ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖ ២៣៦ ដកបចក/២០ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ការឃាត់ខ្លួនធ្វើឡើងនៅនៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបដោយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប សហការណ៍ជាមួយ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនត្រូវចោទឈ្មោះ ណុប រតន៍ ហៅ ម៉ែអាឆាងភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនត្រូវចោទខាងលើ ឲ្យទៅជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធី។
សូមជំរាបថាស្ត្រីរូបនេះជាប់ចោទ ពីបទឆបោក ប្រព្រឹត្តនៅភូមិការខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៥៕SRP