ខេត្តត្បូងឃ្មុំ៖មេគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម ដារ ឬហៅដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក មុយ បញ្ញារីទ្ធ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំងថា បន្តគាបសង្កត់កំណត់យកលុយពីអាជីវករ អ្នកដឹកចំណីអាហារ ផលិតផលកសិកម្ម ចេញចូលពីវៀតណាម មកកម្ពុជា និងពីកម្ពុជា ទៅវៀតណាម យ៉ាងគឃ្លើន តាមរបៀបពុករលួយ។
ការរិះគន់អំពើពុករលួយ លោក មុយ បញ្ញារីទ្ធ គឺស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីប្រកាសលើកលែង មិនយកពន្ធចំពោះទំនិញ ជាប្រភេទចំណីអាហារ រយៈពេល២ឆ្នាំ ដើម្បីលើកស្ទួយជីវភាព ប្រជាពលរដ្ឋ។
មានការលើកឡើងថានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកដឹកអុសកៅស៊ូ ទៅលក់នៅវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី ដារ ដោយប្រើរថយន្តប្រភេទវេអង បាននិយាយថា ខ្លួនដឹកអុសកៅស៊ូ រាល់លើក គឺត្រូវបានមន្ត្រីគយច្រកទ្វារព្រំដែនកំណត់យកលុយចំនួន ៤០ម៉ឺនរៀលក្នុងមួយជើង។ ក្នុងនោះបើខ្លួន ដឹកអុសដែលកាប់ចេញពីព្រៃមិនមែន ជាអុសកៅស៊ូ គឺមួយជើង គយយក៦០ម៉ឺនរៀល។
មន្ត្រីពាក់ព័ន្ធបានឲ្យដឹងថា អ្នកដឹកផ្លែស្វាយកែវរមៀត ទៅលក់នៅវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគី ដារ ដោយប្រើរថយន្តចំណុះ ៥តោន គឺមន្ត្រីគយកំណត់យក ២៥ម៉ឺនរៀលក្នុងមួយជើង និងរថយន្តយីឌុបដឹកផ្លែស្វាយ គយកំណត់យក ៤០ម៉ឺនរៀលក្នុងមួយជើង។ រថយន្តវេអងដឹកដំឡូងមី ទៅលក់នៅវៀតណាម មួយជើងបង់ឱ្យគយចំនួន ២៥ម៉ឺនរៀលជាកំហិត។
ទន្ទឹមនិងនោះរថយន្តខ្នាតតូច ដឹកផ្លែដូងពីវៀតណាម មកលក់នៅកម្ពុជា ក៏ត្រូវបានមន្ត្រីគយ កំណត់យកចំនួន៦ម៉ឺនរៀល.ក្នុងមួយជើងផងដែរ។ រថយន្តចំណុះ៥តោន ដឹកបន្លែផ្លែឈើ ១ជើងបង់លុយ ឱ្យមន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីដារ អស់ចាប់ពី៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល។ មិនតែប៉ុណ្ណោះទេសូម្បីតែ រ៉ឺម៉ក ដឹកជ័រកៅស៊ូ ទៅលក់នៅវៀតណាម ក៏ត្រូវបានមន្ត្រីគយប្រចាំច្រកទ្វារព្រំដែនខាងលើកំណត់យក ៣ម៉ឺនរៀលក្នុងមួយជើងផងដែរ។ រថយន្តខ្នាតតូច ដឹកជ័រកៅស៊ូ ទៅវៀតណាម គយកំណត់យក ចាប់ពី០៦ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។ រថយន្តភ្លៅ៥ដឹកជ័រកៅស៊ូ ទម្រាំចេញផុតច្រកទ្វារព្រំដែនទ្វេភាគីដារ(ហៅដូង៧ដើម) ត្រូវបង់លុយឱ្យមន្ត្រីអស់ចំនួន១.២០០.០០០រៀលក្នុង១ជើង។ រថយន្តដឹកផ្លែស្វាយចន្ទីទៅលក់ឱ្យឈ្មួញវៀតណាម មួយជើងបង់លុយឲ្យមន្ត្រីគយនៅច្រកទ្វារព្រំដែនដារចំនួន ៤០០.០០០រៀលជាកំហិត។ ចំពោះរ៉ឺម៉កដឹកគ្រឿងជ័រ ពីវៀតណាមចូលមកខ្មែរ មួយជើង ទម្រាំចេញផុតច្រកព្រំដែនអស់ជិត ២០ម៉ឺនរៀល។
ប្រភពពីក្រុមអាជីវករបញ្ជាក់ថា រាល់ការបង់លុយទាំងនោះ មិនដែលមានលិខិតស្នាម ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីទេ គឺជារៀងរាល់លើកហុចលុយផ្ទាល់ដៃ ទៅតាមកំណត់ និងតាមកន្លែងនីមួយៗ នៃច្រកទ្វារព្រំដែនដា។ ក្នុងមួយថ្ងៃៗ មានរថយន្តដឹកដំឡូងមី រថយន្តដឹកអុស រួមនិងរថយន្តដឹកជ័រកៅស៊ូ រថយន្តដឹកបន្លែផ្លែឈើ រថយន្តដឹកអំពៅ រាប់សិបគ្រឿង ដែលត្រូវឆ្លងកាត់តាម «ច្រកទ្វារព្រំដែនទ្វេភាគីដារ ហៅដូង៧ដើម ដើម្បីលើកដាក់សាងទំនិញ ដោះដូរទំនិញ ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជា។ ជាហេតុនាំឱ្យមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែន មានឱកាសរាប់ក្បាលឡាន យកលុយពីអាជីករ ក្រៅប្រព័ន្ធច្បាប់ បានលុយរាប់សិបលានរៀលក្នុងមួយថ្ងៃៗ។
ករណីនេះ សៀមរាបប៉ុស្តិ៍ មិនទាន់ទទួលបានបំភ្លឺពី លោក ទន់ ចាន់ធី ប្រធានសាខាគយនិងរដ្ឋាករ ខេត្តត្បូងឃ្មុំ និងលោក មុយ បញ្ញារីទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនទ្វេភាគីដារ បាននៅឡើយទេដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕SRP