ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានប្រាប់ថា សូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល នូវ ពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ)។
យោងតាមសេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តសៀមរាបនៅរសៀលថ្ងៃនេះថា
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាការដ្ឋានយោធភូមិភាគទី៤ នឹងហ្វឹកហ្វឺនពលទាហានថ្មីដោយអនុវត្តលំហាត់បាញ់គ្រាប់ពិត នៅទីលានអូរកូនតឹង ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ នៃព្រំប្រទល់រវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ជាមួយគ្នានេះពលទាហានថ្មីដែលត្រូវហ្វឹកហ្វឺននេះ និងត្រូវចល័តចេញពីសាលាពលទាហានទី៤(តាកុះ) ដោយចេញដំណើរតាមផ្លូវជាតិលេខ៦៧ ឆ្លងកាត់ស្រុកបន្ទាយស្រី និងស្រុកវ៉ារិន ខេត្តសៀមរាប ឆ្ពោះទៅគោលដៅទីលានបាញ់គ្រាប់ពិតអូរកូនតឹង។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការភ្ញាក់ផ្អើល និងចៀសវាងធ្វើដំណើរឆ្លងកាត់ ឬចូលក្នុងភូមិសាស្ត្រនៃទីលានហ្វឹកហ្វឺនដែលបានបញ្ជាក់ជូនខាងលើ៕SRP

