សារភាពថាពិតជាបានលួចយកម៉ូតូមែន
ខេត្តសៀមរាប៖ជនសង្ស័យលួចម៉ូតូពីខេត្តកណ្តាល ហើយជិះគេចខ្លួនត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន និងដកហូតម៉ូតូបាន ជូនជនរងគ្រោះវិញ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថានៅវេលាម៉ោង១៤:០០ នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ទទួលបានព័ត៌មាន ពីអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងសេចក្តីរាយការណ៍ ពីម្ចាស់ម៉ូតូថារូបខ្លួនត្រូវបានអ្នកស្គាល់គ្នា លួចយកម៉ូតូ ម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 លេខតួ និងលេខម៉ាស៊ីន 8404434 កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កន្កងទៅ នៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយរត់គេចខ្លួន ឆ្ពោះមកខេត្តសៀមរាប ព្រមទាំងបានផ្ញើពាក្យបណ្តឹង ភិនភាគម៉ូតូ និងរូបថតជនសង្ស័យមក ភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាប និងកម្កាំងជំនាញព្រហ្មទណ្ឌ បានចេញធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សំណាង ចាន់ដារ៉ា ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង រួមទាំងម៉ូតូខាងលើ នៅចំណុចខាងជើងស្តុបគោកប៉ាទ្រី ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ហើយនាំខ្លួនមកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បន្តថានៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូខាងលើ គឺបក្ខពួករបស់ខ្លួនជាអ្នកលួច ហើយបានឱ្យរូបខ្លួន ជិះយកមកកាន់ខេត្តសៀមរាប។ វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ 1MH-3659 ចំនួន០១គ្រឿង។
សូមជម្រាបថាប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកិច្ចសម្របសម្រួលនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕SRP