លោកអ៊ុន ចាន់ដា នាំយកអំណោយ កាកបាទក្រហម ចែកជូនពលរដ្ឋ​៦០គ្រួសារ​

0

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និង​លោក​ ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកមិញនេះបានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និង​អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ នៅស្រុកបាធាយ​​។
ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក​​ អ៊ុន​ ចាន់ដា​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារដោយក្តីនឹករលឹក​ អាណិតអាសូរបំផុត​ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ​ ដែលជានិច្ចជាកាល តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ​ពលរដ្ឋខ្មែរគ្រប់ៗរូប។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អំណោយ​ដែល​ត្រូវ​ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចាស់ជរាគ្មានទីពឹង ជនពិការ ស្រ្តីម៉េម៉ាយមានកូនច្រើន និង​អ្នកជំងឺរាំរ៉ៃ ចំនួន៦០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម ទឹកសុីអុីវ០១យួរ ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង ម៉ាស់០៥បន្ទះ និងថវិកា២០,០០០រៀល​ ផង​ដែរ​៕SRP