អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំ UN និងដេញដោលចំៗបញ្ហាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់នៅបន្តភៀសខ្លួន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំ UN និងដេញដោលចំៗបញ្ហាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់នៅបន្តភៀសខ្លួន
0

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំ UN និងដេញដោលចំៗបញ្ហាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់នៅបន្តភៀសខ្លួន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ បានចេញមុខបដិសេធទាំងស្រុង និងទាត់ចោលភ្លាមៗចំពោះសេចក្តីថ្លែងការណ៍របស់លោក ឆើតឆាយ ឆៃវ៉ាយវីដ (Cherdchai Chaivaivid) តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ (UN) ដែលបានព្យាយាមប្រើប្រាស់វោហារសាស្ត្រថ្លែងការណ៍លាបពណ៌ចោទប្រកាន់ប្រជាពលរដ្ឋកម្ពូជា និងអំពាវនាវឱ្យកម្ពុជាស្ងៀមស្ងាត់ឈប់លើកបញ្ហាព្រំដែនទៅកាន់វេទិកាអន្តរជាតិ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបវិញថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគីឱ្យក្លាយជាការពិតផ្លូវច្បាប់បានទេ។ ខ្សែព្រំដែនអន្តរជាតិមិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតៗន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែលភាគីថៃបានបង្កើតឡើងនៅលើដីនោះឡើយ។ សូម្បីតែឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា–ថៃ មានមូលដ្ឋានពីអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវធ្វើរួមគ្នាតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោល (JBC)។

ហេតុដូច្នេះ បើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាងជាទឹកដីរបស់ខ្លួននោះមានមូលដ្ឋានគតិយុត្តច្បាស់លាស់ សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។ ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា ការលើកឡើងរបស់ថៃអំពី «ជម្រកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០» ក៏មិនអាចជំនួសចម្លើយចំពោះបញ្ហាស្នូលបច្ចុប្បន្នបានដែរ។ បញ្ហាដែលត្រូវដោះស្រាយនៅថ្ងៃនេះ គឺប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ខណៈយោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់លើទឹកដី ដែលជាដែនអធិបតេយ្យរបស់កម្ពុជា។ នៅចុងខែកក្កដា ឆ្នាំ២០២៦ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់នៅតែភៀសខ្លួន។

ដូច្នេះ យើងចាត់ទុកការបន្តយកប្រវត្តិសាស្ត្រដោយជ្រើសរើសតែចំណុចមានប្រយោជន៍សម្រាប់ថៃខ្លួនឯង និងការចោទប្រកាន់ប្រជាពលរដ្ឋកម្ពុជា មកបកស្រាយជំនួសស្ថានភាពបច្ចុប្បន្ន ថាជា ការបង្វែរចំណាប់អារម្មណ៍ចេញពីសំណួរស្នូលដែលភាគីថៃត្រូវឆ្លើយ៖ «តើហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ហើយហេតុអ្វីបានជាការវាស់វែងរួមតាម JBC មិនត្រូវបានយកមកធ្វើជាមធ្យោបាយកាត់សេចក្តីលើការអះអាងដីធ្លីទាំងនេះ?»

ជាពិសេស ភាគីថៃខ្លួនឯងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរត្រូវរក្សាទីតាំងកម្លាំងដោយគ្មានការរុលទៅមុខ ការរៀបចំក្រោមបទឈប់បាញ់ មិនប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិ ត្រូវប្រគល់ការវាស់វែងទៅ JBC ហើយត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់រងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ហេតុនេះ ការអះអាងថា ថៃ «គោរពបទឈប់បាញ់» មិនអាចវាស់ត្រឹមតែថា មិនមានការបាញ់ប្រហារទ្រង់ទ្រាយធំនោះទេ។ ត្រូវវាស់តាមការអនុវត្តខ្លឹមសារទាំងមូលនៃកិច្ចព្រមព្រៀង រួមទាំងការមិនរុលកម្លាំង ការមិនបង្កើតស្ថានភាពថ្មីនៅលើដី ការមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន និងការធានាឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះបាន។

លោកបណ្ឌិត ទូចសុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា ចំពោះការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ យើងសង្កត់ធ្ងន់ថា កម្ពុជាមិនអាចត្រូវបានទាមទារឱ្យស្ងៀមស្ងាត់ ខណៈបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពដែន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតែមិនទាន់ត្រូវបានដោះស្រាយ។ ការលើកបញ្ហាតាមមធ្យោបាយសន្តិវិធី ស្របនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី និងគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក។

ដរាបណាយោធាថៃនៅតែមានសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួនដោយខុសច្បាប់ ការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬការបង្កើតស្ថានភាពថ្មីនៅលើដី កម្ពុជានឹងនៅតែត្រូវបន្តផ្ដល់សិទ្ធិដោយច្បាប់ក្នុងការនិយាយ បន្តបង្ហាញភស្តុតាង និងបន្តលើកបញ្ហាទាំងនេះនៅគ្រប់យន្តការសន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ។

រឿងតែមួយគត់ គឺភាគីថៃត្រូវគោរពឯកសារដែលខ្លួនបានចុះហត្ថលេខា និងដោះស្រាយការខ្វែងគំនិតតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ បើអះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត។ បើអះអាងថាគោរពបទឈប់បាញ់ សូមអនុវត្តខ្លឹមសាររបស់បទឈប់បាញ់ឱ្យបានពេញលេញ។ ការអះអាងឯកតោភាគីមិនអាចបង្កើតព្រំដែនបានទេ។ ស្ថានភាពដែលបង្កើតឡើងដោយកម្លាំងមិនអាចជំនួសការវាស់វែងតាមច្បាប់បានឡើយ។ ឯការស្នើឱ្យកម្ពុជាស្ងៀមស្ងាត់ ក៏មិនអាចធ្វើឱ្យបញ្ហាដែលនៅមានជាក់ស្តែងលើដីបាត់ទៅបានដែរ៕SRP