អាជ្ញាធរខេត្តសៀមរាប៖ យេនឌ័រពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព

អាជ្ញាធរខេត្តសៀមរាប៖ យេនឌ័រពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព
0

អាជ្ញាធរខេត្តសៀមរាប៖ យេនឌ័រពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្អែកតាមបទពិសោធន៍កន្លងមក ការងារសមាហរណកម្មយេនឌ័រ ពិតជាមានសារៈសំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព។ ក្នុងន័យនេះ ក្រុមការងារថ្នាក់ខេត្ត ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួម និងគាំទ្រដល់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ដើម្បីពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តីគឺជាស្នូល»។

លោកស្រីអភិបាលរងខេត្តសៀមរាបមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម ស្វែងរកដំណោះស្រាយរួមគ្នា និងប្រកាសសេចក្ដីសម្រេចស្តីពីការកែសម្រួលសមាសភាព បែងចែកតួនាទីភារកិច្ចរបស់ក្រុមការងារថ្មី ព្រមទាំងពិភាក្សាលើផែនការសកម្មភាព និងកញ្ចប់ថវិកាសម្រាប់ការអនុវត្តបន្តក្នុងឆ្នាំ២០២៧។

លោកស្រី ម៉ននី រង្សី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការបង្កើនការវិនិយោគ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ទាំងក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ និងបង្កលក្ខណៈអំណោយផលដល់ស្ត្រី ក្នុងការប្រើប្រាស់សិទ្ធិសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងក្មេងស្រី ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

ទន្ទឹមនឹងនេះ លោកស្រី ម៉ននី រង្សី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ជាសមាជិកក្រុមការងារយេនឌ័រនៃរដ្ឋបាលខេត្តទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចកន្លងមកប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ត្រីមាសនេះ។ លោកស្រីក៏បានសំណូមពរឱ្យក្រុមការងារ បន្តសហការសកម្មចូលរួមអនុវត្តផែនការទិសដៅបន្ត ដើម្បីឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក ហាំ ម៉េងហួត