មន្ត្រីអប់រំ៖ ចលនាប្រឡងប្រណាំង «៣ល្អ» ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការបណ្តុះស្មារតី សីលធម៌ និងការទទួលខុសត្រូវ ដល់សិស្សានុសិស្ស

មន្ត្រីអប់រំ៖ ចលនាប្រឡងប្រណាំង «៣ល្អ» ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការបណ្តុះស្មារតី សីលធម៌ និងការទទួលខុសត្រូវ ដល់សិស្សានុសិស្ស
0

មន្ត្រីអប់រំ៖ ចលនាប្រឡងប្រណាំង «៣ល្អ» ជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការបណ្តុះស្មារតី សីលធម៌ និងការទទួលខុសត្រូវ ដល់សិស្សានុសិស្ស

ចលនាប្រឡងប្រណាំង «៣ល្អ» (កូនល្អ សិស្សល្អ មិត្តល្អ) ថ្នាក់ខេត្ត ក្រោមប្រធានបទ៖ «តួនាទី និងភារកិច្ចសមាជិកក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ជួយជំរុញសាលារៀនឱ្យក្លាយជាសាលារៀនគំរូ» ដែលរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ។

លោក ញឹក សាគុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប នៅថ្ងៃនេះបានលើកឡើងថា ចលនាប្រឡងប្រណាំង «៣ល្អ» គឺជាសកម្មភាពអប់រំដ៏មានសារៈសំខាន់ក្នុងការបណ្តុះស្មារតីសិស្សានុសិស្សឱ្យមានសីលធម៌ គុណធម៌ វិន័យ ការទទួលខុសត្រូវ សេចក្តីថ្លៃថ្នូរ និងចេះរស់នៅប្រកបដោយសាមគ្គីភាពក្នុងគ្រួសារ សាលារៀន និងសង្គម។ លោកបន្តថា ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា គឺជាកម្លាំងស្នូលដ៏សំខាន់នៅក្នុងគ្រឹះស្ថានសិក្សា ដែលមានតួនាទីជួយសម្របសម្រួល ដឹកនាំ និងជំរុញសិស្សានុសិស្សឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសាលារៀន។ ជាពិសេស សមាជិកក្រុមប្រឹក្សាទាំងពីរត្រូវធ្វើជាគំរូល្អក្នុងការសិក្សា ការគោរពវិន័យ សុជីវធម៌ អនាម័យ បរិស្ថាន និងការបំពេញកាតព្វកិច្ចជាកូនល្អ សិស្សល្អ និងមិត្តល្អ។

លោក ញឹក សាគុណ បានសង្កត់ធ្ងន់ថា «ការកសាងសាលារៀនគំរូ មិនមែនជាភារកិច្ចរបស់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូតែប៉ុណ្ណោះទេ ប៉ុន្តែទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស ជាពិសេសសមាជិកក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញឱ្យសាលារៀនមានការរីកចម្រើនប្រកបដោយគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព»។ លោកបានដាស់តឿនឱ្យសមាជិកក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា យកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចសំខាន់ៗ ដូចជា ការជួយផ្សព្វផ្សាយបទបញ្ជាផ្ទៃក្នុងសាលារៀន ការជំរុញសិស្សឱ្យខិតខំរៀនសូត្រ ការជួយមិត្តភក្តិដែលមានការលំបាកក្នុងការសិក្សា ការបង្កើតវប្បធម៌ចែករំលែកចំណេះដឹង និងការលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនេះ លោកអនុប្រធានមន្ទីរអប់រំ ក៏បានផ្តល់អនុសាសន៍ឱ្យគណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងអ្នកទទួលបន្ទុកការងារយុវជន និងកុមារ បន្តគាំទ្រ តម្រង់ទិស និងផ្តល់ឱកាសឱ្យសមាជិកក្រុមប្រឹក្សាទាំងពីរបានបញ្ចេញសមត្ថភាព គំនិតច្នៃប្រឌិត និងអនុវត្តសកម្មភាពជាក់ស្តែងនៅក្នុងសាលារៀន ដោយផ្សារភ្ជាប់ជាមួយការអនុវត្តស្តង់ដារសាលារៀនគំរូ។

ដោយឡែក លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍយុវជនជាអាទិភាពបន្ទាន់ និងជាការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងយុវជនខ្លួនឯងផ្ទាល់ ព្រោះយុវជនមានកាតព្វកិច្ចចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន និងស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។ ការអភិវឌ្ឍនេះ រួមមាន ការពង្រឹងកាយសម្បទា ចំណេះដឹង ចំណេះធ្វើ សីលធម៌រស់នៅល្អ ការចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុមរមនា ព្រមទាំងមានស្មារតីស្នេហាជាតិ ស្នេហាប្រជាជន ប្រកបដោយជំនឿជឿជាក់លើខ្លួនឯង សេចក្តីថ្លៃថ្នូរ និងភាពជាអ្នកដឹកនាំ។

លោកបានបន្ថែមថា បច្ចុប្បន្ន ការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានខិតខំជំរុញ និងពង្រីកការរៀបចំរចនាសម្ព័ន្ធក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈជាបន្តបន្ទាប់។ ការអនុវត្តចលនាប្រឡងប្រណាំង «៣ល្អ» នេះ បានបង្កើនបរិយាកាសគាំទ្រ និងការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនក្នុងខេត្តសៀមរាប ធ្វើឱ្យពួកគេកាន់តែមានភាពកក់ក្តៅក្នុងការខិតខំរៀនសូត្រ និងធ្វើអំពើល្អ រួមចំណែកលើកកម្ពស់ការអប់រំផ្នែកសីលធម៌ ប្រាជ្ញាស្មារតី កាយសម្បទា បំណិន ឥរិយាបថ និងជំនាញទន់ សំដៅប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ដែលជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ថែរក្សាសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕SRP

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក ហាំ ម៉េងហួត