សម្តេច ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា បានបន្តដំណើរអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៥ពាន់គ្រួសារទៀត នៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅនៅក្នុងស្រុកម៉ឡៃ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តសមរភូមិក្តៅក្នុងអតីតកាល តែត្រូវបានរាជរដ្ឋាភិបាលពន្លត់ភ្លើងសង្គ្រោម ក្រោយការធ្វើសមាហរណកម្មឆ្នាំ១៩៩៨ ដែលពេលនេះតំបន់ម៉ាឡៃបានក្លាយជាកន្លែងមានសុខសន្តិភាព កន្លែងទីផ្សារ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះដោយទឹកជំនន់នេះ និងចូលរួមរំលែកទុក្ខ ចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ ពេលនេះពេលយើងកំពុងមានទុក្ខនោះ គឺមានកម្លាំងមហាជនជាច្រើនបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋយើង ដែលរហូតមកដល់ពេលនេះយើងទទួលបានការបរិច្ចាគថវិកាពីបណ្តាសប្បុរសជនប្រមាណជាង៨លានដុល្លារ។
សម្តេចតេជោបានបន្តទៀតថា ក្នុងកាលៈទេសៈនេះ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ផង រួមគ្នាទប់ទល់ការលំបាកដោយគ្រោះទឹកជំនន់ផង។ ក្នុងដំណាក់កាលនៃជម្ងឺកូវីដ១៩នេះ សម្តេចតេជោ នៅតែបន្តអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូងការពារខ្លួនជាប់ជាប្រចាំ ជាពិសេសការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារស្បៀងអាហារក្តី តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សម្តេចតេជោក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។
សូមជម្រាបថាចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួ, ទឹកបរិសុទ្ធ១កេះធំ, ឃីត១ (មុង១ ភួយ១ ខ្នើយ១ ក្រមា១ កន្ទេល១) និងថវិកា ៥ម៉ឺនរៀល៕SRP