ឃាត់​ខ្លួន​១០នាក់ ករណី បង្ក្រាបសង្វៀនជល់មាន់ នៅស្រុកជេីងព្រៃ ​​

0

ខេត្តកំពង់ចាម៖ភ្នាក់ងារបានរាយការណ៍ថាមនុស្សចំនួន១០នាក់ត្រូវបានឃាត់ខ្លួនករណីបង្ក្រាបល្បែងជល់មាន់។
ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិ​រវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុកជេីងព្រៃ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មានបទបញ្ជា របស់​គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង​ ព្រមទាំង​មាន​ការ​សម្របសម្រួលពីលោក សុធា ពិសិដ្ឋ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម៉ូតូចំនួន១៣គ្រឿង​ រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់មាន់ចំនួន០២​ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)​ កញ្ចក់សំរាប់បាំងមាន់ចំនួន០១​ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)​ ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)​ ធុងក្លាស្សេចំនួន០១​ និង​ហាន់តោ​សម្រាប់​លេងអាប៉ោងចំនួន០១​ ផងដែរ​។
ចំពោះជនសង្ស័យ​ និងវត្ថុតាងខាងលើ​ ត្រូវ​បានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​៕SRP