនទាន់ទទួលបានការបំភ្លឺពីឧត្ដមសេនីយ៍​ទោ​ គង់​ វុទ្ធី​ អគ្គនាយក​រងនៃ​ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 3.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ធ្នូ ២០២៥

សម្ដេចតេជោហ៊ុន សែន រម្លឹកបទចម្រៀង «ឱភ្នំពេញអើយ» នឹងចាត់ទុកជាបទចម្រៀងប្រវត្តិសាស្ត្រ

ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្ដេចតេជោហ៊ុន សែន៖ ម្សិលមិញខួបលើកទី៤៧នៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា(២ធ្នូ១៩៧៨-២ធ្នូ២០២៥)។
នៅសល់ជាង១ខែទៀតនឹងឈានដល់
ខួបលើក៤៧នៃថ្ងៃជ័យជំនះលើរបប
ប៉ុល ពត(៧មករា១៩៧៩-៧មករា២០២៦)។
ចម្រៀងបទ(ឱភ្នំពេញអើយ)នៅតែជា
ការចងចាំរបស់ប្រជាជនកម្ពុជា។ សម្រាប់ខ្ញុំចម្រៀងមួយបទនេះស្តាប់ហើយហូរទឹកភ្នែកដោយការរំភើប។
ទឹកដៃនិពន្ធទំនុកច្រៀងដោយបង
កែវ ចិន្តា និងការរៀបចំភ្លេង និងដឹកនាំ
ផលិតដោយបង ជ័យ សោភា និងច្រៀងដោយក្មួយ សូ ចន្នី ពិតជាគួរឲ្យ
គោរព និងកោតសរសើរ។
ខ្ញុំសូមយកឱកាសនេះ សូមអភ័យទោស
ពីវិញ្ញាណក្ខន្ធបង កែវ ចិន្តា បង ជ័យ សោភា
ក៏ដូចកូនៗ និងចៅរបស់បងទាំងពីរ ដែលមុននេះខ្ញុំយល់ច្រឡំថាគ្រួសារបង កែវ ចិន្តា និងគ្រួសារបង
ជ័យ សោភា ដណ្តើមសិទ្ធិធ្វើជាម្ចាស់
បទ(ឱភ្នំពេញអើយ)ប៉ុន្តែនៅពេលខ្ញុំ
ឃើញការបង្ហោះតាម Facebook របស់ឈ្មោះ chun sothy ដែលនៅ
ក្នុងនោះបានបញ្ជាក់ថាម្ចាស់ស្នាដៃបទ
«ឱភ្នំពេញអើយ» គឺលោកអ៊ុំ <ម៉ម ធឿន>…..បានទទួលមរណភាពហើយ។ ដំបូងឡើយខ្ញុំគិតថាអាចមាន
បទ ដែលមានចំណងជើងដូចគ្នា ប៉ុន្តែពិនិត្យខ្លឹមសារខាងក្រោមថា បទនេះនិពន្ធតាំងពីនៅឡុងយ៉ាវ ដែលជាទីតាំង
ខ្ញុំបង្កើតកងទ័ព និងជាមេបញ្ជាការខ្ពស់
ជាងគេ ដែលនៅទីនោះមានអង្គភាព
សិល្បះទាំងបុរាណ ទាំងសម័យ និងបង
ជ័យ សោភា ជាជំនួយការខ្ញុំ គឺជារឿង
ដែលមិនអាចទៅរួចឡើយ។ (សិល្បះ
កងទ័ពសព្វថ្ងៃកកើតពីខែកក្កដា ឆ្នាំ១៩៧៨
ដែលមានខ្ញុំជាបង្កើត)
ចំណុចកាន់តែច្បាស់បទនេះមិនអាច
និពន្ធមុនរំដោះភ្នំពេញបានឡើយ
ព្រោះក្នុងខ្លឹមសារនៃបទចម្រៀងមានពាក្យ (ឱភ្នំពេញអើយបីឆ្នាំនឹកអ្នកក្នុង
ឱរា) (ភ្នំពេញដួងព្រលឹងជាទីស្នេហា
បីឆ្នាំខ្លោចផ្សា តែអ្នករក្សាបានប្រវត្តិថ្លៃថ្លា
អង់អាចក្លាហាន) (អើយឱភ្នំពេញអើយ
ទុក្ខសោកអ្នកបានស្បើយ ខ្ញុំជួបអ្នកវិញ
ហើយ ឱដួងព្រលឹងអើយ ភ្នំពេញអើយ
អើយភ្នំពេញអើយ)
ខ្លឹមសារក្នុងបទចម្រៀងមានន័យគ្រប់
គ្រាន់ថាបទចម្រៀងនេះនិពន្ធក្រោយ
ភ្នំពេញត្រូវបានរំដោះមិនមែននៅ
ឡុងយ៉ាវ ឆ្នាំ១៩៧៨ នោះទេ។
ម្យ៉ាងទៀតចម្រៀងនេះមិនបានឮចាក់
ផ្សាយមុនថ្ងៃ៧ មករា ១៩៧៩ ផងដែរ។
មកនិយាយពីប្រវត្តិបទនៃចម្រៀង
(ឱភ្នំពេញអើយ)វេលាថ្ងៃត្រង់ថ្ងៃ៧ មករា ១៩៧៩ ភ្នំពេញ
ត្រូវបានរំដោះខ្ញុំមិនប្រាកដថាបង
កែវ ចិន្តា សរសេរនៅពេលល្ងាច ឬ
ពេលយប់៧មករា នោះទេ ព្រោះពេលនោះកំពុងប្រជុំមហាសន្និបាតបក្សលើកទី៣។
ល្ងាចថ្ងៃ៨ មករា មានការប្រជុំដើម្បី
ចាត់តាំងរដ្ឋាភិបាល ដែលហៅថាក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា តែបង កែវ ចិន្តា មិនបានចូលរួមប្រជុំទេ តែបងកែវ ចិន្តា ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីឃោសនាការព័ត៌មាន និងវប្បធម៌។
យប់ថ្ងៃ៨ មករា ខ្ញុំត្រឡប់ទៅចូលរួមបិទ
មហាសន្និបាតបក្សវិញ ខ្ញុំអង្គុយទទួល
ទានបាយជាប់ជាមួយបង កែវ ចិន្តា គាត់
ក៏បានដឹងរឿងគាត់ធ្វើរដ្ឋមន្ត្រីដែរ ព្រោះគាត់ជាអ្នកគ្រប់គ្រងវិទ្យុផ្សាយ
សម្លេងរណសិរ្សតាំងថ្ងៃ២ ធ្នូ១៩៧៨ មកម្ល៉េះ។
ព្រឹកថ្ងៃ៩ មករា ១៩៧៩ មានការប្រជុំ
រដ្ឋាបាលលើកដំបូង ដើម្បីបែងចែក
ភារកិច្ច។
ក្រោយប្រជុំចប់ឃើញឃើញបង
ជ័យ សោភា យូរម៉ាញ៉េតូហ្វូនយ៉ាងធំ
ទៅដល់ដើម្បីឆ្លងយោបល់បង កែវ ចិន្តា ។ បង កែវ ចិន្តា ឃាត់ខ្ញុំឲ្យនៅជាមួយគាត់។ ឯបង ជ័យ សោភា និយាយ
មកកាន់ខ្ញុំថាបង ហ៊ុន សែន នៅជួយ
យោបល់ផង។ ទម្លាប់បង ជ័យ សោភា
ហៅខ្ញុំថាបងទោះគាត់មានអាយុច្រើន
ជាងខ្ញុំក៏ដោយ។
បង ជ័យ សោភា ចាក់បទឱភ្នំពេញអើយ
៣ដង។ ក្រោយស្តាប់រួចបង កែវ ចិន្តា
ឲ្យបន្ថែមភ្លេង ខ្ញុំមិនច្បាស់ទេ តែដូចជា
បន្ថែមសម្លេងទ្រ។
ខ្ញុំមិនច្បាស់ថាបង ជ័យ សោភា ធ្វើតាមការណែនាំរបស់បង កែវ ចិន្តា ឬអត់នោះទេ។ មានមនុស្សតែម្នាក់គត់ដែល
អាចបំភ្លឺបាននោះ គឺក្មួយ សូ ចន្នី។ ប្រសិន
បើគាត់ច្រៀងថតឡើងវិញមានន័យថា
បង ជ័យ សោភា ធ្វើតាមបង កែវ ចិន្តា
ប្រសិនបើបើមិនថតឡើងវិញ អាចថត
តាមក្រោយទៀត ព្រោះចម្រៀងនេះ
ត្រូវប្រញាប់ចាក់ផ្សាយក្រោយថ្ងៃរំដោះ។
ដូចនេះតាមការស្មានរបស់ខ្ញុំបង
កែវ ចិន្តា សរសេរបទចម្រៀងនៅល្ងាច
ថ្ងៃ៧ ឬយប់ថ្ងៃ៧ មករា។ ប្រគល់ឲ្យបង
ជ័យ សោភា រៀបភ្លេង និងផលិតនៅថ្ងៃ៨ ឬយប់ថ្ងៃ ៨មករា និងព្រឹកថ្ងៃ៩ មករា
១៩៧៩ ម៉ោងជាង១០ព្រឹក ឆ្លងយោបល់
បង កែវ ចិន្តា។
តើចម្រៀងនេះចាប់ផ្សព្វផ្សាយអ្នក
និពន្ធនៅពេលណា?
ពេលចាក់ផ្សាយដំបូងមិនមាននិយាយ
ពីអ្នកនិពន្ធទេ។ ចូលដល់ខែកញ្ញា ឆ្នាំ១៩៧៩
គណប្រតិភូជាន់ខ្ពស់ដឹកនាំ
ដោយសម្តេច ហេង សំរិន ដែលរូបខ្ញុំ
និងបង កែវ ចិន្តា អមដំណើរផងដែរទៅ
ទស្សនកិច្ចនៅឡាវ។
ក្នុងពិធីជប់លៀងអ្នកចម្រៀងឡាវច្រៀងបទឱភ្នំពេញអើយដោយអ្នក
ឧទ្ទេសនាមបកជាភាសារខ្មែរថាបទ
(ឱភ្នំពេញអើយនិពន្ធដោយសមមិត្ត
កែវ ចិន្តា)
តាំងពីពេលនោះមកមិនមានអ្នកណា
ទាមទារសិទ្ធិជាអ្នកនិពន្ធទេ រាប់ទាំង
ជ័យ សោភា ផងដែរ។
ខ្ញុំសូមនិយាយទៅកាន់កូន ឬចៅលោក
ម៉ម ធឿន វិញម្តង។ ប្រហែលអ្នកផ្សាយ
ព័ត៌មានខុសដោយអចេតនា ដែលថា
លោក ម៉ម ធឿន ជាម្ចាស់បទចម្រៀង
(ឱ ភ្នំពេញអើយ) ខ្ញុំជាអ្នកគ្រប់គ្រងលើឪពុករបស់ក្មួយៗ និងចៅៗ យើងជាយោធា
មិនអាចយកចម្រៀងទៅថតនៅអង្គភាពស៊ីវិលបានទេ បើគ្មានការអនុញ្ញាតិពីខ្ញុំនាពេលនោះ។
ខ្ញុំសូមលោក chun sothy ធ្វើការ
កែតម្រូវព័ត៌មាន ដែលបានផ្សាយខុស។
ការខិតខំស្រាវជ្រាវ និងពន្យល់របស់
ខ្ញុំ គឺដើម្បីជៀសវាងការយល់ច្រឡំទៅ
ថ្ងៃក្រោយព្រោះបទចម្រៀង
(ឱភ្នំពេញអើយ) ជាបទចម្រៀងប្រវត្តិសាស្ត្រ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ធ្នូ ២០២៥

លោកផែង វណ្ណៈ៖ ខ្ញុំបាន​ធ្វេី​កកិច្ចសន្យាចំនួន៤ចំណុច​ ជូនដល់បញ្ជាការដ្ឋាន​កងរាជ​អអាវុធហត្ថលេីផ្ទៃប្រទេស

ភ្នំពេញ៖លោកផែង វណ្ណ: បានសរសេរថា
ក្រោយភ្លៀងមេឃស្រលះ​ !

នៅរសៀល​ថ្ងៃ​ទី​ ៣០​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៥​ ខ្ញុំបាទបាន​ការ​អនុញ្ញាតិ​ពី​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ ចូលជួប​ដេីម្បី​សុំទោស​អំពីចន្លោះប្រហោង​ក្នុងការ​ប្រេីប្រាស់​ពាក្យសំដីដែល​ន៉ះពាល់នឹងតម្លៃ​សិលធម៌ទៅលេី​ស្ថាប័ន​  និង​ សុំការ​ណែនាំពី​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ ។  ខ្ញុំក៏បាន​ធ្វេី​កិច្ចសន្យាចំនួន​ ៤ចំណុច​ជូនដល់​ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថលេីផ្ទៃប្រទេសផងដែរ​ ។

ខ្ញុំបាទ​សូម​គោរ​ព​អរគុណ​ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ដែលបាន​យោគយល់​ និង​ ផ្ដល់​ឱកាសអោយ​ខ្ញុំ​បាទ​ សហការ​ការងារ​ក្នុងការ​ផ្ដល់​ព័ត៌មានពិត​ ដេីម្បី​កែ​លម្អ​ចំណុចអវិជ្ជមាន​ ។

សូមបញ្ជាក់ថានៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា កងរាជអាវុធហត្ថយើងខ្ញុំ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់លោក ផែង វណ្ណៈ ចំពោះមុខឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ជាមួយគ្នានេះ កងរាជអាវុធហត្ថ បន្តគាំទ្រការចូលរួមកិច្ចសហការ ដើម្បីបម្រើប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេស សំដៅលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងស្មារតីនិងសម្ភារ។ ខ្លឹមសារនៃកិច្ចសន្យាមានដូចខាងក្រោម៖

១-បញ្ឈប់ការប្រព្រឹត្តអំពើខាងលើនេះតទៀត។

២-លុបចោលអត្ថបទនិងរូបភាពទាំងអស់ ដែលបានបង្ហោះពាក់ព័ន្ធនឹងអំពើករណីខាងលើនេះ។

៣-ថ្កោលទោសចំពោះជនទាំងឡាយណា ដែលឆ្លៀតយកព័ត៌មានខាងលើ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ក្នុងបំណងបង្កចលាចលសង្គម បំផ្លាញសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គម។

៤-រួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានពិត ដើម្បីរួមចំណែកកែលម្អចំណុចអវិជ្ជមានក្នុងសង្គម៕SRP

https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 195
Comment 0
Share ចែកចាយ
Views 2.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ វិច្ឆិកា ២០២៥

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣%

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកមិញនេះ បានដឹកនាំប្រតិភូក្រសួង និងមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យការរំកិលធ្នឹមស្ពាននៅចន្លោះសសរស្ពានទី៥ កាត់ពីលើផ្លូវជាតិលេខ២ នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាព ៥៣% គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥។ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមជម្រាបជូនផងដែរថា ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសេចក្តីជូនដំណឹងដល់សាធារណជន ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ត្រង់ទីតាំងខាងលើ ដោយនឹងបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើដំណើរ។ ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះ សសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ វិច្ឆិកា ២០២៥

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា …!!

បន្ទាប់ពីដំណើរការអស់រយៈពេល ១ថ្ងៃកន្លះរួចមក, កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារអាទិភាពជាយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា បានឈានដល់ពិធីបិទកិច្ចប្រជុំ នារសៀលថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងវត្តមានសមាជិកគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខានិងក្រុមប្រតិបត្តិទាំង២៥រាជធានីខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្ត្រីទីស្នាក់ការកណ្តាល សរុបចំនួន ១៥៣នាក់។

យោងតាមរបាយការណ៍សង្ខេបពីលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា៖ រយៈពេលមួយថ្ងៃកន្លះកន្លងមកនេះ អង្គប្រជុំបានខិតខំប្រឹងប្រែងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥, លទ្ធផលបឋមការពិនិត្យពាក់កណ្តាលទីនៃការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ និងពិគ្រោះ ពិភាក្សា រកចំណុចផ្តោតនៃវិស័យអាទិភាពនីមួយៗ តាមប្រព័ន្ធឌីជីថល ដោយប្រើទម្រង់ Google Form ទទួលបានលទ្ធផលជាទូទៅ គឺកាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពគ្រប់វិស័យទាំងអស់ស្របតាមទិសដៅកំណត់ក្នុងវិស័យ នីមួយៗ ដូចបានលើកឡើងក្នុងផែនការឆ្នាំ ប៉ុន្តែវិស័យអាទិភាព ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ លេចធ្លោជាងគេ គឺទិសដៅទី១ សំដៅបន្តពង្រឹងសមត្ថភាព ចំណេះដឹង អំពីការកសាងភាពធន់សហគមន៍ និងការប្រែប្រួលអាកាសធាតុ ជូនបណ្តាញ អ្នកស្ម័គ្រចិត្ត យុវជន មន្ត្រីសាខា និងអនុសាខា ក្នុងការត្រៀមខ្លួនជាស្រេចដើម្បីការឆ្លើយតបគ្រោះមហន្តរាយ និងវិបត្តិភ័យនានា។ ចំណែកការអនុវត្តក្នុងវិស័យអាទិភាព ៣ផ្សេងទៀតនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមក្នុងឆ្នាំ២០២៦ និងឆ្នាំខាងមុខ។ ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យឃើញមានបញ្ហាប្រឈមចម្បងដែលបានជួបប្រទះ ហើយត្រូវរួមគ្នាពិចារណា រកដំណោះស្រាយ ដើម្បីពង្រឹងការអនុវត្តផែនការឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា របស់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ដែលបានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់អង្គប្រជុំ ក្រុមប្រតិបត្តិថ្នាក់កណ្តាល និងសាខា ក្នុងការជម្នះរាល់ការលំបាក ដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះរបស់យើង ឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរឡើងជាងមុន។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «ក្នុងការបំពេញតួនាទីជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាអាចអនុវត្តសកម្មភាព បានតិច ឬច្រើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែង បានកម្រិតណានោះ គឺអាស្រ័យទៅលើ កត្តាទី១. គឺការទទួលបាននូវការជួយឧបត្ថម្ភគាំទ្រជាមូលនិធិ សម្ភារៈ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងកត្តាទី២. ការស្ម័គ្រចិត្ត និងឆន្ទៈចូលរួមអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាប្រតិបត្តិករជួរមុខក្នុងការបំផុសចលនាបុរេសកម្មនៅតាមភូមិ ឃុំ សហគមន៍មូលដ្ឋាន និងនៅតាមគ្រឹះស្ថានសិក្សា។ ភាពសកម្ម និងភាពមមាញឹកនៃប្រតិបត្តិការរបស់កាកបាទក្រហមកម្ពុជា និងរបស់សាខាទាំងអស់ ជាកត្តាកំណត់ភាពជោគជ័យ នៃការឧបត្ថម្ភគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ អាស្រ័យហេតុនេះ ការកសាងបានផែនការមួយគ្រប់ជ្រុងជ្រោយ និងការធ្វើឱ្យផែនការនោះបានក្លាយជាការអនុវត្តពិតប្រាកដ ប្រកបដោយការពិនិត្យ តាមដាន និងវាយតម្លៃ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ធានាបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ពីគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសពីអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។»

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗចំនួន ៨ចំណុច សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីទីស្នាក់ការកណ្តាល និងសាខាទាំងអស់ ដេីម្បីចូលរួមក្នុងការលើកកម្ពស់ស្មារតីអនុវត្តដោយការទទួលខុសត្រូវខ្ពស់ដើម្បីបុព្វហេតុមនុស្សធម៌ ហើយដែលនឹងធ្វើឱ្យលទ្ធផលនៃកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរឡើងជាលំដាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ វិច្ឆិកា ២០២៥

នាយករដ្ឋមន្ត្រីកម្ពុជា៖ បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ

សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតនៅថ្ងៃអង្គារនេះ បានបង្ហោះសារជូនចំពោះបងប្អូនជនរួមជាតិ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានសរសេរថា៖

បញ្ហាព្រំដែន គឺជាបញ្ហាស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ហើយដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។

ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។

ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។  ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។

ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។

ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់ របស់បងប្អូន ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧  និងលេខ៥២-៥៩។ ខ្ញុំសូមយកឱកាសនេះ ធ្វើការបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបពាក់ព័ន្ធនឹងចំណុចមួយចំនួន÷

១. មានមតិខ្លះលើកឡើងថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ ធ្វើឡើងដោយប្រញ៉ាប់ប្រញ៉ាល់ ក្នុងរយៈពេលខ្លី។ នេះជាការពិតឬទេ?

ខ្ញុំសូមបញ្ជាក់ថា ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនខាងលើមិនមែនជាការងារដែលចាប់ផ្ដើមថ្មីទាំងស្រុងនោះទេ ប៉ុន្តែវាជាការងារបច្ចេកទេសដែលបន្តពីអ្វីដែលក្រុមការងារបច្ចេកទេសព្រំដែននៃប្រទេសទាំងពីរបានរួមគ្នាធ្វើជិត ២០ឆ្នាំមកហើយ។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលថ្មីៗនេះរួចហើយថា ក្នុងការងារវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចាប់ផ្តើមចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ដើម្បីវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែន(បេតុង)ចំនួន ៧៤បង្គោល ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម នៅចន្លោះឆ្នាំ១៩១៩-១៩២០។

កិច្ចការដែលក្រុមវាស់វែងចម្រុះបានអនុវត្តនាពេលកន្លងមក ជាពិសេសនៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ និង ៥២-៥៩ ភាគីទាំងពីរបានត្រឹមតែចុះអនុវត្តការងារស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនតែប៉ុណ្ណោះ និងមិនទាន់បានអនុវត្តការងារខណ្ឌសីមាលើដីជាក់ស្ដែងនៅឡើយ។

ក្នុងន័យនេះ ការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ និង លេខ៥២-៥៩ នៅពេលនេះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដីជាក់ស្ដែង ស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU)ឆ្នាំ២០០០ ស្របតាមបែបបទការងារ(TOR)ឆ្នាំ២០០៣ និងស្របតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។

២. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?

ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម។

៣. តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន នឹងធ្វើអោយកម្ពុជាខាតដីឬចំណេញដី?

ខ្ញុំបានឃើញ មានការជជែកគ្នាជាច្រើននៅតាមបណ្ដាញសង្គម អំពី ការបាត់បង់ ឬ ការទទួលបានដី បន្ទាប់ពីការវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះសោះនេះ។

ខ្ញុំសូមបញ្ជាក់ថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្នខាងលើនេះមិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ដោយផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។

ការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។

ជាថ្មីម្តងទៀត ខ្ញុំសូមបងប្អូនជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ វិច្ឆិកា ២០២៥

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារសោកស្តាយចំពោះសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៣នាក់ របួសជាង ២០នាក់ នៅខេត្តកំពង់ធំ

ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំពិតជាមានក្តីក្តុកក្តួល និងតក់ស្លុតជាខ្លាំងចំពោះសោកនាដកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរពេលយប់ ១គ្រឿង ផ្ទុកមនុស្ស ៣៧នាក់ បានក្រឡាប់ធ្លាក់ចូលក្នុងទឹក នៅចំណុចស្ពានអូរប្រសាទ ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋយើង ស្លាប់ ១៣នាក់ និងរបួសធ្ងន់ស្រាលជាង ២០នាក់។

ខ្ញុំក៏សូមចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសពទាំងអស់។ ជាមួយគ្នានេះ ខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អឡើងវិញគ្រប់ៗគ្នា។

សោកនាដកម្មដ៏ធំធេងនេះ គឺជាការដាស់តឿនដ៏ឈឺចាប់បំផុតមួយ សម្រាប់យើងទាំងអស់គ្នា អំពីតម្លៃនៃជីវិត និងសារៈសំខាន់ នៃការគោរពច្បាប់ចរាចរណ៍។ ខ្ញុំយល់ថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន អាចបង្ការបាន បើសិនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ មានស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវចំណុចខ្លះៗ ដូចខាងក្រោម៖
– កុំបើកបរហួសល្បឿនកំណត់ ៖ ការបើកបរលឿន គឺជាមូលហេតុចម្បងនៃការស្លាប់នៅលើដងផ្លូវ
– កុំបើកបរក្នុងស្ថានភាពស្រវឹង ៖ គ្រឿងស្រវឹង បណ្តាលឱ្យបាត់បង់ការគ្រប់គ្រង និងស្មារតីប្រុងប្រយ័ត្ន
– ពាក់មួកសុវត្ថិភាព/ខ្សែក្រវ៉ាត់ ៖ ឧបករណ៍ការពារទាំងនេះ អាចជួយសង្គ្រោះជីវិតអ្នកបាន ពេលមានគ្រោះថ្នាក់
– កុំវ៉ាជែងដោយប្រថុយប្រថាន ៖ ត្រូវវ៉ាជែង តែនៅពេលចាំបាច់បំផុត និងធានាថាមិនមានគ្រោះថ្នាក់
– ប្រកាន់ស្តាំជានិច្ច ៖ ត្រូវបើកបរដោយយកចិត្តទុកដាក់ និងគោរពសញ្ញាចរាចរណ៍ទាំងអស់។

ជាមួយគ្នានេះ ដើម្បីបង្ការ ទប់ស្កាត់នូវឧបទ្ទវហេតុដ៏អាក្រក់នេះ អាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីនគរបាលចរាចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន គួរបន្តពង្រឹងការអនុវត្តច្បាប់ និងវិធានការនានា ដើម្បីកាត់បន្ថយគ្រោះថ្នាក់៖
– យុទ្ធនាការអប់រំ ៖ ត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយដល់សាធារណជន ពិសេសតាមសហគមន៍ និងសាលារៀន
– ត្រួតពិនិត្យយានយន្ត ៖ ត្រូវពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសរបស់យានយន្តដឹកជញ្ជូនសាធារណៈ និងធុនធ្ងន់ជាប្រចាំ
– កែលម្អហេដ្ឋារចនាសម្ព័ន្ធ ៖ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវត្រួតពិនិត្យមើលផ្លូវដែលងាយបង្កគ្រោះថ្នាក់ (Black Spots) ដើម្បីដំឡើងស្លាកសញ្ញាបន្ថែម លាបគំនូសថ្មី ឬកែលម្អសភាពផ្លូវ។

សូមបងប្អូនជនរួមជាតិ ជាពិសេសអ្នកប្រើប្រាស់ដងផ្លូវ និងយានជំនិះគ្រប់ប្រភេទ ចងចាំថា ការគោរពច្បាប់ចរាចរណ៍ មិនមែនធ្វើដើម្បីតែគេ ឬដើម្បីគេចពីការពិន័យនោះទេ តែដើម្បីការពារជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់យើង។ សូមរំលឹកខ្លួនឯងជារឿយៗថា «កុំប្រញាប់ពេក! ទៅយឺតបានយូរ ដល់គោលដៅជុំគ្រួសារ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ វិច្ឆិកា ២០២៥

នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត៖ ឯកឧត្តម Donald J. Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ

សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃសៅរ៍នេះបានបង្ហោះថា នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ។

តាងនាមប្រជាពលរដ្ឋកម្ពុជា ខ្ញុំបានថ្លែងអំណរគុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ ខ្ញុំក៏បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំងការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានាធិបតីនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ វិច្ឆិកា ២០២៥

សម្តេចតេជោ ហ៊ុន សែន៖ ការថៃបិទព្រំដែនកន្លងមកនេះ មិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមនៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការណ៍អាស៊ាន (AOT)។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រក ព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើនដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះ ឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃដែលនោះគឺជាឱកាសជម្រុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់តែកាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃនិងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថាថ្នាក់ ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 Page2 Page3 … Page145 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ប៉ូលីសខេត្តសៀមរាប រកឃើញម៉ូតូចោរលួចកាលខែមេសា ចុះផ្សាយថ្ងៃទី ៦ មិថុនា ២០២៦
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ស្នេីដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ដោះស្រាយបញ្ហាដីធ្លី ឱ្យអស់លទ្ធភាព​ មុននឹងរុញមកឱ្យខេត្តដោះស្រាយ​ ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប រន្ទះបាញ់សម្លាប់ស្ត្រីម្នាក់នៅជាយក្រុងសៀមរាប ចុះផ្សាយថ្ងៃទី ៥ មិថុនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ឃាត់ខ្លួនក្មេងទំនើង៥នាក់ នៅស្រុកសូទ្រនិគម ចុះផ្សាយថ្ងៃទី ១៩ មេសា ២០២៦
ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ឃាតករលើដងផ្លូវផ្ដាច់ជីវិតមនុស្សម្នាក់ជាពីកំណាត់និងពីរនាក់ទៀតរបួស ចុះផ្សាយថ្ងៃទី ២៦ មេសា ២០២៦
លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត លោកស្រី សោរ ប៊ុនណារី និង ប្ដីឈ្មោះ យិន ខាវទទួលបានសាលដីការរបស់តុលាការកំពូលរយៈពេល ១២ ឆ្នាំហើយ នៅមិនទាន់ទទួលបាន យុត្តិធម៌ពិតប្រាកដទៀត ចុះផ្សាយថ្ងៃទី ២៩ មេសា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×