ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន៥៨១នាក់

ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន៥៨១នាក់
0

ឆមាសទី១ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន៥៨១នាក់

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន ១១២ករណី និងសង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ (ស្រី៣៣៣នាក់)។ ចំនួនខាងលើនេះបើធៀបឆមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៣ករណី ស្មើ ១៣,១៣ភាគរយ។

យោងតាមរបាយការណ៍ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចបង្ក្រាបបាននោះ រួមមាន ករណីជួញដូរមនុស្សចំនួន ៤៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់ (ស្រី៣នាក់) សង្គ្រោះជនរងគ្រោះចំនួន ៣២៧នាក់ (ស្រី១១១នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ២៣នាក់ (ស្រី១៥នាក់) អាយុ១៥-១៧ឆ្នាំ ១៩នាក់ (ស្រី៦នាក់) និងអាយុ១៨ឆ្នាំឡើង ២៨៥នាក់ (ស្រី៩០នាក់)។

ចំណែកករណីអំពើធ្វើអាជីវកម្មផ្លូវភេទបង្ក្រាបបានចំនួន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១១៦នាក់ ស្រី៣០នាក់ មានជនជាតិបរទេស ៣៤នាក់ (ចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ ជប៉ុន១នាក់) សង្គ្រោះជនរងគ្រោះចំនួន ២៥៤នាក់ (ស្រី២២២នាក់) មានអាយុ ក្រោម១៥ឆ្នាំ ៥៥នាក់ (ស្រី៥១នាក់) អាយុ១៥-១៧ឆ្នាំ ៧៨នាក់ (ស្រី៧៥នាក់) និងអាយុ១៨ឆ្នាំឡើង ១២១នាក់ ស្រី៩៦នាក់។

បើតាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន ១៦៩នាក់ (ស្រី ៣៣នាក់)។ ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនបរទេសចំនួន ៣៤នាក់ (ស្រី៣នាក់) រួមមាន ជនជាតិចិន២៩នាក់ វៀតណាម៣នាក់ បង់ក្លាដេស១នាក់ និងជនជាតិជប៉ុន១នាក់។

គួរកត់សម្គាល់ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ របាយការណ៍ក៏បានបង្ហាញ អំពីសំណុំរឿងដែលបានចាត់ការរួច ចំពោះបទល្មើសអំពើជួញដូរមនុស្ស ក្នុងនោះរួមមាន បានជំនុំជម្រះ ១៩៦សំណុំរឿង (ថ្មី១២៤) មានមនុស្ស ៣០៦នាក់ (ស្រី២៩នាក់) បានចេញសាលក្រមចំនួន ១៦៥សំណុំរឿង (ថ្មី១០២) មានមនុស្ស ២៦០នាក់ (ស្រី២៧នាក់) បានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៤០សំណុំរឿង (ថ្មី៧៩) មានមនុស្ស ២៣២នាក់ (ស្រី២២នាក់) និងព្យួរទោសចំនួន ១១សំណុំរឿង មានមនុស្ស ១៤នាក់ (ស្រី១នាក់)។

ទន្ទឹមនឹងលទ្ធផលបង្ក្រាបបាន គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានបង្ហាញឱ្យដឹងដែថា បទល្មើសជួញដូរមនុស្ស លែងជាបទល្មើសប្រពៃណី និងដាច់ដោយឡែកទៀតហើយ ពោលគឺកាន់តែស្មុគស្មាញ និងប្រទាក់ក្រឡាកាន់តែស៊ីជម្រៅ ជាមួយបទល្មើសដទៃ ដែលឧក្រិដ្ឋជន កាន់តែមានជំនាញ និងកលល្បិចខ្ពស់ និងមានបណ្តាញកាន់តែទូលំទូលាយ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដើម្បីឆបោក អូសទាញ ជនរងគ្រោះបានកាន់តែងាយស្រួល និងពិបាករកភស្តុតាង ដាក់បន្ទុក ឬបង្ក្រាប ។

គ.ជ.ប.ជ ក៏បានសំណូម ទាមទារឱ្យស្រាវជ្រាវរកគំនិតផ្តួចផ្តើម និងវិធីសាស្ត្រដែលមានប្រសិទ្ធភាព បង្ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមិនរង់ចាំបទល្មើសកើតហើយទើបបង្ក្រាបនោះទេ និងទាមទារឱ្យមានការបង្កើនសមត្ថភាព និងការគាំទ្រដល់មន្ត្រីដែលសកម្ម និងមានការទទួលខុសត្រូវ ព្រមទាំង ដាក់វិន័យមន្ត្រីដែលនៅតែចូលរួមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ថ្នាក់ អាចបង្កភាពរងគ្រោះដល់ប្រជាជន និងប្រទេសជាតិ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងអំណរគុណ និងផ្ដល់គោលការណែនាំដល់សមត្ថកិច្ចចម្រុះបង្កើនកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឱ្យបានម៉ឺងម៉ាត់ និងរិះរកវិធីសាស្រ្តថ្មីៗដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្សព្វផ្សាយអប់រំ៕SRPដោយលោក សេង បូលីន