ធ្វើកិច្ចសន្យាមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ»

ធ្វើកិច្ចសន្យាមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ»
0

ធ្វើកិច្ចសន្យាមគ្គុទ្ទេសក៍ទេសចរណ៍ ក្រោយអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ»

ខេត្តសៀមរាប៖មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីមគ្គុទ្ទេសក៍ទេសចរណ៍មួយរូប ដែលបានជូនភ្ញៀវទេសចរមួយក្រុមទស្សនាប្រាសាទ និងបានធ្វើអត្ថាធិប្បាយអំពីចម្លាក់អប្សរានៅលើជញ្ជាំងប្រាសាទថា «កាន់ការ៉េមញ៉ាំ» ដែលជាការបកស្រាយមិនសមស្រប និងអាចបង្កឱ្យមានការយល់ច្រឡំអំពីអត្ថន័យ សិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តសៀមរាប ដឹកនាំដោយលោក ធោម សេរីវុឌ្ឍ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអញ្ជើញមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះមកជួប ដើម្បីធ្វើការណែនាំ និងអប់រំអំពីការអនុវត្តវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ឱ្យបានត្រឹមត្រូវ។

ក្នុងជំនួបនេះ ក្រុមការងារបានណែនាំឱ្យមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះ បញ្ឈប់ការធ្វើអត្ថាធិប្បាយ ឬការបកស្រាយព័ត៌មានណាមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ឬប្រាសចាកពីខ្លឹមសារប្រវត្តិសាស្ត្រ វប្បធម៌ សិល្បៈ ប្រពៃណី និងបេតិកភណ្ឌជាតិ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងប្រាសាទបុរាណ និងចម្លាក់នានាក្នុងតំបន់រមណីយដ្ឋានអង្គរ។

ជាមួយគ្នានេះ មគ្គុទ្ទេសក៍ទេសចរណ៍រូបនោះ បានទទួលស្គាល់ការណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអត្ថាធិប្បាយដែលមិនមានមូលដ្ឋានត្រឹមត្រូវ និងប្តេជ្ញាអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របតាមក្រមសីលធម៌ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំពាក់ព័ន្ធនឹងវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍។

មន្ទីរទេសចរណ៍ខេត្តសៀមរាប សូមរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ថា មគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកផ្តល់ព័ត៌មាន និងជាអ្នកផ្សព្វផ្សាយដោយផ្ទាល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ប្រពៃណី និងតម្លៃបេតិកភណ្ឌរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដូច្នេះ រាល់ការធ្វើអត្ថាធិប្បាយ និងការបកស្រាយត្រូវផ្អែកលើប្រភពព័ត៌មានដែលមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ និងអាចទុកចិត្តបាន ហើយត្រូវជៀសវាងការបន្ថែមខ្លឹមសារដោយខ្លួនឯងដែលអាចនាំឱ្យមានការយល់ច្រឡំ ឬធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសនៃបេតិកភណ្ឌជាតិ។

មន្ទីរទេសចរណ៍ខេត្តសៀមរាប នឹងបន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសេវាកម្ម ក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពរបស់មគ្គុទ្ទេសក៍ទេសចរណ៍ សំដៅធានាឱ្យភ្ញៀវទេសចរទទួលបានព័ត៌មានត្រឹមត្រូវ មានគុណភាព និងទទួលបានបទពិសោធន៍ល្អក្នុងអំឡុងពេលទស្សនាខេត្តសៀមរាប។

«មគ្គុទ្ទេសក៍ទេសចរណ៍ គឺជាអ្នកនាំសារអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ ទៅកាន់ពិភពលោក។ ការផ្តល់ព័ត៌មានត្រឹមត្រូវ គឺជាការរួមចំណែកថែរក្សាតម្លៃ និងកិត្តិយសនៃបេតិកភណ្ឌជាតិ»៕SRP