ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការបក្សខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការបក្សក្រុង-ស្រុក និងមន្ត្រីគណបក្សពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានណែនាំដល់គ្រប់រចនាសម្ព័ន្ធគណបក្ស ឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយនូវសមិទ្ធផល ចក្ខុវិស័យ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំងការចុះផ្ទាល់តាមខ្នងផ្ទះ និងការប្រើប្រាស់បណ្ដាញព័ត៌មាន ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ឆ្ពោះទៅកាន់ការបោះឆ្នោត ឱ្យទទួលបានជ័យជម្នះ។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចុះធ្វើបញ្ជីបច្ចុប្បន្នភាពអចលនទ្រព្យរបស់គណបក្ស ឱ្យបានច្បាស់លាស់ និងជំរុញនីតិវិធីដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់។ ដោយឡែក ឃុំ-សង្កាត់ទាំងអស់ ត្រូវជំរុញការធ្វើរបាយការណ៍អភិវឌ្ឍន៍ប្រាំឆ្នាំ ២០២២-២០២៧ និងទិសដៅអភិវឌ្ឍន៍ប្រាំឆ្នាំ ២០២៧-២០៣២ ព្រមទាំងបណ្ដាឯកសារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំសន្និបាតគណបក្សឃុំ-សង្កាត់ ដែលនឹងចាប់ផ្ដើមនៅក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខ។
ឯកឧត្តម ប្រធានគណៈកម្មាធិការបក្សខេត្ត ក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សមូលដ្ឋានទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវ ដោយបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ ជាពិសេស ត្រូវត្រៀមលក្ខណៈក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមទិសដៅ និងផែនការដែលគណបក្សបានដាក់ចេញ ព្រមទាំងប្តេជ្ញាចិត្តខិតខំប្រតិបត្តិឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស។ ជាពិសេស ចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP