ខេត្តសៀមរាប៖លោកសេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកទទួលខុសត្រូវការពារតំបន់ចំការ
ព្រៃមេពូជឈើគ្រញូង បានឱ្យដឹងថាចំការព្រៃមេពូជឈើគ្រញូងដែលមានទំហំ១.៨៨៨ហិកតា មានទីតាំងស្ថិតនៅក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបច្ចុប្បន្ននេះ បានក្លាយទៅជាតំបន់លំហែកាយធម្មជាតិ ព្រោះនៅទីនេះមានធនធានដ៏សម្បូរបែប ដូចជា ៖ មានសត្វព្រៃជាច្រើនប្រភេទ ដើមឈើគ្រញូងធំៗ និងផ្កាព្រៃជាច្រើនប្រភេទ រីកទៅតាមរដូវកាល ដែលមានភាពបៃតងស្រស់ស្អាតខ្យល់បរិសុទ្ធ ដែលឥឡូវនេះ នៅក្នុងចំការមេពូជឈើគ្រញូង កំពុងតែមានផ្កាព្រៃជាច្រើនរីកស្គុះស្គាយ ដូចជាផ្កាទឹកដោះ ផ្កាចកអណ្តើក និងផ្កាព្រៃជាច្រើនទៀត ដែលមិនទាន់ស្គាល់ឈ្មោះ និងអាចទស្សនាសត្វព្រៃ ជាពិសេសអាចប្រលែងលេងជាមួយហ្វូងមេអំបៅបានទៀតផង។
លោកសេង លន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះលោកកំពុងតែរៀបចំវង្វង់ទស្សនាធនធានធម្មជាតិដ៏សម្បូបែបនៅក្នុងតំបន់នេះ ដូចជាវង្វង់ទស្សនាសម្រាប់អ្នកជិះរថយន្ត សម្រាប់អ្នកជិះកង់ និងសម្រាប់អ្នកដើរថ្មើជើង ដោយអ្នកដែលមកកម្សាន្តនៅក្នុងចំការមេពូជឈើគ្រញូងនេះ អាចយកអាហារផ្ទាល់ខ្លួនមកបរិភោគក្រោមម្លប់ឈើដ៏ត្រជាក់ក្នុងព្រៃនេះបានផងដែរ ។
បើតាម លោក សេង លន ក្រៅពីនេះ បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅតំបន់នេះ ដែលមានបំណងចង់ចូលរួមការពារព្រៃឈើ អាចចូលរួមដាំកូនឈើជាលក្ខណៈគ្រួសារក៏បាន ជាក្រុមក៏បានដែរ ដែលឥឡូវនេះនៅទីនេះមានកូនឈើគ្រញូង និងឈើប្រណិតមួយចំនួន ត្រូវបានភ្ញៀវទេសចរ ថ្នាក់ដឹកនំា និងប្រជាពលរដ្ឋដាំនៅក្នុងចម្ការពូជមានចំនួន០៥ហិកតាហើយ និងមានដើមឈើខ្លះបានធំៗស្អាត ដែលអាចអោយភ្ញៀវទេសចរមកទស្សនាប្រភេទឈើប្រណិតៗនេះបាន ព្រោះថា ប្រភេទឈើប្រណិតៗបែបនេះ នៅតំបន់ផ្សេងមិនសូវមានច្រើនដូចនៅទីនេះទេ៕SRP

