
ខេត្តឧត្ដរមានជ័យ៖មានការលើកឡើងថា ដីបឹងរមណីយដ្ឋាន ផ្ទះតាម៉ុក កំពុងត្រូវបានអ្នកមានប្រាក់ និងមានអំណាច បានរំលោភកាយយកធ្វើកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។
សេចក្ដីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ ដីបឹងរមណីយដ្ឋានផ្ទះតាម៉ុក មួយកន្លែងស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានបុគ្គលមានប្រាក់ និងអំណាចមួយក្ដាប់តូច បានឃុបឃិតគ្នា ជីកកកាយហ៊ុព័ទ្ធយកធ្វើជាកម្មសិទ្ធិទៅតាមទំនើងចិត្ត រំលោភទៅលើដីអនុក្រឹត្យ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចហ៊ុន សែន។
សេចក្ដីរាយការណ៍ បានបន្តថា ដីនៅទីតាំងខាងលើនេះ ជាច្រើនឆ្នាំមកហើយ គ្មាននណាម្នាក់ ហ៊ានទៅប៉ះពាល់ អាស្រ័យផល ឬ អះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនឡើយ ស្រាប់តែនៅដើមខែឧសភា នេះ មានគ្រឿងចក្រចូល ឈូសឆាយ កាយពេញដីបឹង ដើម្បីហ៊ុព័ទ្ធយកធ្វើកម្មសិទ្ធិតែម្ដង។
ជុំវិញករណីទន្ទ្រានយកដីបឹងនេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ។ ប៉ុន្តែប្រធានមន្ទីរធនធានទឹក លោក ញ៉ឺន គួន បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ៖ លោកមិនបានដឹងទេ លោកថាហ្នឹងអោយមន្ត្រីទៅមើល បើរកឃើញថា ដីនោះនៅក្នុងដីអនុក្រឹដ្ឋ លោកនឹងអោយកាយលុបវិញ ដើម្បីការពារទ្រព្យសម្បត្តិរដ្ឋ ។ ទោះជាយ៉ាងណា មជ្ឈដ្ឋាននានានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រំពឹងថាចំណាត់ការរបស់ប្រធានមន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ និងរកមុខជនរំលោភយកដីបឹងតាម៉ុកឃើញជាក់ជាពុំខានឡើយ៕SRP
