ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃឃុំកណ្ដែក ពន្លឿនការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការរៀបចំការចុះបញ្ជីដីធ្លី
ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានគូសបញ្ជាក់ពីសមិទ្ធផលនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ជាពិសេសការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋជាច្រើនករណី ដូចជាការជួសជុលផ្លូវថ្នល់ និងការផ្គត់ផ្គង់អគ្គិសនីជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមមួយចំនួនទៀតនៅតែបន្តដោះស្រាយជាជំហានៗ ដោយបានណែនាំឱ្យធ្វើលិខិតស្នើសុំទៅកាន់ស្ថាប័នពាក់ព័ន្ធដើម្បីសម្របសម្រួល។
លោក ឌី រ៉ាដូ មានប្រសាសន៍ថា ជុំវិញកិច្ចការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធ លោកបានណែនាំឱ្យផ្អាកការរុះរើជាបណ្ដោះអាសន្នសិន ដោយត្រូវរង់ចាំការប្រកាសបច្ចេកទេសឱ្យបានច្បាស់លាស់សិន ដើម្បីជៀសវាងកុំឱ្យមានផលប៉ះពាល់ដល់ការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទាក់ទងនឹងបញ្ហាដីធ្លី សូមឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅដាក់ពាក្យស្នើសុំនៅច្រកចេញចូលតែមួយនៃសាលាខេត្ត ដោយត្រូវភ្ជាប់មកជាមួយនូវប្រវត្តិកាត់ដី និងឯកសារពាក់ព័ន្ធផ្សេងៗ។ ចំពោះការបង់ថ្លៃសេវា គឺនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការផ្ទៀងផ្ទាត់ឯកសាររួចរាល់ជាស្ថាពរ។ ដើម្បីធានាប្រសិទ្ធភាពការងារនេះ អាជ្ញាធរនឹងរៀបចំកិច្ចប្រជុំថ្នាក់ក្រុង-ស្រុក ដើម្បីពន្លឿនការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។
លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យអាជ្ញាធរឃុំប្រញាប់រៀបចំរបាយការណ៍លម្អិត បញ្ជូនទៅកាន់ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក៕SRP
អត្ថបទ៖ លោក ទុំ សាមុត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ