ចាប់ចោរចំនួនពីរនាក់នៅក្រុងសៀមរាប
ខេត្តសៀមរាប៖ជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីអំពើលួច (លួចម៉ូតូ) និងសមគំនិតក្នុងអំពើលួច ព្រមទាំងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបាននគរបាលក្រុងសៀមរាបចាប់ខ្លួន
អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថា
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២១:២៥នាទីយប់ មានករណីលួចម៉ូតូមួយគ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-3857 របស់ប្រជាពលរដ្ឋម្នាក់ នៅចំណុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប បន្ទាប់មកជនសង្ស័យបានគេចខ្លួនបាត់។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងនគរបាល របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី រួមទាំងវត្ថុតាង យកមកសាកសួរ។ ជនសង្ស័យទាំងពីរបានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន។
-ជនសង្ស័យចំនួន ២នាក់៖
១. ឈ្មោះ អ៊ុល ផេង ហៅបារាំង អាយុ ៤៩ឆ្នាំ (ជាអ្នកធ្វើសកម្មភាពកាត់សោ និងលួចផ្ទាល់ មានប្រវត្តិធ្លាប់ជាប់ពន្ធនាគាររឿងអំពើលួចម្តងរួចមកហើយ)។
២. ឈ្មោះ អ៊ុល ទ្រី អាយុ ៤១ឆ្នាំ (ជាអ្នកសមគំនិត យកផ្លាកលេខម៉ូតូទៅលាក់ទុក)។
-វត្ថុតាងដកហូតរួមមាន ម៉ូតូរបស់ជនរងគ្រោះចំនួន១គ្រឿង ,មួកចំនួន១ (បានប្រគល់ជូនជនរងគ្រោះវិញ)។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបថា ប្រតិបត្តិការនេះដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំបង្ក្រាបដោយលោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP