លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា
លេខាធិការដ្ឋាននៃគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងស្តីពី «សារសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនដល់តំណាងគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ក្រោមអធិបតីភាព លោក ស៊ិន ដារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃ គ.ជ.ប, លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប, លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប មានប្រសាសន៍ថា ការបណ្តុះបណ្តាល ការអប់រំ និងការផ្សព្វផ្សាយ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ដំណើរការបោះឆ្នោតនៅក្នុងសង្គមប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបណ្តុះបណ្តាល គ.ជ.ប បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ក្នុងគោលបំណងផ្តល់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ សម្រាប់យកទៅអនុវត្តជាក់ស្តែងក្នុងការរៀបចំការបោះឆ្នោតនាពេលខាងមុខ។
លោកប្រធានលេខាធិការដ្ឋាន បានបន្ថែមថា ដំណើរការបោះឆ្នោតនៅកម្ពុជាត្រូវបានចែកចេញជា៤ដំណាក់កាលសំខាន់ៗ រួមមាន៖
ដំណាក់កាលទី១៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
ដំណាក់កាលទី២៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ
ដំណាក់កាលទី៣៖ ការឃោសនាតាំងបោះឆ្នោត
ដំណាក់កាលទី៤៖ ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត។
ថ្លែងក្នុងឱកាសបិទវគ្គអប់រំ និងផ្សព្វផ្សាយ លោក ស៊ិន ដារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតគឺជាដំណាក់កាលដំបូង និងមានសារសំខាន់បំផុតក្នុងដំណើរការបោះឆ្នោត ព្រោះបញ្ជីបោះឆ្នោតគឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន។ ហេតុនេះហើយ ទើបគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារនេះឱ្យបានល្អប្រសើរ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកអគ្គនាយករង បានគូសបញ្ជាក់បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ ដើម្បីធានាឱ្យបញ្ជីឈ្មោះបោះឆ្នោតមានគុណភាពខ្ពស់ ពេញលេញ ត្រឹមត្រូវ ទំនើបកម្ម ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណប័ណ្ណរបស់អ្នកបោះឆ្នោតយ៉ាងពិតប្រាកដ៕SRP
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក ហាំ ម៉េងហួត